រាជធានីភ្នំពេញ ៖ បុរសជាឪពុកចំណាស់ម្នាក់ បានបាត់បង់ជីវិត ពេលបញ្ចូនទៅសង្គ្រោះដល់មន្ទីរពេទ្យ បន្ទាប់ពីរូបគាត់ បានឃើញកូនៗ ឈ្លោះប្រកែកគ្នារហូតកើតហិង្សា ហើយគាត់ ក៏បានដើរចូលជួយចាប់ឃាត់ តែបែរជាត្រូវកូនៗចាក់នឹងកាំបិតសាំងគីម បណ្តាលឲ្យឈាមហូរច្រើនពេករហូតដល់ដាច់ខ្យល់ស្លា.ប់ ។ករណីឃា.តកម្មនេះ បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវប៉េតុង ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ជនរងគ្រោះជាឪពុកមានឈ្មោះ ប៊ុន សុវណ្ណា ភេទ៥៩ឆ្នាំ ។ ចំណែកជនសង្ស័យជាកូនទាំង២នាក់ មានឈ្មោះ ប៊ុន សូហ្វែរ អាយុ២៨ឆ្នាំ ជាកូនស្រីបង្កើតរបស់ជនរងគ្រោះ និងបុរសជាកូនប្រសារ មានឈ្មោះ ហេង សៅរស្មី អាយុ៣១ឆ្នាំ ។ ប្តីប្រពន្ធទាំង២នាក់ រៀបការជាមួយគ្នាយូរដែរហើយ ដោយពុំមានកូនឡើយ ហើយបច្ចុប្បន្ន ប្រពន្ធប្រកបរបរលក់ផលិតផលតាមអនឡាញ ។
យោងតាមប្រភពព័ត៌មាន អោយដឹងថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធទាំង២នាក់ បានឈ្លោះប្រកែកគ្នា រឿងប្រពន្ធប្រចណ្ឌប្តីថា មានស្រីលួចលាក់ខាងក្រៅ រហូតកើតជាជម្លោះហិង្សារវាយតប់គ្នា ។ ដោយលឺសូរសម្រែក នៃជម្លោះជេរ និងវាយតប់គ្នានេះ ទើបបុរសវ័យចំណាស់ជាឪពុក បានចូលទៅជួយចាប់ឃាត់កូនៗ កុំអោយមានការឈ្លោះបន្តទៀត ប៉ុន្តែស្របពេលជាមួយគ្នានោះ ស្ត្រីជាប្រពន្ធ បានស្ទុះទៅយកកាំបិតសាំងគីម ពីក្បាលដំណេក បម្រុងយកទៅចាក់លើបុរសជាប្តី តែត្រូវឪពុក និងប្តី ស្ទុះទៅចាប់ប្រតាយប្រតប់ដណ្តើមយកកាំបិត ជាហេតុធ្វើអោយជ្រុលដៃ ចាក់ទៅលើឪពុកចំជាច្រើនកន្លែង ហូរឈាមស្រោចពេញដងខ្លួន រងរបួសធ្ងន់ធ្ងរ ។ភ្លាមៗនោះ ប្តីប្រពន្ធទាំង២នាក់ បានស្រវេស្រវាដឹកឪពុក បញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី) ដើម្បីសង្គ្រោះ ប៉ុន្តែអកុសល ពេលដឹកដល់ទីនោះ បុរសជាឪពុកបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ បន្ទាប់ពីបុរសជាឪពុកស្លាប់ អ្នកទាំង២ បានដឹកឪពុកត្រឡប់ទៅផ្ទះវិញ ហើយស្ត្រីជាកូនស្រីបង្កើត ក៏បានរាយការណ៍ជូនសមត្ថកិច្ច ប្រាប់ពីដំណើររឿហេតុ ដែលបានកើតមានឡើង ។
