ភ្នំពេញ៖ ក្រោយពីក្រុមគ្រួសារ សាច់ញាតិ និងអ្នកលេង facebook បង្ហោះពីការបាត់ខ្លួនរបស់កុមារាម្នាក់ ដោយក្តីព្រួយបារម្ភនិងអន្ទះសារ ចំពោះការបាត់ដំណឹងនេះ! ចុងក្រោយសាកសពក្មេងប្រុសម្នាក់អាយុ ១០ ឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងគុម្ពព្រៃក្បែរផ្លូវធំមួយស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។សូមជម្រាបជូនថា, យោងតាមផេកហ្វេសប៊ុក អង្គភាពការពារកុមារ (Child Protection Unit) ចេញផ្សាយនៅព្រឹកថ្ងៃទី០៣ ខែមេសា ឲ្យដឹងថា, កាលពីម៉ោង៧យប់ថ្ងៃទី ៣១ ឪពុកម្តាយរបស់ក្មេង បានរាយការណ៍ទៅកម្លាំង សមត្ថកិច្ចខណ្ឌច្បារអំពៅបន្ទាប់ពីមិនឃើញកូនប្រុសរបស់គាត់វិលត្រលប់មកផ្ទះវិញ ក្រោយពីទៅលេងទាត់បាល់។
អង្គភាពការពារកុមារ (CPU) រួមជាមួយនឹងក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្កើតជាក្រុមការងារចម្រុះ CHARLIE21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីជំរិតសម្លាប់ទៅលើកុមារាឈ្មោះ ជា ផែនហេង។ មន្ត្រីស៊ើបអង្កេតបានបន្តការស៊ើបអង្កេត និងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពបន្ថែម ហើយសូមស្នើទៅដល់មហាជនដែលបានឃើញក្មេងនេះនៅជិតវត្តជ្រោយអំពិលកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ សូមមេត្តារាយការណ៍ទៅដល់កម្លាំងសមត្ថកិច្ច ឬអង្គភាពការពារកុមារ (CPU)។
តាមរយៈផេកខាងលើបានបន្តថា, ក្រុមការងារចម្រុះនឹងធ្វើគ្រប់យ៉ាង ថែមទាំងប្រើប្រាស់គ្រប់ធនធានដែល ដើម្បីកំណត់អត្តសញ្ញាណជនល្មើសទាំងឡាយដែលមានការពាក់ព័ន្ធក្នុងករណីឃាតកម្មទៅលើកុមារនេះ។
សមត្ថកិច្ចមិនទាន់ធ្វើការបញ្ជាក់អំពីការសម្លាប់កុមារខាងលើនេះ ក្នុងគោលបំណងអ្វី ឬជាឧក្រិដ្ឋកម្មជម្រិតណាមួយនៅឡើយទេ ។បើតាមសាក្សីបានប្រាប់ក្រុមគ្រួសារថា បានឃើញក្មេងរងគ្រោះជិះម៉ូតូឌុបមុនពេលបាត់ខ្លួន។ អង្គភាពការពារកុមារបានទទួលព័ត៌មាននៅថ្ងៃទី០១ ខែមេសា និងបានផ្តល់ជំនួយដល់កម្លាំងសមត្ថកិច្ចក្នុងការស្វែងរកកុមាររងគ្រោះ។
ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានចូលរួមពិនិត្យកន្លែងកើតហេតុ និងទាក់ទងជាមួយមន្ត្រីនគរបាលពីនាយកដ្ឋានព្រហ្មទណ្ឌ និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្ត នៃនគរបាលដ្ឋានរាជធានីភ្នំពេញ។អត្តសញ្ញាណសាកសពរបស់កុមាររងគ្រោះដែលបានបាត់ខ្លួន មានឈ្មោះ ជា ផែនហេង អាយុ១០ឆ្នាំ៕
No comments:
Post a Comment