បាត់ដំបង៖លោកវរសេនីយ៍ឯក យឹម វិចិត្រ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៨២៣ ប្រចាំស្រុកសំឡូត ត្រូវបានលោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចេញលិខិតបង្គាប់ការ និងបានចុះប្រកាសនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះ។ ជុំវិញករណីប្រើហិង្សាទៅលើ នាយផ្នែកភស្តុភា កណ្តាលចំណោមមនុស្ស ដែលជាការប្រមាថ និងមើលងាយយ៉ាងធ្ងន់ធ្ងរដល់មន្ត្រីនគរបាលក្រោមឱវាទ។
គួរបញ្ជាក់ថា ថ្មីៗនេះមានករណីហិង្សាមួយបានកើតឡើងនៅក្នុងទីតាំងវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨២៣ ផ្ទាល់តែម្តង ដោយនៅព្រឹកនោះ ក៏មានមន្ត្រីប៉ូលិសយ៉ាងច្រើនកុះករ ដែលត្រៀមចូលរួមក្នុងកិច្ចប្រជុំគណបញ្ជាការកងឯកភាពស្រុកសំឡូត ក្រោមអធិបតីភាពលោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ក្នុងទិសដៅការពារ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ឯអ្នកបង្ក គឺជាលោកវរសេនីយ៍ឯកយឹម វិចិត្រ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨២៣ ផ្ទាល់តែម្តង ដែលបានវាយទៅលើលោកនាយផ្នែកភស្តុភា ទាំងកណ្តាលចំណោមមនុស្ស ដែលជាទង្វើមួយក្នុងការមើលងាយ និងប្រមាថយ៉ាងខ្លាំងដល់មន្ត្រីក្រោមឱវាទ។ទីបំផុតលោកវរសេនីយ៍ឯក យឹម វិចិត្រ ក៏ត្រូវបានការិយាល័យបុគ្គលិក កោះហៅឲ្យចូលខ្លួនដើម្បីសាកសួរ ហើយលោកក៏បានសារភាពថា ពិតជាបានវាយទៅលើបុគ្គលនោះផងដែរ គឺនៅពេលនេះ ការិយាល័យកំពុងរង់ចាំយោបល់ និងការសម្រេចពីលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង។
នៅព្រឹកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១ នេះ ស្នងការខេត្តបាត់ដំបងបានសម្រេចចេញលិខិតបង្គាប់ការមួយដកលោក យឹម វិចិត្រ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៨២៣ ដោយផ្អាកការងារជាបណ្តោះអាសន្ន និងប្រគល់ភារកិច្ចបណ្តោះអាសន្ន ជូនលោក វរសេនីយ៍ទោ មាស មឿន ដែលជាមេបញ្ជាការរងឲ្យទទួលដឹកនាំវរសេនាតូច នគរបាលការពារព្រំដែនគោក លេខ ៨២៣ រហូតដល់មានការសម្រេចជាថ្មី៕
No comments:
Post a Comment