តុលាការកម្ពុជាសម្រេចបង្កកអចលនទ្រព្យ និងគណនីធនាគាររបស់លោក សុធា អរុណ ដែលជាជនត្រូវចោទពីបទរំលោភសេពសន្ថវៈកុមារ និងឆបោក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

តុលាការកម្ពុជាសម្រេចបង្កកអចលនទ្រព្យ និងគណនីធនាគាររបស់លោក សុធា អរុណ ដែលជាជនត្រូវចោទពីបទរំលោភសេពសន្ថវៈកុមារ និងឆបោក

ភ្នំពេញ​៖ ជនត្រូវចោទពីបទរំលោភសេពសន្ថវៈកុមារ និងឆបោក លោក សុធា អរុណ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បង្កកអចលនទ្រព្យ និងគណនីធនាគារ កាលពីថ្ងៃច័ន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២១។ សកម្មភាពនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី លោក សុធា អរុណ ត្រូវបានបញ្ឈប់ការងារពីអង្គការសុវណ្ណកុមារ អ៊ិលអ៊ិលស៊ី កាលពីខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីមានការស៊ើបអង្កេតផ្ទៃក្នុងមួយ ដែលបានរកឃើញនូវភស្តុតាងនៃការធ្វើទារុណកម្ម ការរំលោភបំពានសេពសន្ថវៈ ការលួចបន្លំ អំពើពុករលួយ និងការកេងប្រវ័ញ្ចនៅមណ្ឌលកុមារកំព្រាមួយ ដែលលោកបានគ្រប់គ្រងអស់រយៈពេលជាង ១៦ ឆ្នាំកន្លងមក។

 ទ្រព្យសម្បត្តិដែលបង្កករួមមាន គណនីធនាគាររបស់លោកនៅ ធនាគារ អេស៊ីលីដា (Acleda Bank) ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (JTRUST Royal Bank) និងធនាគារ កាណាឌីយ៉ា (Canadia Bank)។ ទ្រព្យសម្បត្តិផ្សេងៗទៀតរួមមាន ដីជាច្រើនឡូត៍ និងវីឡារាប់លានដុល្លាររបស់លោកដែលមានបន្ទប់ខារ៉ាអូខេ និងអាងហែលទឹកដ៏ថ្លៃមួយ ដែលត្រូវបានគេចោទប្រកាន់ថា លុយដែលយកមកសាងសង់នោះ ជាមូលនិធិដែលបានលួចពីអង្គការសុវណ្ណកុមារ អ៊ិលអ៊ិលស៊ី។ លើសពីនេះទៀត អចលនទ្រព្យ និងគណនីធនាគាររបស់ លោកស្រី ពៅ ស្រីមុំ (ភរិយារបស់ លោក សុធា អរុណ) និង លោកស្រី ជាតិ ច័ន្ទ មរកត (បក្សពួករបស់ លោក សុធា អរុណ និងជាអតីតគណនេយ្យករនៅអង្គការសុវណ្ណកុមារ អ៊ិលអ៊ិលស៊ី) ក៏ត្រូវបានបង្កកផងដែរ។

អង្គការសុវណ្ណកុមារ អ៊ិលអ៊ិលស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដោយសប្បុរសជនមួយរូបគឺ អ្នកស្រី អេលីហ្សាប៊ែត ចនសុន (Elizabeth Johnson) ដែលជាសមាជិកមួយរូបនៃគ្រួសារស្ថាបនិករបស់ចនសុន & ចនសុន (Johnson & Johnson)។ បន្ទាប់ពីការបរិច្ចាគហិរញ្ញវត្ថុ និងការគាំទ្រដ៏ស្មោះស អស់រយៈពេល ១៦ ឆ្នាំ សម្រាប់សុខុមាលភាពរបស់ក្រុមកុមារកំព្រា និងកុមារដែលត្រូវបានគេបោះបង់ចោលនៅប្រទេសកម្ពុជា ក្រុមគ្រួសារ ចនសុន ពិតជាទទួលរងការខកចិត្តយ៉ាងខ្លាំង នៅពេលបានដឹងអំពីទង្វើដ៏អាក្រក់ ដែលរួមមានការរំលោភសេពសន្ថវៈ និងការកេងប្រវ័ញ្ច ដែលបានធ្វើឡើងដោយ លោក សុធា អរុណ និងបក្សពួករបស់លោក។ បណ្តឹងព្រហ្មទណ្ឌចោទប្រកាន់ទៅលើ លោក សុធា អរុណ និងបក្សពួករបស់លោកពាក់ព័ន្ធនឹងការកេងប្រវ័ញ្ច ការរំលោភសេពសន្ថវៈលើកុមារ និងការប្រើទារុណកម្ម ត្រូវបានដាក់បញ្ជូនទៅតុលាការកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៩ មកម៉្លេះ។

