ខេត្តសៀមរាប៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការ ងារចុះមូលដ្ឋានខេត្តសៀមរាប បានលើក ឡើងថា បញ្ហាសុខភាពសាធារណៈដ៏ធំនៅក្នុងប្រទេស តំបន់ និងពិភពលោក គ្មាននរណាម្នាក់មានសុវត្ថិភាពឡើយ មានតែការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទេ ដែលធ្វើឱ្យមានសុវត្ថិភាព និងប្រសិទ្ធភាពប្រឆាំងជំងឺកូវីដ១៩ និងជាឧបករណ៍ដ៏សំខាន់សម្រាប់គ្រប់គ្រងការរាតត្បាត រួមជាមួយ នឹងវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ និងវិធានការផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល ដែលបានដាក់ ចេញ។
ការលើកឡើងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ក្នុងឱកាសដែលសម្តេចបានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាការងារត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករនិយោជិតនៅខេត្តសៀមរាប តាមប្រព័ន្ធវីដេអូ Zoom។នៅក្នុងកិច្ចប្រជុំនេះ ក៏មានវត្តមាន នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានក្រុមប្រតិបតិ្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្រសួងការពារជាតិ,លោក ទៀ សីហា អភិបាលខេត្តសៀមរាប អភិបាលរងខេត្តសៀមរាប លោក លោកស្រី អភិបាលក្រុង ស្រុកទាំង១២ មន្ទីរស្ថាប័នពាក់ព័ន្ធ ព្រម ទាំងប្រធានក្រុមការងារចុះមូលដ្ឋានក្រុង ស្រុកទាំង១២ ផងដែរ។
នៅក្នុងពិធីបើកកិច្ចប្រជុំ សម្តេចពិជ័យសេនា ទៀ បាញ់ បានជម្រាបជូនថា ការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ បានធ្វើឱ្យកម្ពុជាទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ហើយនាពេលថ្មីៗនេះ ថែមទាំងមានមេរោគបំប្លែងថ្មី -Delta Delta-Plus ថែមទៀត ក្នុងនោះក៏មានខេត្តសៀមរាបកំពុងទទួលការរីករាល ដាលជំងឺកូវីដ១៩នេះ កួរកត់សម្គាល់ផងដែរ។សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ ធ្ងន់ថា៖ «ទោះបីរាជរដ្ឋាភិបាលបានខិតខំចាត់វិធានការទប់ស្កាត់គ្រប់បែបយ៉ាងក្តី ក៏ប៉ុន្តែការរីករាលដាលនៅមានភាពស្មុគ ស្មាញ រហូតមកដល់បច្ចុប្បន្ននេះបានធ្វើឱ្យប្រជាពលរដ្ឋឆ្លង និងស្លាប់ក្នុងព្រឹត្តិការណ៍នេះកាន់តែកើនឡើងគួរឲ្យមានការព្រួយបារម្ភ។
ប្រការនេះ បានបង្ហាញថា បញ្ហាសុខភាពសាធារណៈដ៏ធំនៅក្នុងប្រទេស តំបន់ និងពិភពលោក គ្មាននរណាម្នាក់មានសុវត្ថិភាពឡើយ មានតែការចាក់ក់សាំងកូវីដ១៩ទេ ដែលធ្វើឱ្យមានសុវត្ថិភាព និងប្រសិទ្ធភាពប្រឆាំងជំងឺកូវីដ១៩ និងជាឧបករណ៍ដ៏សំខាន់សម្រាប់គ្រប់គ្រងការរាតត្បាត រួមជាមួយនឹងវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងវិធានការផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញ»។
នៅក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជម្រាបជូនអង្គប្រជុំជ្រាបពីផែនការប្រើប្រាស់ក្រុមគ្រូពេទ្យ ក្រុម បច្ចេកទេសពាក់ព័ន្ធ ព្រមទាំងឧបករណ៍ សម្ភារៈ និងមធ្យោបាយគ្រប់ប្រភេទ ដែលត្រូវចុះយុទ្ធនាការនៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ជាមួយគ្នានេះ លោក ទៀ សីហា ក៏បានរាយការណ៍ពីការងារត្រៀមរៀបចំគ្រប់ផ្នែកសម្រាប់សហការជាមួយក្រុមប្រតិបតិ្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដំណើរការចាក់វ៉ាក់សាំងឱ្យសម្រេចបានជោគជ័យតាមផែនការ។
នៅក្នុងកិច្ចបិទប្រជុំ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានផ្តល់វ៉ាក់ សាំងជូនខេត្តសៀមរាប បានទាន់ពេលវេលាក្នុងពេលខេត្តកំពុងរងការរីករាលដាលជំងឺកូវីដ១៩ គួរឱ្យមានការព្រួយបារម្ភ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូពេទ្យ នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្រសួងការពារជាតិ ដែលបានសហការជាមួយរដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្នុងការត្រៀមរៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅខេត្តសៀមរាបយើងនេះ៕
No comments:
Post a Comment