លោកដួង ឆាយ មិនត្រឹមស្នើសុំបញ្ចប់គោរមងារ ជា«ឧកញ៉ា»ប៉ុណ្ណោះទេ? លោកឌួងឆាយ អាចប្រឈមនិងទោស បទល្មើសព្រហ្មទណ្ឌប្រព្រឹត្តជាក់ស្តែង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកដួង ឆាយ មិនត្រឹមស្នើសុំបញ្ចប់គោរមងារ ជា«ឧកញ៉ា»ប៉ុណ្ណោះទេ? លោកឌួងឆាយ អាចប្រឈមនិងទោស បទល្មើសព្រហ្មទណ្ឌប្រព្រឹត្តជាក់ស្តែង

ភ្នំពេញ៖ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ពិតជាបានមើលឃើញយ៉ាងច្បាស់ ពីសកម្មភាពអំពើហិង្សាដែលប្រព្រឹត្តដោយឧកញ៉ា ដួង ឆាយ ទៅលើអតីតភរិយា បង្ហាញពីភាពឃោរឃៅ សាហាវយង់ឃ្នង និងប្រើប្រាស់កាំភ្លើងប្រមាថបាញ់សម្លាប់ភរិយាចោល នៅចំពោះមុខកូនតូចៗស្រែកទ្រហោយំ កងរំពង មើលទៅបុគ្គលរូបនេះស្មើចាត់ទុកកម្ពុជា ជាប្រទេសគ្មានច្បាប់។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏មានប្រសាសន៍លើកឡើងថា, “ហេតុ​អី​ដួង​ ឆាយ​ ឃោរឃៅ​ដល់កំរឹតនេះ​ ?”។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ, លោកស្រី ម៉ាន ចិន្តា  រដ្ឋលេខាធិការ ទទួលបន្ទុកព័ត៌មាន និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រីនៃក្រសួងកិច្ចការនារី បានលើកឡើងថា «បន្ទាប់បានវីដេអូនេះ យើងមានការអាណិតអាសូរដល់ជនរងគ្រោះ ហើយក៏មានការភ្ញាក់ផ្អើល, យើងកំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធលើករណីនេះ»។គួរបញ្ជាក់ថា នៅថ្ងៃទី១៥  ខែមីនា លោកស្រី ដេត ម៉ាលីណា អតីតភរិយាលោកឧកញ៉ា ឌួង ឆាយ បានបង្ហោះវីដេអូពីកាមេរ៉ាសុវត្ថិភាព នៅលើបណ្តាញសង្គម Facebook ស្តីពីសកម្មភាពប្រើប្រាស់អំពើហិង្សា របស់លោកឧកញ៉ា ឌួង ឆាយ ទៅលើរូបខ្លួន ភ្ជាប់ទៅនឹងចំណងជើង ដោយបង្ហាញការឈឺចាប់ ទាំងផ្លូវកាយ និងផ្លូវចិត្ត។លោកស្រី បានលើកឡើងថា «រយៈពេល១៣ឆ្នាំកន្លងមកនេះ គឺវាឆ្អែតគ្រប់គ្រាន់សម្រាប់រូបនាងខ្ញុំណាស់ពេកទៅហើយ ទាំងការប្រមាថ មាក់ងាយ ជេរស្តីរួមទាំងអំពើហិង្សា នៅក្នុងគ្រួសារ រហូតមានដល់យកកាំភ្លើង មកគម្រាមសម្លាប់ទៀតផង……។ល។»។

