ភ្នំពេញ៖ លោកសុន សុភ័ន្ត ដែលជាអតិថិជនប្រេីប្រាស់សេវាកម្មទូរស័ព្ទក្រុមហ៊ុន SMART (ស៉ឹមកាត) បានសម្រេចដាក់ពាក្យប្តឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគបាលជាតិ ដោយចោទប្រកាន់ក្រុមហ៊ុនស្មាត(SMART) ថា៖ បានលួចលក់លេខទូរស័ព្ទរបស់គាត់ ដែលកំពុងប្រើប្រាស់រាល់ថ្ងៃឲ្យទៅបុគ្គលផ្សេងទៀត ដែលមិនមែនជាម្ចាស់កម្មសិទ្ធផ្ទាល់យកទៅប្រើប្រាស់ផ្ទុយពីច្បាប់ ហើយធ្វើទាំងបំពានអតិថិជន។ចំពោះការលើកឡើងបែបនេះរបស់លោក សុន សុភ័ន្ត បានធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បន្ទាប់ពីរូបគាត់ ចេញពីដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគបាលជាតិ ដេីម្បីឲ្យសមត្ថកិច្ចស្វែងរកយុត្តិធម៍ជូនគាត់។
លោកស៊ុន សុភ័ន្ត អាយុ ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ខេ. អ. អិន. អេ រចនា ប្រដាក់ ឯ.ក (កាវវិទ្យាសាស្រ្ត) តួនាទីជាប្រធានផ្នែកទីផ្សារ គ្រប់គ្រងទូទាំងប្រទេសកម្ពុជា បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានអោយដឹងថា៖ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ លោកបានចេញទៅបើកលុយតាមប្រព័ន្ធវីង ប៉ុន្តែបែរជាម្ចាស់វីង ប្រាប់គាត់ថាមិនអាចដកលុយបានទៅវិញ ដោយម្ចាស់វីង ប្រាប់បន្ថែមថា លេខទូរស័ព្ទរបស់គាត់ត្រូវបានផ្តាច់ចេញពីស៊ីមកាត ឆែកមិនចេញលេខនោះទេ។ ភ្លាមៗនោះគាត់ក៏បានទូរស័ព្ទទៅប្រាប់ឲ្យម្ចាស់លុយដែលផ្ញើរមកឲ្យគាត់តាមលេខទូរស័ព្ទនេះប្រញាប់ទៅដកលុយចេញវិញ ពីព្រោះក្លាចមានជនខិលខូចលួចលេខទូរស័ព្ទរបស់គាត់ទៅប្រើប្រាស់ខុសផ្លូវច្បាប់ ខណៈលេខទូរស័ព្ទនេះ គឺគាត់បានយកអត្តសញ្ញាណប័ណ្ណរបស់គាត់ភ្ជាប់ជាមួយ ទេីបអាចទិញលេខនេះបាន។
លោកស៊ុន សុភ័ន្ត បានបន្ថែមទៀតថា បន្ទាប់ពីមានករណីនេះភ្លាមនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រូបគាត់បានទៅដល់ក្រុមហ៊ុនស្មាត ( SMART) ដើម្បីឲ្យក្រុមហ៊ុនឆែកមើលលេខទូរស័ព្ទនេះ ដោយសារតែគាត់ឆ្ងល់ថា ហេតុអ្វី? បានជាក្រុមហ៊ុនផ្តាច់លេខទូរស័ព្ទរបស់គាត់ ខណៈដែលលេខទូរស័ព្ទមួយនេះគាត់កំពុងប្រើប្រាស់រាល់ថ្ងៃ ហើយបែរជាមានអ្នកផ្សេងប្រើប្រាស់លេខនេះទៅវិញ។ ក្រោយមកខាងបុគ្គលិកក្រុមហ៊ុនស្មាត ក៏បានចេញមកជួបគាត់នឹងធ្វើការចរចារគ្នាមួយសន្ទុះផងដែរ ដោយរូបគាត់ បានប្រាប់ទៅខាងក្រុមហ៊ុនស្មាត(SMART) ឲ្យទៅបិទលេខនេះជាបន្ទាន់ ខណៈដែលលេខមួយនេះជាលេខដែលគាត់បានភ្ជាប់គណនេយ្យអេប៊ីអេ(ABA)ហ្វេសប៊ុក(Facebook)ប្រព័ន្ធតេលេក្រាម (Telegram)ផ្ទាល់ខ្លួន ឯកសារសំខាន់ផ្សេងៗទៀតជាមួយក្រុមហ៊ុនផងដែរ ។