លោកវរសេនីយ៍ត្រី ឃុន ឡេង នាយប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពន់ទី២ បានប្រាប់អោយដឹងថា ក្រោយទទួលបានព័ត៌មានហើយនោះ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលផ្នែកយុត្តិធម៌ខណ្ឌ និងនគរបាលជំនាញកោសល្យវិច័យ បានចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការសាកសួរនាំ និងពិនិត្យវិច័យលើសាកសពបុរសជាឪពុកដែលបានស្លាប់ ។លោកបន្តថា តាមការធ្វើកោសល្យវិច័យពិនិត្យជាក់ស្តែង ឃើញថា សពជនរងគ្រោះ គឺត្រូវចាក់ចំ ៣កាំបិត និងចំ ៣កន្លែងលើដងខ្លួនផ្សេងៗគ្នា ដោយចាក់ចំចង្កេះខាងឆ្វេង, ពោះ, និងដើមទ្រូង ធ្វើអោយជនរងគ្រោះបាត់បង់ឈាមច្រើន ពេករហូតដល់ដាច់ខ្យល់ស្លាប់ ។
លោកនាយប៉ុស្តិ៍ បន្តទៀតថា បន្ទាប់ពីបានស្តាប់ដំណើររឿងរួចមក សមត្ថកិច្ចបានសម្រេចធ្វើការឃាត់ខ្លួន ប្តីប្រពន្ធទាំង២នាក់ យកទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាល ដើម្បីចាត់ការទៅតាមផ្លូវច្បាប់តែម្តង ព្រោះករណីនេះ ត្រូវបានចាត់បញ្ចូលជាអំពើឃាតកម្ម ។ជុំវិញករណីនេះដែរ លោក កឹម កល្យាណ អធិការរងនគរបាលខណ្ឌ ទទួលផែនយុត្តិធម៌ បានប្រាប់អោយដឹងថា ផ្ទះកើតហេតុខាងលើ គឺមានសមាជិករស់នៅតែ៤នាក់ប៉ុណ្ណោះ ក្នុងនោះ មានប្តីប្រពន្ធជាជនសង្ស័យទាំង២នាក់ខាងលើ, បុរសជាឪពុក (សព) និងកូនស្រីបង្កើតម្នាក់ទៀត ដែលទើបនឹងមានអាយុ១៤ឆ្នាំប៉ុណ្ណោះ ។
លោកអធិការរង បន្តថា បុរសរងគ្រោះ បានលែងលះគ្នាជាមួយស្ត្រីជាប្រពន្ធយូរឆ្នាំកន្លងទៅហើយ ដោយចំណងជីវិតគូររបស់ពួកគេ បានបន្សល់នូវកូនស្រី០៤នាក់ ក្នុងនោះ ពេលលែងលះគ្នា កូនស្រីម្នាក់ ត្រូវបានម្តាយយកទៅរស់នៅជាមួយ ហើយម្នាក់ទៀត មានគ្រួសារហើយ ក៏បានបែកផ្ទះចេញទៅបាត់ នៅសល់តែ២នាក់ ដែលក្នុងនោះ ម្នាក់ជាជនសង្ស័យខាងលើ និងម្នាក់ទៀតជាទើបអាយុ១៤ឆ្នាំ ។គួរបញ្ជាក់ថា បើតាមប្រភពព័ត៌មាន ពីអ្នកជិតខាងដែលរស់នៅជិតជាមួយ អោយដឹងថា ប្តីប្រពន្ធទាំង២នាក់ គឺឧស្សាហ៍កកើតជម្លោះជាមួយគ្នាញឹកញ៉ាប់ណាស់ មិនថា យប់ ឬថ្ងៃឡើយ ប៉ុន្តែកន្លងទៅមិន ដែលមានរឿងរ៉ាវឈានដល់ចាក់សម្លាប់គ្នាបែបនេះឡើយ ទើបតែលើកនេះប៉ុណ្ណោះ។
No comments:
Post a Comment