សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ភ្នំពេញ៖នៅរាត្រី ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយនៅរាត្រីនេះ វ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលដឹកមកកម្ពុជានាពេលនេះ មានចំនួន ៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត។ឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ( MIKAMI Masahiro ) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថាការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ 

ឯកឧត្តម បានបង្ហាញក្តីសង្ឃឹមថា ជំនួយវ៉ាក់សាំងនេះ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា។ ឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក៏ដូចជាប្រជាជនជប៉ុនដែលតែងតែជួយដល់ប្រទេសកម្ពុជា ជាពិសេសអរគុណចំពោះការផ្ដល់អំណោយជាវ៉ាក់សាំង១លានដូសនាពេលនេះសម្រាប់រដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ 

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ថ្មីៗនេះ, រាជដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៦ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ ដែលក្នុងនោះរួមមាន៖ (១)បន្តទប់ស្កាត់ការនាំចូលនូវមេរោគកូវីដ-១៩ បំប្លែងថ្មី។ (២)កាត់បន្ថយទំហំតំបន់ឆ្លង និងចំនួនឆ្លងឱ្យមានកម្រិតទាប។ (៣)បន្តខិតខំព្យាបាលអ្នកឆ្លងឱ្យបានជាសះស្បើយ និងកាត់បន្ថយអត្រាអ្នកស្លាប់។( ៤)រុករក និងគ្រប់គ្រងករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ (៥)ការរៀបចំបូជាសពនិងបញ្ចុះសពអ្នកស្លាប់ឱ្យបានល្អប្រសើរ និង ។ (៦)ជំរុញយុទ្ធនាការចាក់វ៉ាក់សាំង ។

នៅរាត្រីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និង យុវវ័យ អាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ ហើយសម្តេចនឹងអញ្ជើញជាអធិបតីភាព បើកយុទ្ធនាការនេះនៅមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងនឹងនាំចៅៗរបស់សម្តេចដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ​ ទៅទទួលវ៉ាក់សាំង។ សម្តេចតេជោបានប្រកាសថាទោះបីតម្លៃណាក៏ដោយ កម្ពុជាត្រូវតែចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនប្រជាពលរដ្ឋឲ្យបានជោគជ័យ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងពាក់ព័ន្ធ បន្តអនុវត្តវិធានការសុខាភិបាល និងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បន្តទៀត និងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តវិធានការសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ និងស្រោចស្រង់សង្គមកម្ពុជាឡើងវិញនាពេលខាងមុខ៕











No comments:

Post a Comment

Pages