អ្នកស្រី ខារ៉ា ហេត (Kara Heide) អ្នកតំណាងមួយរូបពីក្រុមគ្រួសារ ចនសុន បានលើកឡើងថា “នេះជាសេចក្តីសម្រេចល្អមួយរបស់តុលាការកម្ពុជា ហើយនេះក៏បង្ហាញពីក្តីសង្ឃឹមនៃការស្វែងរកយុត្តិធម៌ក្នុងរឿងក្តីប្រឆាំងនឹង លោក សុធា អរុណ។ យើងខ្ញុំសូមធ្វើការកោតសរសើរចំពោះ លោក ចៅក្រម ហម ម៉េង សែ ទៅលើការសម្រេចមួយនេះ បន្ទាប់ពីមានភ័ស្តុតាងជាច្រើនដែលត្រូវបានដាក់បញ្ជូនទៅតុលាការនៃប្រទេសកម្ពុជា ពាក់ព័ន្ធនឹងការក្លែងបន្លំដែលមានទឹកប្រាក់រាប់លានដុល្លារអាមេរិក។ យើងខ្ញុំសង្ឃឹមថា ជំហានបន្ទាប់របស់តុលាការនឹងធ្វើការផ្តន្ទាទោស រួមទាំងការចាប់ជនឆបោក និងជនរំលោភបំពាន លោក សុធា អរុណ ដាក់ពន្ធធនាគារ និងមានការចេញបម្រាមហាមឃាត់ ជននេះមិនឱ្យមានទំនាក់ទំនងជាមួយកូនៗនៅអង្គការសុវណ្ណកុមារ អ៊ិលអ៊ិលស៊ី ឬ ស្ថាប័នផ្សេងៗទៀតដែលយកចិត្តទុកដាក់ចំពោះកុមារកម្ពុជា។

 យោងលើចំនួនភ័ស្តុតាងជាច្រើនដែលចោទប្រកាន់ទៅលើ លោក សុធា អរុណ យើងខ្ញុំជឿជាក់ថា ពេលនេះជាពេលដែលសមស្រមមួយដែលតុលាការកម្ពុជាត្រូវធានាថា យុត្តិធម៌ត្រូវបានអនុវត្ត។ បន្ថែមពីការចោទប្រកាន់ដែលមិនទាន់ត្រូវបានសម្រេចប្រឆាំងនឹង លោក សុធា អរុណ នេះ តុលាការហាក់ដូចមានការពន្យាពេលជាយូរមកហើយ លើករណីមួយដែលជាប់ពាក់ព័ន្ធនឹងការរំលោភបំពានយ៉ាងព្រៃផ្សៃមកលើកុមារ និងសកម្មភាពដ៏សាហាវឃោរឃៅរបស់ លោក សុធា អរុណ និងបក្សពួករបស់លោក ក្នុងករណីបង្អត់អាហារ និងការចាប់ឃុំឃាំងយុវជនពីររូបនៅអង្គការសុវណ្ណកុមារ អ៊ិលអ៊ិលស៊ី ក្នុងឆ្នាំ ២០១៧ ដោយខុសច្បាប់។”

