កោះកុង ÷ កម្លាំងចម្រុះដឹកនាំដោយលោក ណឹម ភិរម្យ អភិបាលរងស្រុកកោះកុង នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានចុះពិនិត្យមើលទីតាំងដីចំនួន៥ទីតាំង ក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃ ស្រុកកោះកុង ដែលបានជីកដីភ្នំ វាយព្រៃ និងចាក់អាចម៍ដីរំលោភចំណីព្រែកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ យ៉ាងអាណាធិបតេយ្យ ដើម្បីកេងយកប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតគូរពីផលប៉ះពាល់ទៅលើធនធានធម្មជាតិ ឬផ្លូវច្បាប់នោះទេ ។
ជុំវិញការចុះពិនិត្យទីតាំងខាងលើ លោក ណឹម ភិរម្យ អភិបាលរងស្រុកកោះកុង បានទទួលស្គាល់ថា ជាលទ្ធផលម្ចាស់ដីចំនួន៥នាក់ ដែលមានឈ្មោះ តេង ប៊ុន ម៉ម សុថាវី (ប្រពន្ធលោក គិន ប៊ូកាន មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកោះកុង អ៊ឹម ផល កេត សុជាតិ និង ឈ្មោះ កេត វិចិត្រ ពិតជាបានរំលោភបំពានដីព្រៃភ្នំ និងចំណីព្រែកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋពិតប្រាកដមែន ពិសេសគឺការចាក់ដី និងកាយភ្នំខាងលើ គឺពុំមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនោះឡើយ ។
លោកអភិបាលរងស្រុកបានអោយដឹងទៀតថា ក្រោយការពិនិត្យក្រុមការងារបានសម្រេចអោយភាគីម្ចាស់ដីទាំង៥នាក់ខាងលើ ត្រូវរុះរើកញ្ចុះ ដែលបានសាងសង់ចូលលើចំណីព្រែកចេញទាំងអស់ ត្រូវកាយអាចម៍ដីចេញ ដោយរក្សាទុកចំណីព្រែក២០ម៉ែត្រ និងត្រូវដាំស្តាដើមឈើឡើងវិញដោយទុករយះពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែមេសានេះតទៅ និងមិនអនុញ្ញាតអោយភាគីម្ចាស់ដីខាងលើ ជីកកាយដីភ្នំ និងសាងសង់អ្វីលើចំណីព្រែកតាមចិត្តទៀតនោះទេ ហើយបើភាគីម្ចាស់ដីចង់សាងសង់ ឬធ្វើសកម្មភាពចាក់អាចម៍ដី ឬវាយព្រៃ នៅលើដីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ដែលទទួលស្គាល់ដោយអាជ្ញាធរនោះ គឺត្រូវសុំច្បាប់ជាមុនសិន ។
ប្រភពខាងលើបន្តថា ក្រោយធ្វើកិច្ចសន្យារួចប្រសិនបើភាគីម្ចាស់ដីនៅតែរឹងរូស មិនព្រមអនុវត្តតាមការណែរបស់អាជ្ញាធរស្រុកនោះទេ អាជ្ញាធរនិងរៀបចំបែបបទដាក់ពាក្យបណ្តឹងទៅអយ្យការសាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការទៅតាមនិតិវិធី ។ពាក់ព័ន្ធទៅលើបញ្ហារំលោភបំពានដីសាធារណៈរបស់រដ្ឋខាងលើ ក្រុមការងារយើងពុំអាចសុំការបំភ្លឺពីប្រពន្ធ លោក តេង ប៊ុន និង លោក គិន ប៊ូកាន មន្ត្រីមន្ទីរទេសចរណ៍ខេត្តកោះកុង ដែលជាប្តីលោកស្រី ម៉ម សុថាវី ដែលបានចូលរួមផ្ទាល់ជាមួយអាជ្ញាធរ បាននោះទេ ដោយសារពួកគាត់បានបដិសេធមិនព្រមផ្តល់បទសម្ភាសន៌ ៕
No comments:
Post a Comment