ក្នុងឆ្នាំ​២០២១នេះ តារា​ទាំង​២​ដួង​ ភ្លាត់​ខ្លួន​មួយ​ពព្រិច​ភ្នែក ធ្វើ​ឲ្យ​ខូច​ឈ្មោះ និង​ស្គាល់​រសជាតិ​ជាប់​ឃុំ​ទាំង​វ័យក្មេង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្នុងឆ្នាំ​២០២១នេះ តារា​ទាំង​២​ដួង​ ភ្លាត់​ខ្លួន​មួយ​ពព្រិច​ភ្នែក ធ្វើ​ឲ្យ​ខូច​ឈ្មោះ និង​ស្គាល់​រសជាតិ​ជាប់​ឃុំ​ទាំង​វ័យក្មេង

ភ្នំពេញ៖កើត​ចេញ​ពី​រឿង​ស្នេហា​ត្រីកោណ​ក្រៅ​ឆាក​ដូច​គ្នា តារា​សម្ដែង​ប្រុស យិត មាស​ឧស្សាហ៍ ហៅ​អេដវីន និង​ពិធី​ការិនី មាន ពេជ្រ​រីតា ហៅ​យូប៊ី បាន​ធ្វើ​ឲ្យ​ខ្លួន​ធ្លាក់​ប្រជាប្រិយភាព​មួយរំពេច​ក្នុង​នាម​ជា​តារា​ល្បី​ឈ្មោះ​ក្នុង​រង្វង់​សិល្បៈ​ខ្មែរ។ ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​នៅ​ពេល​នេះ គឺ​តារា​សម្ដែង​អេដវីន នៅ​បន្ត​ជាប់​ឃុំ រីឯ​កញ្ញា​យូប៊ី ត្រូវ​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព។យើង​មិន​ចង់​ប្រៀបធៀប​នូវ​សំណុំ​រឿង​២​ផ្សេង​គ្នា ទៅ​នឹង​បុគ្គល​ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​នោះ​ទេ ព្រោះ​រឿង​នីមួយៗ​មាន​ស្ថាន​ទម្ងន់​ទោស​ខុស​គ្នា ហើយ​ចៅក្រម​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​លើក​សំអាង​ហេតុ​ដើម្បី​ដោះ​បន្ទុក ឬ​ដាក់​បន្ទុក​លើ​បុគ្គល​ពាក់ព័ន្ធ។ ប៉ុន្តែ​អ្វី​ដែល​យើង​ចាប់​អារម្មណ៍​នោះ គឺ​តារា​ទាំង​២​ដួង ផ្ទុះ​ហិង្សា​កើត​ចេញ​ពី​ទំនាក់ទំនង​ស្នេហា​ដូច​គ្នា កើត​ហេតុ​ក្នុង​ឆ្នាំ​២០២១ ដូច​គ្នា ហើយ​អ្វី​ដែល​ចាប់អារម្មណ៍​ជាង​នេះ​នោះ គឺ​អ្នក​ទាំង​២​មាន​វ័យ​ក្មេង​ពេញ​ស្អាត​ដូច​គ្នា។

រំលឹក​ពី​ករណី​តារា​ម៉ូដែល និង​ជា​ពិធី​ការិនី​ស្ថានីយ​ទូរទស្សន៍​My TV មាន ពេជ្រ​រីតា។ ដំបូង​ឡើយ​កញ្ញា ត្រូវ​បាន​លោក​ឧកញ៉ា ហេង សៀ ប្ដឹង​ពី​បទ"លួច​មាន​ស្ថាន​ទម្ងន់​ទោស" បន្ទាប់​ពី​កញ្ញា​ប្រតាយប្រតប់​គ្នា​នៅ​ក្នុង​ឡាន​បណ្ដាល​លោក​រង​របួស​ត្រង់​ពោះ និង​បាត់​ទូរស័ព្ទ ដែល​ហេតុការណ៍​បាន​កើត​នៅ​ម្ដុំ​ផ្លូវ​កម្ពុជា​ក្រោម រាជធានី​ភ្នំពេញ កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២១។ ក្រោយ​មក​តុលាការ សម្រេច​ចោទ​ប្រកាន់ ហើយ​បញ្ជា​ទៅ​សមត្ថកិច្ច​ឲ្យ​ឃាត់​ខ្លួន​កញ្ញា​តែម្ដង។មាន ពេជ្រ​រីតា វ័យ​១៩​ឆ្នាំ ត្រូវ​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ ហើយ​នាង​ក៏​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន។ ប៉ុន្តែ​ការ​ឃុំ​ខ្លួន​នេះ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​រឿង​រ៉ាវ​បាន​ផ្ទុះ​កាន់​តែ​ធំ ពោល​គឺ​រហូត​លេចឮ​ដល់​សម្ដេច​តេជោ ហ៊ុន សែន ទើប​សម្ដេច​ចាត់​ឲ្យ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​រាជរដ្ឋាភិបាល​ចូល​ខ្លួន​ទៅ​ស៊ើបអង្កេត​បន្ថែម​លើ​រឿង​នេះ ក្រោយ​ពី​នោះ​តុលាការ​ក៏​ចេញ​ដីកា​មួយ​ផ្សេង​ទៀត​ឲ្យ​កញ្ញា បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

