ខេត្តកំពង់ធំ ៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តកំពង់ធំ បានអោយដឹងថា, នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ជំនួបកិច្ចប្រជុំពិភាក្សាជាមួយក្រុមសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានសម្ពន្ធ័គ្រូពេទ្យសហភាពសហពន្ធ័យុវជនកម្ពុជា មុននឹងបើកយុទ្ធនាការទ្រង់ទ្រាយធំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន ស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃស្អែកនេះ។
ថ្លែងនៅក្នុងកិច្ចជំនួបពិភាក្សានោះផងដែរ លោក សុខ លូ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលចុះមកបំពេញបេសកកម្មចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំពេលនេះ។ លើសពីនេះទៅទៀត ដើម្បីអោយដំណើរការនៃការចាក់វ៉ាក់សាំងប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស ឯកឧត្តមបានហើយជំរុញដល់អាជ្ញាធរក្រុង/ស្រុក ត្រូវមានភាពម្ចាស់ការការទៅលើការផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន មកចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំនោះទេ ទៅតាមការកំណត់នៃកាលបរិច្ឆេទ របស់អាជ្ញាធរការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ការរៀបចំទីតាំងនៃការចាក់វ៉ាក់សាំង ជាពិសេសពាក់ព័ន្ធនឹងសេវាអ៊ីនធឺណិត ការរៀបចំកន្លែងស្នាក់នៅរបស់ក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ការរៀបចំរបៀបរៀបរយនៅពេលប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង និងបន្ទាប់ពីចាក់វ៉ាក់សាំងត្រូវឲ្យពួកគាត់សម្រាករយៈពេល ៣០នាទី នៅក្នុងមណ្ឌល អង្គុយត្រូវរក្សាគំលាតសុវត្ថិភាព មុននឹងឲ្យពួកគាត់ត្រឡប់ទៅលំនៅឋានវិញ ហើយការចាក់វ៉ាក់សាំងនេះត្រូវតែមានភាពច្បាស់លាស់។
ទន្ទឹមនឹងនោះដែរ លោក សុខលូ ក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ១៩ ដោយគោរពឲ្យបានតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ជាពិសេសអនុវត្តតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការការពារខ្លួនពីជំងឺកូវីដ-១៩ «៣ការពារ និង៣កុំ»៖ ៣ការពារគឺ (១)ពាក់ម៉ាស់ (២) លាងដៃជាប្រចាំ និង(៣) រក្សាគម្លាតសុវត្ថិភាព។៣កុំគឺ (១) កុំទៅកន្លែងមនុស្សកុះករ (២) កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និង (៣) កុំប៉ះពាល់ស្និទ្ធស្នាលគ្នា។
ជាចុងក្រោយលោក សុខ លូ អភិបាលខេត្តកំពង់ធំ សូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ជាពិសេស លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចាត់តាំងក្រុមការងារចុះមកបំពេញបេសកកម្ម ក្នុងការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំទាំងអស់ សូមគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំស្វះស្វែងរកជំនួយ ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ យកមកចាក់ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចជាក្នុងខេត្តកំពង់ធំ ក្នុងនោះខេត្តកំពង់ធំក៏បានទទួលវ៉ាក់សាំងនៅក្នុងខែកក្កដា ព្រមទាំងបើកយុទ្ធនាការទ្រង់ទ្រាយធំចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅថ្ងៃទី១២ ស្អែកនេះ ហើយនៅក្នុងខែសីហា ខាងមុខនេះ ខេត្តកំពង់ធំនឹងទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ បន្តចាក់ជូនបងប្អូនប្រជាពរដ្ឋទាំងអស់នៅក្នុងខេត្តកំពង់ធំ ក្រោមការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ដែលជាគុណបំណាច់ដ៏ធំធេងណាស់សម្រាប់ប្រទេសជាតិយើង៕
No comments:
Post a Comment