ភ្នំពេញ៖ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបែបនេះ បានធ្វើឡើងតាមរយៈសារលិខិតជូនពរ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៧៦ ថ្ងៃកំណើតនគរបាលជាតិ (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥- ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១)។សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ចាប់តាំងពីថ្ងៃរំដោះប្រទេសជាតិ ចេញពីយុគខ្មៅងងឹត នៃកម្ពុជាប្រជាធិបតេយ្យ ប្រទេសកម្ពុជាបានឆ្លងកាត់ នូវឧបសគ្គស្មុគស្មាញជាទីបំផុត ក្នុងដំណើរស្ដារ និងកសាងប្រទេស ដែលចាប់ផ្ដើមពីចំណុចសូន្យ រហូតមានការ អភិវឌ្ឍដូចពេលបច្ចុប្បន្ន។ ក្នុងដំណើរឈានទៅមុខលើមាគ៌ាដ៏វែងឆ្ងាយលំបាកលំបិននេះ កងកម្លាំងនគរបាលជាតិ បានចូលរួមជាមួយរាជរដ្ឋាភិបាលបង្កើតនូវសមិទ្ធផលជាច្រើនរាប់មិនអស់ ដោយបានបូជាសាច់ស្រស់ ឈាមស្រស់ ប្តូរយកភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
បើតាមសម្តេចតេជោ ហ៊ុន សែន ថ្វីត្បិតតែសព្វថ្ងៃនេះ មាតុភូមិរបស់យើងកំពុងក្រាលគ្របដោយសុខសន្តិភាព ក៏ប៉ុន្តែកងកម្លាំងនគរបាលជាតិ នៅតែបន្តបំពេញតួនាទីយ៉ាងសកម្មរួមចំណែកការពារសន្តិភាព ពង្រឹងស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រកបដោយស្មារតីស្នេហាជាតិ និងមាតុភូមិ។ ជាក់ស្ដែង នាឆ្នាំ២០២០ និងឆ្នាំ២០២១ នេះ បើទោះបីជាកម្ពុជា ប្រឈមយ៉ាងស្រួចស្រាលទៅនឹងវិបត្តិសុខភាពសាធារណៈ ដែលបណ្តាលមកពីការឆ្លងរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ក្តី ក៏ប៉ុន្តែតាមរយៈ នៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមុតស្រួច របស់កងកម្លាំងនគរបាលជាតិ បានធ្វើឲ្យបរិយាកាសសន្តិសុខសង្គម ជារួមមានភាពល្អប្រសើរ ដោយយើងបានការពារយ៉ាងរឹងមាំនូវខឿនសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី និងរក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ជាមួយគ្នានេះ កម្ពុជាបញ្ចៀសបាននូវអំពើភេរវកម្ម បង្ក្រាបទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ធានាបាននូវស្ថិរភាពសន្តិសុខផ្ទៃក្នុង រក្សាបានប្រក្រតីកម្មនៃកិច្ចដំណើរការស្ថាប័នកំពូលៗរបស់ជាតិ និងជីវភាពសង្គម ព្រមទាំងការពារប្រកបដោយសុវត្ថិភាពនូវគោលដៅនយោបាយ ការទូតសេដ្ឋកិច្ច វប្បធម៌ វិនិយោគ និងទេសចរណ៍។
