ភ្នំពេញ៖កាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២១ ខ្ញុំបានចូលរួមកិច្ចប្រជុំជាមួយ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាប្រធាន “អគ្គលេខាធិការដ្ឋានប្រតិបត្តិនៃគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្រ្កាបការកាប់រាន ដុតឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើដើម្បីវាតយកដីធ្វើកម្មសិទ្ធិ” ក្នុងនោះយើងបានលើករណីសំណូមពរប្រជាពលរដ្ឋ ៣០គ្រួសារ ដែលកំពុងធ្វើស្រែអាស្រ័យផលក្នុងភូមិសាស្រ្តខាងលើ ដែលអនុក្រឹត្យលេខ ១៩៧ ឆ្នាំ ២០១១ បានកំណត់ថាជា(តំបន់៣) ដែលជាដីរដ្ឋត្រូវរក្សាទុកជាជម្រកត្រីពង។
ប្រជាពលរដ្ឋ ៣០គ្រួសារមានឯកសារទិញលក់ដីនៅទីតាំងខាងលើប្រមាណ ៣០០ហិកតា (៩០បណ្ណ) ក្នុងឆ្នាំ ២០០៦ ហើយបានធ្វើស្រែប្រាំងចិញ្ចឹមជីវិតរហូតមកដល់សព្វថ្ងៃ។ ក្រោយមកអាជ្ញាធរបានហាមឃាត់ពួកគាត់ដោយផ្អែកលើអនុក្រឹត្យ ១៩៧។ ប្រជាពលរដ្ឋបានខិតខំរកដំណោះស្រាយជាមួយអាជ្ញាធរខេត្តកន្លងមកដែរ ប៉ុន្តែគ្មានលទ្ធផល ទើបសម្រេចចិត្តដាក់ពាក្យគោរពសុំអន្តរាគមន៍មក សម្តេចតេជោនាយករដ្ឋមន្រ្តី។ កាលពីថ្ងៃ២១ កុម្ភះ ២០២១ ខ្ញុំបានចុះទៅដល់ទីតាំងដីនិងជួបប្រជាពលរដ្ឋដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្រ្តីកសិកម្មនិងជលផលខេត្ត។ ខ្ញុំបានធ្វើការសម្របសម្រួលពន្យល់ប្រជាពលរដ្ឋអោយបានយល់ច្បាស់ថានេះជាដីរដ្ឋដែលមិនអាចយកមកកាន់កាប់ធ្វើជាសម្បត្តិឯកជនបានឡើយ។ ប្រជាពលរដ្ឋបានទទួលស្គាល់ថាជាដីរដ្ឋក្រោមអនុក្រឹត្យ ១៩៧ពិតប្រាកដ។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក៏បានយល់ព្រមធ្វើកិច្ចសន្យា «ស្តីពីការបញ្ឈប់សកម្មភាពទន្រ្ទានដីរដ្ឋ» ។ នៅក្នុងកិច្ចព្រមព្រៀងនេះ ប្រជាពលរដ្ឋបានសំណូមពរបន្តធ្វើស្រែប្រាំងលើដីដែលពួកគាត់បាននឹងកំពុងធ្វើស្រែពីមុនមកដល់សព្វថ្ងៃ។ ពួកគាត់យល់ព្រមប្រគល់ដីជូនរដ្ឋវិញនៅពេលណាដែលរដ្ឋត្រូវការ។នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរជាតិខាងលើ ដែលមានរដ្ឋបាលខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ មន្រ្តីជលផល និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនទៀតនៅទីស្តីការក្រសួងកសិកម្មកន្លងទៅថ្មីៗនេះ គឺដើម្បីស្វែងរកដំណោះស្រាយសមស្របល្អមួយដែលប្រជាពលរដ្ឋអាចទទួលយកបាន ជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ដោយឡែក ខ្ញុំបានសំណូមពរអាជ្ញាធរជាតិផ្តល់ឱកាសអោយពលរដ្ឋបានបន្តធ្វើស្រែចិញ្ចឹមជីវិតនៅក្នុងរដូវប្រាំង។ ប៉ុន្តែនៅពេលណារដ្ឋត្រូវការដីវិញ គឺប្រជាពលរដ្ឋនឹងប្រគល់ជូនរដ្ឋវិញទាំងអស់ដោយគ្មានល័ក្ខ័ណ្ឌអ្វីឡើយ។ ខ្ញុំសូមបងប្អូនប្រជាពលរដ្ឋទាំង៣០គ្រួសាររក្សាភាពស្ងប់ស្ងៀម រងចាំទទួលសេចក្តីសម្រេចពីក្រសួងជំនាញលើសំណើនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀត សូមកុំកាប់ទន្រ្ទានដីព្រៃលិចទឹករបស់រដ្ឋ បើមិនដូច្នេះទេបងប្អូននឹងត្រូវប្រឈមចំពោះមុខច្បាប់ដោយខ្លួនឯងជាមិនខាន។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
No comments:
Post a Comment