ភ្នំពេញ៖លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអះអាងថា រហូតមកដល់ពេលនេះ គណៈកម្មការលទ្ធកម្មកំពុងធ្វើការសកម្មជាមួយគណៈកម្មការបច្ចេកទេស ដើម្បីពិនិត្យជំហានទី២ នៃផែនការយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ថាតើត្រូវចាក់ទៅលើកូនក្មេង ដែលមានអាយុចាប់ពីប៉ុន្មានឆ្នាំទៅប៉ុន្មានឆ្នាំ ហើយនៅក្នុងផែនការនេះ ក៏គិតពីប្រសិទ្ធភាពនៃវ៉ាក់សាំងផងដែរ។

ការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ ខណៈលោកស្រីអញ្ជើញទទួលវ៉ាក់សាំងចំនួន១លានដូស ដែលបញ្ជាទិញពីប្រទេសចិន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បញ្ជាក់យ៉ាងដូច្នេះថា៖ “ចំពោះផែនការ ដែលត្រូវចាក់ទៅលើកូនក្មេង យើងឃើញហើយថា ក្រុមហ៊ុនស៊ីណូវ៉ាក់ គាត់មានលទ្ធភាពនៅក្នុងការចាក់ជូនកូនក្មេង ប៉ុន្តែសម្រាប់នៅកម្ពុជា យើងចាក់ទៅលើចំណុចគោលដៅចាប់ពី១៨ឆ្នាំឡើងទៅ ធ្វើយ៉ាងណាឱ្យប្រព្រឹត្តទៅតាមផែនការរបស់រាជរដ្ឋាភិបាលសិន ហើយចំពោះវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលអាចចាក់ឱ្យកូនក្មេង យើងនឹងបន្តធ្វើការជាមួយក្រុមហ៊ុន Sinovac”។

បើតាមលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បញ្ហានេះ គណៈកម្មការលទ្ធកម្មកំពុងតែធ្វើការយ៉ាងសកម្មជាមួយគណៈកម្មការបច្ចេកទេស ដើម្បីពិនិត្យបញ្ជាក់ពិចារណាជំហានទី២ នៃផែនការយុទ្ធសាស្ត្រ នៃការចាក់វ៉ាក់សាំងនេះ ថាតើត្រូវចាក់ទៅលើកូនក្មេង ចាប់ពីអាយុប៉ុន្មានទៅដល់ប៉ុន្មាន ហើយក៏ត្រូវគិតពីប្រសិទ្ធភាពនៃវ៉ាក់សាំងផងដែរ នៅពេលចាក់ហើយតើមានប្រសិទ្ធភាពក្នុងកម្រិតណា៕
No comments:
Post a Comment