ស្ថិតក្នុងកាលៈទេសៈប្រកបដោយហានិភ័យ នៃការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ កងកម្លាំង នគរបាលជាតិ បានចូលរួមយ៉ាងផុលផុស ជាមួយគ្រប់គណៈកម្មការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ការពារគោលដៅធ្វើចត្តាឡីស័ក មន្ទីរពេទ្យ ឬ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្រាវជ្រាវស្វែងរកបុគ្គលគេចវេសពីការព្យាបាល ឬការធ្វើចត្តាឡីស័ក ទប់ស្កាត់ការជ្រៀតចេញ-ចូលឆ្លងកាត់ព្រំដែនគេចវេសពីការធ្វើចត្តាឡីស័ក និងការដាក់ពង្រាយកម្លាំង អនុវត្តវិធានការហាមឃាត់ការឆ្លងកាត់ភូមិសាស្ត្ររវាងខេត្ត និងខេត្ត ក៏ដូចជាវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។
ឆ្នាំ២០២១ និងឆ្នាំ២០២២ ខាងមុខនេះ ស្របពេលដែលសង្គ្រាមប្រឆាំងជំងឺកូវីដ-១៩ នៅតែបន្ត និងពុំអាចកំណត់ពេលវេលាបញ្ចប់បានច្បាស់លាស់នោះ សភាពការណ៍សន្តិសុខសកលលោក ក៏នៅតែបន្តប្រែប្រួលស្មុគស្មាញ ពោរពេញដោយគ្រោះថ្នាក់ ហើយនឹងជះឥទ្ធិពលជាអវិជ្ជមានដល់បរិយាកាសសន្តិសុខនៅកម្ពុជា យើងជាក់ជាមិនខានឡើយ។ ក្នុងខណៈពេលដូចគ្នានេះដែរ កម្ពុជា នឹងត្រូវត្រៀមលក្ខណៈសម្បត្តិរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលជាគោលដៅនៃការប៉ុនប៉ងវាយប្រហារ របស់ក្រុមឧទ្ទាមក្បត់ជាតិ ដើម្បីបំផ្លាញកិច្ចដំណើរការនៃព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ។ ដូចនេះស្ថានការណ៍ នាពេលខាងមុខ ទោះបីតិច ឬច្រើន ផ្ទាល់ ឬប្រយោល សុទ្ធតែមានផលប៉ះពាល់ដល់សន្តិសុខផ្ទៃក្នុងយ៉ាងពិតប្រាកដ ដែលបញ្ហាទាំងអស់នេះ តម្រូវឲ្យកងកម្លាំងនគរបាលជាតិ បន្តពង្រឹងស្មារតីប្តេជ្ញាចិត្តខ្ពស់បំពេញកាតព្វកិច្ច ក្នុងនាមជាកម្លាំងស្នូល រក្សាឲ្យបាននូវស្ថិរភាពសន្តិសុខ ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវរាល់ឧបាយកល សកម្មភាពរបស់ក្រុមឧទ្ទាមក្បត់ជាតិ និងបក្ខពួក ដោយមិនឲ្យពួកគេសម្រេចផែនការទុច្ចរឹតទាំងនេះ បានជាដាច់ខាត។
ពិតណាស់កិច្ចការទាំងអស់នេះ គឺជាអម្រែកដ៏ធ្ងន់ធ្ងរ និងមានភាពស្មុគស្មាញសម្រាប់កងកម្លាំងនគរបាលជាតិ ប៉ុន្តែសម្តេចនៅតែមានក្តីសង្ឃឹម ប្រកបដោយសុទិដ្ឋិនិយមចំពោះមនសិការស្នេហាជាតិ មាតុភូមិ និងភក្តីភាពរបស់កងកម្លាំងនគរបាលជាតិ និងលើកទឹកចិត្តដល់បងប្អូនបន្តសកម្មភាព បង្កើតស្នាដៃ ប្រែក្លាយការប្រឈមទៅជា កាលានុវត្តភាព ដើម្បីបង្កើតនូវសក្ដានុពល រួមចំណែករក្សាសន្តិភាព និងភាពសុខសាន្តរុងរឿងជូនប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចបានសម្តែងនូវការដឹងគុណចំពោះបងប្អូន កូនចៅ ក្រុមគ្រួសារ នៃកងកម្លាំងនគរបាលជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានលះបង់ស្វាមី ភរិយា ឪពុក ម្តាយ បុត្រាបុត្រី ឲ្យចូលបំរើក្នុងជួរកងកម្លាំងនគរបាលជាតិ និងបានបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ព្រមទាំងបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពរបស់នគរបាលជាតិ តាំងពីដើមរហូតដល់ពេលបច្ចុប្បន្ន៕
No comments:
Post a Comment