“ចាប់តាំងពី អ្នកស្រី ចនសុន ចាប់ផ្តើមកម្មវិធីនេះមក ភស្តុតាងបង្ហាញថា លោក សុធា អរុណ បានលួចបង្វិលថវិកាឧបត្ថម្ភដោយខុសច្បាប់ ដែលថវិកាឧបត្ថម្ភទាំងនោះគឺជាថវិកាឧបត្ថម្ភសម្រាប់កុមារកំព្រា និងកុមារដែលត្រូវបានគេបោះបង់ចោល ហើយលោកក៏បានដំណើរការមណ្ឌលកុមារកំព្រាយ៉ាងតិចពីរកន្លែងផ្សេងទៀតនៅប្រទេសកម្ពុជា (មួយក្នុងចំណោមនោះគឺមណ្ឌលកុមារកំព្រានៅខេត្តព្រៃវែង ដែលត្រូវបានបើកការស៊ើបអង្កេតដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីមួយឆ្នាំកន្លងមក)។ លោក សុធា អរុណ និងបក្សពួករបស់លោក បានបង្ក និងបន្សល់នូវការប៉ះទង្គិចផ្លូវចិត្ត ដែលនៅតែដិតដាមក្នុងចិត្តរបស់យើងខ្ញុំជារៀងរាល់ថ្ងៃ។ យើងខ្ញុំមើលឃើញពីចំណាត់ការរបស់តុលាការកម្ពុជាក្នុងការបង្កកទ្រព្យសម្បត្តិរបស់លោកជាជំហានដំបូងក្នុងការស្វែងរកយុត្តិធម៌សម្រាប់កុមាររងគ្រោះជាច្រើនរូបក្រោមការដឹកនាំរបស់លោក សុធា អរុណ។”

“បច្ចុប្បន្ន អង្គការសុវណ្ណកុមារ អ៊ិលអ៊ិលស៊ូ ស្ថិតនៅក្រោមការគ្រប់គ្រងក្នុងបរិបទថ្មីមួយ ដែលកុមារត្រូវបានផ្តល់ការប្រឹក្សាជំនាញ និងទទួលបានសេវាកម្មគាំទ្របន្ថែម ដើម្បីដោះស្រាយជុំវិញអំពើរំលោភបំពាន និងរបួសផ្លូវចិត្តដែលពួកគេបានជួបប្រទះនាពេលកន្លងមក។ គណៈគ្រប់គ្រងថ្មីក៏បានផ្តួចផ្តើមកម្មវិធីថ្មីដែលមានអត្ថប្រយោជន៍ដល់អនាគតរបស់ពួកគេ ដើម្បីផ្តល់ភាពជាម្ចាស់ការដល់កុមារ រួមមានការបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់វប្បធម៌ ដូចជាសិល្បៈ និងតន្ត្រី និងកម្មវិធីអាហារូបករណ៍ថ្នាក់សាកលវិទ្យាល័យ សម្រាប់កុមារនៅពេលពួកគេបញ្ចប់មធ្យមសិក្សា។”

អង្គការសុវណ្ណកុមារ អ៊ិលអ៊ិលស៊ី បានសហការជាមួយដៃគូ ដើម្បីធានាសុវត្ថិភាពកុមារនៅក្នុងអង្គការ ធ្វើយ៉ាងណាដើម្បីឆ្លើយតបទៅនឹងបេសកកម្មដំបូងរបស់អង្គការពោលគឺ៖ “ដើម្បីបង្កើតបរិស្ថានមួយដែលផ្តល់នូវកន្លែងស្នាក់នៅដែលមានសុវត្ថិភាព និងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវបានគេបោះបង់ចោល ធ្វើយ៉ាងណាដើម្បីអាចផ្តល់ឱ្យកុមារអភិវឌ្ឍបានទាំងរាងកាយ សតិបញ្ញា អារម្មណ៍ និងស្មារតីប្រកបដោយសក្តានុពលពេញលេញរបស់ពួកគេ។”

អង្គការសុវណ្ណកុមារ អ៊ិលអ៊ិលស៊ី បានសហការជាមួយដៃគូ ដើម្បីធានាសុវត្ថិភាពកុមារនៅក្នុងអង្គការ ធ្វើយ៉ាងណាដើម្បីឆ្លើយតបទៅនឹងបេសកកម្មដំបូងរបស់អង្គការពោលគឺ៖ “ដើម្បីបង្កើតបរិស្ថានមួយដែលផ្តល់នូវកន្លែងស្នាក់នៅដែលមានសុវត្ថិភាព និងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារដែលត្រូវបានគេបោះបង់ចោល ធ្វើយ៉ាងណាដើម្បីអាចផ្តល់ឱ្យកុមារអភិវឌ្ឍបានទាំងរាងកាយ សតិបញ្ញា អារម្មណ៍ និងស្មារតីប្រកបដោយសក្តានុពលពេញលេញរបស់ពួកគេ។”












No comments:

Post a Comment

Pages