ខេត្តពោធិ៍សាត់ ៖ ការទន្ទ្រានយកដីកោរភ្នំនៅស្រុកវាលវែងខេត្តពោធ៌សាត់ ពីសំណាក់ជនខិលខូចមួយចំនួន មកពីតាមបណ្ដាលខេត្តផ្សេងៗ នៅតែបន្តធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ដោយករណីនេះ បើគ្មានចំណាត់ការក្ដៅទេនោះ ភ្នំទាំងអស់នឹងត្រូវរលាយបាត់រូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះជាក់ជាមិនខានឡើយ? ពីព្រោះនេះជាជម្រើសចុងក្រោយរបស់ពួកគេហើយ សូម្បីតែភ្នំក៏ពួកគេមិនទុកដែរ។
ដោយអនុវត្តតាមបទបញ្ជារបស់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោក ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារ ចុះទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងស្រុកវាលវែង បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបដូចភ្លៀងរលឹម។ ជាក់ស្ដែងប៉ុន្មានថ្ងៃមុននេះ លោកបានដឹកនាំកម្លាំងចម្រុះរួមមាន កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងកម្លាំងគណៈបញ្ជាការឯកភាពស្រុកវាលវែង សរុបប្រមាណជាង៥០នាក់ ចុះទប់ស្កាត់ជនខិលខូចដែលលួចកាប់រានដីព្រៃតាមជម្រេលជើងភ្នំ និងលើខ្នងភ្នំ នៅក្នុងតំបន់របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រឃុំក្រពើពីរ ស្រុកវាលវែង។
កម្លាំងសមត្ថកិច្ចក៏បានចុះប្រតិបត្តិការចំនួន០៤ទីតាំង ៖ ទី១- នៅចំណុចដារអិលភូមិក្រសាំងព្នៅ, ទី២- នៅចំណុចស្រែយក្ស ភូមិភូមិអូររំចេក, ទី៣- នៅចំណុចដំណាក់ពង្រភូមិស្មែត និងទី៤- នៅចំណុចស្មែតភូមិស្មែត ក្នុងភូមិសាស្ត្រឃុំក្រពើពីរនេះ។ កម្លាំងសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាហាមមិនឲ្យធ្វើសកម្មភាពលើទីតាំងដីដែលបានកាប់ឆ្ការ រួចបញ្ឈប់ការកាប់រានតទៅទៀត និងឲ្យដាំដើមឈើឡើងវិញ។ ជាមួយគ្នានេះ បានរុះរើខ្ទម និងបង្គោលរបងចោល ខ្លះទៀតកំណត់ពេលឲ្យរុះរើដោយខ្លួនឯងក្នុងរយៈពេល៧ថ្ងៃ ឬ១៤ថ្ងៃ ព្រមទាំងបានដកហូតឧបករណ៍រានដី និងឧបករណ៍ប្រើប្រាស់ខុសច្បាប់មួយចំនួនផងដែរ។
សរុបជាលទ្ធផលក្នុងរយៈពេលពេញមួយថ្ងៃនេះ យើងបានរុះរើកម្ទេចខ្ទមចំនួន១២ខ្នង, បង្គោលរបងចំនួន២៥០ដើម និងកម្ទេចឡធ្យូងចំនួន០១ ព្រមទាំងដកហូតរណាយន្ដតូចធំចំនួន០៣គ្រឿង, ម៉ាស៊ីនកាត់ស្មៅចំនួន០៣គ្រឿង កាំភ្លើងកែច្នៃចំនួន០១ និងបានធ្វើកិច្ចសន្យាអប់រំចំនួន០៣នាក់ ថែមទាំងធ្វើកិច្ចសន្យាឲ្យរុះរើខ្ទមដោយខ្លួនឯងចំនួន០២នាក់ផងដែរ។លោក ខូយ រីដា អភិបាលរងខេត្តមានប្រសាសន៍ថា ការចុះបង្ក្រាបនេះ អនុវត្តតាមចំណាត់ការដ៏ក្ដៅគគុករបស់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្នុងគោលបំណងទប់ស្កាត់ និងការពារធនធានធម្មជាតិរបស់យើង។
លោកបានកោតសរសើរដល់កម្លាំងចម្រុះទាំងអស់ ដែលសហការគ្នាបានល្អក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ ទោះបីត្រូវក្ដៅ ត្រូវភ្លៀង ផ្លូវលំបាកធ្វើដំណើរ ឡើងភ្នំចុះភ្នំ និងមានឧបសគ្គយ៉ាងណាក៏ដោយ ក៏នៅតែឈានជើងទៅមុខមិនរាថយឡើយ។ ចំណែកជនខិលខូចដែលមកកាប់ទន្ទ្រាននេះ ភាគច្រើនមកពីខេត្តផ្សេង តែបើខេត្តអ្នកពោធិ៍សាត់វិញ ទោះបីយ៉ាងណាក៏មិនទាន់មានអ្នកកោរភ្នំបែបនេះដែរ។ករណីការរានដីលើភ្នំនេះ ជាជម្រើសចុងក្រោយរបស់ពួកគេហើយ បើពុំមានការទប់ស្កាត់ទេភ្នំទាំងអស់ក្នុងស្រុកវាលវែង និងដូចភ្នំនៅខេត្តប៉ៃលិនជាក់ជាមិនខាន។ ក្រុមជនខិលខូចនេះបានលួចធ្វើសកម្មភាពនាពេលយប់ ខណៈពេលដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាប់រវាល់ទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងកំឡុងពេលជាងមួយឆ្នាំកន្លងមកនេះ។
គួរបញ្ជាក់ថា ព្រៃឈើ និងព្រៃភ្នំក្នុងស្រុកវាលវែង ពីមុនមកជាជម្រកសត្វព្រៃដ៏សុខសាន្ដ ប៉ុន្តែសព្វថ្ងៃនេះ បានបាត់អស់មួយចំនួនធំហើយ ឃើញមានតែសត្វស្វា និងសម្លេងសត្វទោចយំខ្លះៗតែប៉ុណ្ណោះ បើនៅតែបណ្ដោយឲ្យជនខិលខូចលួចកាប់ទន្ទ្រានតទៅទៀត នឹងបាត់បង់ធនធានធម្មជាតិ ទាំងព្រៃឈើ និងសត្វព្រៃតែម្តង។លោក ខូយ រីដា បានឲ្យដឹងថា ជនអគតិដែលតែងតែយកប្រជាជនធ្វើជាឈ្នាន់ ដើម្បីបំពេញមហិច្ឆតារបស់ខ្លួននោះ យើងកំណត់មុខសញ្ញាបានមួយចំនួនហើយ ហើយក៏បានរាយការណ៍ជូនទៅថ្នាក់លើផងដែរ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
No comments:
Post a Comment