ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយពីតារាចម្រៀងអុីណូ ដែលកំពុងតែល្បីល្បាញក្នុងការងារសិល្បៈ និងទើបតែប្រកាសក្លាយខ្លួនជាម្ចាស់ការាសលក់រថយន្តដែលឮថាបានចាយទុនខ្ទង់លានដុល្លារនោះ ពេលនេះបែរជាត្រូវរងការចោទប្រកាន់ពីបុរសស្ត្រីពីរនាក់ថាលោកអុីណូបានខ្ចីប្រាក់ពួកគាត់មួយម៉ឺនដុល្លារមិនព្រមសងដោយបានទាំងចេញសែកស្អុយ រួមទាំងខកខានក្នុងការបង់ការប្រាក់ជាច្រើនខែកន្លងមកហើយ។ ការភ្ញាក់ផ្អើលដ៏មិនគួរឱ្យជឿនេះបានកើតឡើងកាលពីរាត្រីថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០២១កន្លងមកនេះ ក្រោយពីបុរសស្រ្តី២នាក់បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានដោយមានការផ្សាយបន្តផ្ទាល់ពីខាងមុខហាងលក់រថយន្តរបស់តារាចម្រៀងនេះផ្ទាល់នៅក្នុងសង្កាត់ភ្នំពេញថ្មីនោះតែម្តង។
បុរសនិងស្ត្រីខាងលើបានលើកឡើងថា លោកអុីណូដែលធ្លាប់ជាមិត្តភក្កិនឹងគ្នានោះបានព្យាយាមគេចវេះមិនព្រមសងប្រាក់ចំនួនមួយម៉ឺនដុល្លារអាមេរិក ហើយ មិនបានបង់ការប្រាក់រយៈពេល៩ខែមក ហើយ ពេលនេះបានចេញទាំងសែកស្អុយគ្មានសាច់ប្រាក់ឲ្យគាត់ទៅបើកនៅធនាគារធ្វើឲ្យលោកខ្មាសគេខ្លាំងណាស់។ បុរសស្ត្រីខាងលើបានប្រើប្រាស់ពាក្យសម្តីប្រមាថធ្ងន់ៗទៅលើតារាចម្រៀងអុីណូថាបានបោកប្រាស់ទំនុកចិត្តនិងលើកឡើងថា ការខ្ចីប្រាក់នោះមានឯកសារ និងការដឹងឮគ្រប់គ្រាន់ពីមេធាវីផងដែរ។ ទោះជាយ៉ាងណារឿងនេះបានធ្វើឲ្យទស្សនិកជនស្រឡាំងកាំងនិងមិនគួរឲ្យជឿសោះថា ជាតារាចម្រៀងល្បី ថៅកែការាសលក់រថយន្តទាំងមូលបែរជាគ្មានលទ្ធភាពរកប្រាក់មួយម៉ឺនដុល្លារបង្វិលសងទៅកាន់ម្ចាស់បំណុលនោះទៅវិញ ពិសេសថ្មីៗនេះលោកទើបនឹងឡើងកម្មវិធីទូរទស្សន៍ដោយបានលើកឡើងពីភាពជោគជ័យរបស់ខ្លួនបង្ហាញឲ្យទស្សនិកជនបានដឹងផងដែរ។
ក្នុងគ្រាដែលផ្តល់បទសម្ភាសន៍ផ្សាយផ្ទាល់នោះដែរ លោក អុីណូ ក៏បានបង្ហាញមុខ និងទទួលស្គាល់ថា លោកពិតជាជំពាក់ប្រាក់គេចំនួនមួយម៉ឺនដុល្លារប្រាកដមែន ប៉ុន្តែជាការខ្ចីពីបុរសម្នាក់ដែលនៅសហរដ្ឋអាមេរិកនិងជាបងប្រុសរបស់បុរសដែលចេញមុខខាងលើនោះគ្រាដែលលោកបានទិញរថយន្ត។ លោកថា លោកក៏បានភ្ជាប់ទំនាក់ទំនងទៅកាន់បុរសម្ចាស់លុយនោះដើម្បីសុំពន្យារពេលព្រោះតែលោកត្រូវដោះស្រាយលក់ដីនៅខេត្តបាត់ដំបង ហើយលោកនឹងដោះស្រាយថវិកាទៅកាន់ម្ចាស់បំណុលនៅថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២១នេះឱ្យគ្រប់ចំនួនទាំងដើមទាំងការ។ លោកថាពិតជាភ្ញាក់ផ្អើលសម្រាប់រឿងនេះព្រោះតែលោកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសង ហើយលោកមិនទាន់ដឹងច្បាស់ពីគោលបំណងនេះនៅឡើយ រហូតលោកអុីណូលើកឡើងថា លោកសង្ស័យថាជាករណីនៃការធ្វើស៊ីណាមួយនោះ។ទោះជាយ៉ាងណាករណីនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គម និងបានក្លាយជាប្រធានបទនៃការវែកញែកថែមទៀតផង ហើយគេរង់ចាំមើលដែរថាតើរឿងនេះនឹងក្លាយទៅជាយ៉ាងណា៕
No comments:
Post a Comment