លោកសុន សុភ័ន្ត បានបន្ថែមឲ្យដឹងទៀតថា លេខទូស័ព្ទរបស់គាត់មួយខ្សែរនេះ គឺគាត់បានទិញពីក្រុមហ៊ុនស្មាត យកមកប្រើប្រាស់អស់រយៈពេលជាងមួយឆ្នាំមកហើយ ដោយបានយកអត្តសញ្ញាណប័ណ្ណរបស់គាត់ទៅភ្ជាប់ពេលទិញផងដែរ។ លោក បន្តថា ដោយសារខ្លាចមានពាក់ព័ន្ធនិងផ្លូវច្បាប់ ទើបនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ក៏បានទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគបាលជាតិ ដើម្បីឲ្យសមត្ថកិច្ចជំនាញជួយស្រាវជ្រាវ និងមានវិធានការចំពោះបុគ្គលិក និងក្រុមហ៊ុនស្មាត(SMART) ដែលបានធ្វើសកម្មភាពទាំងនេះតាមច្បាប់ជាធរមាន។សូមបញ្ជាក់ថា?ខាងក្រុមហ៊ុនស្មាត(SMART) នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះតាមទូរស័ព្ទ ខាងក្រុមហ៊ុនបានប្រាប់ថាឲ្យដឹងថា៖ ជាក់ស្តែងខ្ញុំបានឃើញអតិថិជន ឈ្មោះ សុន សុភ័ន្ត បានមកក្រុមហ៊ុនស្មាតសប ខាងសៀមរាបម្តង និងមកខាងស្មាតសបនៅភ្នំពេញម្តង ខាងខ្ញុំក៏បានទាក់ទងទៅខាងគាត់ដែរ ដើម្បីខាងក្រុមហ៊ុនបើកលេខឲ្យទៅគាត់វិញ និងសេីបអង្គេតបុគ្គលណាដែលលក់លេខនោះពិតមែន និងចាត់ការតាមផ្លូវច្បាប់។
ប៉ុន្តែជាក់ស្តែងខាងគាត់អត់មកដោះស្រាយជាមួយក្រុមហ៊ុនសោះ ហើយគាត់ថាខាងក្រុមហ៊ុនលក់លេខគាត់។និយាយទៅគោលការក្រុមហ៊ុនមិនមែនការលក់ស៊ីមរបស់អតិថិជនដែលកំពុងប្រើប្រាស់ទៅឲ្យអ្នកផ្សេងនោះទេគឺខុសទាំងស្រុង ហេីយប្រសិនបើមានពិតមែនខាងក្រុមហ៊ុននិងបញ្ឈប់បុគ្គលិកនោះភ្លាម។ ជុំវិញករណីខាងលេីនេះ ពាក់ព័ន្ធរឿងអតិថិជនដែលទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងកានគបាលជាតិ វិញ ខាងក្រុមហ៊ុនស្មាត(SMART) បានប្រាប់ថា ខាងក្រុមហ៊ុនមិនមានអ្វីគឺរង់ចាំដោះស្រាយជាមួយនិងអាជ្ញាធរតាមផ្លូវច្បាប់ព្រោះខាងក្រុមហ៊ុនក៏មានច្បាប់ត្រឹមត្រូវដែរ។សូមបញ្ជាក់ផងដែរថា, បើកខាងក្រុមហ៊ុន SMART បានលក់លេខទូរស័ព្ទរបស់អតិថិជន ដែលបានទិញមានអត្តសញ្ញាណប័ណ្ណច្បាស់លាស់ គឺជាអំពើល្មើសច្បាប់ ដូច្នេះសមត្ថកិច្ចគួរមានវិធានការស្រាវជ្រាវស៊ើបអង្កេតក្នុងរឿងនេះ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់អតិថិជន៕
No comments:
Post a Comment