ដំណើរការ​នីតិវិធី​នៅ​តែ​បន្ដ ហើយ​មហាជន​នៅ​តែ​បន្ដ​យក​បណ្ដាញ​សង្គម​Facebookរបស់​ខ្លួន​ធ្វើ​ការ​បកស្រាយ និង​បញ្ចេញ​មតិ​រៀង​ៗ​ខ្លួន ដោយ​អ្នក​ខ្លះ​រិះគន់​ទៅ​លើ​ទំនាក់ទំនង​រវាង​កញ្ញា យូប៊ី និង​លោក​ឧកញ៉ា ហេង សៀ ហើយ​ខ្លះ​ទៀត​ក៏​បង្ហាញ​ការ​អាណិត​អាសូរ​ចំពោះ​នាង​ដែរ។ ភាព​ពុះកញ្ជ្រោល​របស់​មហាជន​តាម​បណ្ដាញ​សង្គម​លើ​រឿង​នេះ​បាន​ស្ងប់​បន្តិច គេ​ក៏​ឃើញ​ចៅក្រម នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​សម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​កញ្ញា​តែ​ម្ដង។ជុំវិញ​រឿង​នេះ ភាគី​កញ្ញា មាន ពេជ្រ​រីតា បាន​អះអាង​តាម​រយៈ​ពាក្យ​បណ្ដឹង​របស់​ខ្លួន​នៅ​តុលាការ​ថា រូប​នាង​ចាប់​ផ្ដើម​ស្គាល់ និង​មាន​ទំនាក់ទំនង​ជាមួយ​ឧកញ៉ា ហេង សៀ ក្រោយ​ពី​លោក​ឧកញ៉ា​ផ្ដល់​អំណោយ​មនុស្ស​ធម៌​ដើម្បី​ចែក​ជូន​បន្ដ​ដល់​ជន​ងាយ​រងគ្រោះ​តាម​រយៈ​នាង។ ប៉ុន្ដែ​ក្រោយ​មក​ទំនាក់ទំនង​បាន​ឈាន​ដល់​ការ​មើល​ងាយ ឬ​លូកលាន់​ពី​សំណាក់​លោក​ឧកញ៉ា​រូប​នេះ ហើយ​នៅ​ថ្ងៃ​មួយ​ក៏​ឈាន​ដល់​ការ​បៀតបៀន​កេរខ្មាស ទើប​នាង​ប្រើ​សិទ្ធ​ដើម្បី​ការពារ​ខ្លួន។

រីឯ​ភាគី​លោក​ឧកញ៉ា ហេង សៀ វិញ បាន​អះអាង​តាម​រយៈ​ពាក្យ​បណ្ដឹង និង​លិខិត​សុំទោស​មួយ​ច្បាប់ ហើយ​ត្រូវ​សារព័ត៌មាន​យក​ទៅ​ចុះ​ផ្សាយ​ព្រោងព្រាត​នោះ​ឲ្យ​ដឹង​ថា ករណី​លោក និង​កញ្ញា​យូប៊ី មិនមែន​ជា​រឿង​បៀតបៀន ឬ​ចាប់​បង្ខំ​អ្វី​ឡើយ ព្រោះ​ទំនាក់ទំនង​របស់​លោក​បាន​ឈាន​ដល់​ការ​រួម​ដំណេក​ជាមួយ​គ្នា​ទៀត​ផង។យើង​ងាក​មក​ចាប់​អារម្មណ៍​ករណី​តារា​សម្ដែង​សម្បូរ​សាច់ដុំ យិត មាស​ឧស្សាហ៍ ហៅ​អេដវីន វិញ​ម្ដង។ មិន​ដល់​១​ខែ​ផង ក្រោយ​ផ្ទុះ​រឿង​កញ្ញា យូប៊ី ជាមួយ​ឧកញ្ញា ហេង សៀ ស្រាប់​តែ​នៅ​ថ្ងៃ​ទី១៥ ខែ​មិថុនា បាន​ផ្ទុះ​រឿង​ហិង្សា​មួយ​ទៀត​រវាង​លោក អេដវីន ជាមួយ​សង្សារ​ដែល​ធ្លាប់​តែ​ផ្អែមល្ហែម​នឹង​គ្នា​ស្ទើរ​ចាក់​ទឹក​មិន​លេច គឺ​កញ្ញា សុទ្ធ បញ្ចការ។

ដោយ​ភ្លើង​ប្រច័ណ្ឌ​សង្សារ​ជាមួយ​គ្រូ​ពេទ្យ​ម្នាក់​ដែល​លោក​អះអាង​ថា លោក​បាន​ទៅ​ទាន់​សង្សារ​ជាមួយ​បុរស​ម្នាក់​កំពុង​លេង​ចាក់​ទឹកដូង ទើប​ធ្វើ​ឲ្យ​លោក​ទប់​កំហឹង​លែង​បាន​ក៏​កើត​រឿង​ឈ្លោះ​ប្រកែក​ឈាន​ដល់​ការ​ប្រើ​ដៃជើង និង​ខ្សែ​ក្រវាត់​វាយ​ទៅ​លើ​សង្សារ និង​បុរស​ម្នាក់​នោះ​ទៀត​ផង។ ក្រោយ​ផ្ទុះ​ហិង្សា លោក​ត្រូវ​ជាប់​បណ្ដឹង​ចំនួន​៣​នៅ​តុលាការ គឺ​បណ្ដឹង​២​បាន​ប្ដឹង​លោក​ពី​បទ"ហិង្សា​ដោយ​ចេតនា" ពី​សំណាក់​សង្សារ គឺ​សុទ្ធ បញ្ចកា និង​បុរស​ម្នាក់​ដែល​ជា​គ្រូ​ពេទ្យ។ រីឯ​បណ្ដឹង​១​ទៀត គឺ​ជា​បណ្ដឹង​របស់​អនាគត​ម្ដាយ​ក្មេក​ដែល​ប្ដឹង​ពី​បទ"បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ"។ក្រោយ​មក​សមត្ថកិច្ច នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់​ខ្លួន​លោក​រួច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។



No comments:

Post a Comment

Pages