តាមរយៈវីដេអូ និងចំណងជើងនេះ បានធ្វើឲ្យមហាជន មានការអាណិតអាសូរយ៉ាងខ្លាំង លើលោកស្រី ដេត ម៉ាលីណា និងបង្ហាញការរិះគន់យ៉ាងចាស់ដៃ លើរូបឧកញ៉ា ឌួង ឆាយ ចំពោះការប្រើប្រាស់អំពើហិង្សានេះ ជាមួយនឹងកាំភ្លើងថែមទៀត។សូមបញ្ជាក់ថា, តាមរយៈវីដេអូប៉ុន្មានជា១ម៉ោងនេះ មន្ត្រីនគរបាលយុត្តិធម៌ តំណាងអយ្យការ និងស្ថាប័នពាក់ព័ន្ធ អាចចាត់ការក្នុងបទល្មើសព្រហ្មទណ្ឌ ទៅលើលោក ដួង ឆាយ ខណៈប្រើអំពើហិង្សាគ្រួសារក្នុងគ្រួសារ ចំពោះមុខកូនៗ នៅតូចៗ និងប្រើប្រាស់កាំភ្លើង។ ជាពិសេស ការប្រើប្រាស់អាវុធនេះ តើលោក ដួង ឆាយ មានច្បាប់អនុញ្ញាតដែរឬទេ ហើយនៅក្នុងអង្គភាពណា និងមានតួនាទីជាអ្វី ? បើជាជនសុីវិលហេតុអីមានអាវុធប្រើ ?ភាពឃោរឃៅនេះ ទោះសមត្ថកិច្ចមិនទាន់ឃាត់ខ្លួននៅឡើយ ក៏នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រសួងកិច្ចការនារី បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ជុំវិញអំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា ដែលបានបង្ហោះតាមបណ្តាញហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

ទន្ទឹមនេះ អំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើង ចំពោះមុខកូនស្រីប្រុសជាកុមារ ដោយផ្ទាល់ និង/ ឬ ដោយ ប្រយោលក្តី នឹងបង្កផលប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំងលើសតិអារម្មណ៍ បញ្ញាស្មារតី ព្រមទាំងការលូតលាស់ទាំងសុខភាព រូបរាងកាយ និងផ្លូវចិត្តរបស់កុមារ ជាពិសេស ការដិតដាមនូវអំពើហិង្សាធ្ងន់ធ្ងរ ជាកត្តាជំរុញឱ្យកុមារនឹងអាចក្លាយទៅជាអ្នកប្រើ ប្រាស់អំពើហិង្សានៅពេលដែលពួកគេធំដឹងក្ដី។ ផ្ទុយទៅវិញ ឪពុក ម្តាយ មានកាតព្វកិច្ចជួយសង្គ្រោះគ្នា ឧបត្ថម្ភគ្នាទៅវិញទៅមក និងធ្វើជាគំរូដល់កូនៗក្នុងការដោះស្រាយបញ្ហាតាមបែបអហិង្សា ព្រមទាំងមានកាតព្វកិច្ចចិញ្ចឹមបីបាច់ ថែរក្សា និងអប់រំកូនៗ ឱ្យ ក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិដោយគោរពតាមស្មារតីនៃច្បាប់ ប្រពៃណី និងទំនៀមទម្លាប់ ជាពិសេស ត្រូវចូលរួម លើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ។

ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារី សូមអំពាវនាវដល់ជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ អំពើរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើរំលោភបំពាន និងបៀតបៀនផ្លូវភេទគ្រប់ទម្រង់និងគ្រប់រូបភាពផ្សេងៗ និងអ្នកបានដឹងអំពីបទ ល្មើសអស់ទាំងនេះ ជាពិសេសស្រ្តីនិងកុមាររងគ្រោះ សូមកុំនៅស្ងៀមស្ងាត់និងលាក់ទុកបញ្ហាទាំងអស់នេះ។ ត្រូវបំបែកភាព ស្ងៀមស្ងាត់ ត្រូវស្វែងរកជំនួយ ការគាំទ្រនិងកិច្ចអន្តរាគមន៍ផ្សេងៗ តាមរយៈការរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចនៅ មូលដ្ឋានដែលនៅជិតបំផុត ឬមន្ទីរកិច្ចការនារីរាជធានី ខេត្តទាំង២៥។ បន្ថែមពីនេះ ក្រសួងកិច្ចការនារី សូមជម្រាបថា ក្រសួងកិច្ចការនារី បាននិងកំពុងផ្តល់សេវាសាធារណៈតាមរយៈ ផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងកិច្ចការនារី(https://web.facebook.com/mowa.gov.kh) ផងដែរ។

ដោយឡែកសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទូលស្នើសុំបញ្ចប់គោរមងារ «ឧកញ៉ា» ពី ឧកញ៉ា ឌួង ឆាយ។ ក្នុងនោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា, សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាតទូលថ្វាយព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាជ្រាបថា សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានធ្វើសំណើលេខ ២១០ លស ចុះថ្ងៃទី១៦ ខែមីនាឆ្នាំ២០២១ មកទូលព្រះបង្គំជាខ្ញុំ ដើម្បីស្នើសុំបញ្ចប់គោរមងារ ឧកញ៉ា ឧកញ៉ា ឌួង ឆាយ។

អាស្រ័យដូចបានក្រាបបង្គំទូលថ្វាយខាងលើ សូមព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាប្រោសប្រទានព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ ដោយព្រះរាជហឫទ័យអនុគ្រោះ។សូមព្រះករុណាជាទីគោរពសក្ការៈ ទ្រង់ព្រះរាជមេត្តាពីទូលព្រះបង្គំជាខ្ញុំ។សូមបញ្ជាក់ថា, លោក ដួង ឆាយ បានតាមអង្វរភរិយា ដើម្បីលុបវីដេអូនេះ ក្នុងនោះលោកដួង ឆាយ ព្រមទាំងបាននិយាយថា , ខ្លួនសុខចិត្តប្រគល់ព្រទ្យសម្បត្តិទាំងអស់ និងអំណាចមេបា ទៅឲ្យភរិយា ធ្វើយ៉ាងណាឱ្យលុបវីដេអូនោះចោល។ តាមរយៈការ Live ពីម្សិលមិញ លោកដួង ឆាយ បានបញ្ជាក់ថាខ្លួន ធ្វើកិច្ចសន្យានៅចំពោះមុខក្រឡាបញ្ជី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យភរិយារបស់គាត់លុបវីដេអូឃ្លីបដ៏សាហាវនោះ ។

ភរិយាគាត់ក៏បានឯកភាព ទើបគាត់យល់ព្រមប្រគល់ទ្រព្យសម្បត្តិទាំងអស់ និងអំណាចមេបាទៅឲ្យអតីតភរិយា។ផ្ទុយទៅវិញ ! ដោយសារតែអំពើនេះ វាបានបង្ហាញនូវភាពសាហាវឃោរឃៅ ទើបអតីតភរិយា មិនអាចលុបចោលបាន និងបង្ខំចិត្តបង្ហោះជាសាធារណៈ ស្វែងរកយុត្តិធម៌ ក្នុងប្រទេសរបស់ខ្លួន ដែលកំពុងគ្រប់គ្រងដោយច្បាប់។បើសិក្សាតាមរយៈផ្លូវច្បាប់ លោក ដួង ឆាយ មិនអាចរួចខ្លួនពីសំណាញ់ច្បាប់បានឡើយ, ទី១-ប្រើអំពើហិង្សាលើគ្រួសារ នៅចំពោះមុខកូនៗ តូចៗ ដែលត្រូវបានការពារដោយច្បាប់, ទី២-តើខ្លួនជាជនស៊ីវិល ឬសមត្ថកិច្ច បានមានសិទ្ធិប្រើប្រាស់អាវុធ ! បើជាជនស៊ីវិល ហេតុអី្វគាត់មានសិទ្ធិប្រើប្រាស់អាវុធ ! បើជាសមត្ថកិច្ច តើគាត់នៅអង្គភាពណា , មានតួនាទីជាអ្វី?ទី៣-ហេតុអ្វីក៏យកកាំភ្លើង មកគំរាមបាញ់សម្លាប់អតីតភរិយា នៅចំពោះមុខកូនតូចៗ បង្ហាញពីភាពកាច សាហាវ ឃោរឃៅ ដែលច្បាប់មិនត្រូវបានលើកលែងឡើយ៕















No comments:

Post a Comment

Pages