ភ្នំពេញ៖ ពិតជាធ្វើឲ្យគេហួសចិត្តមិនតិចនោះទេ ក្រោយពីគេទទួលបានដំណឹងថា តារាកំប្លែងស្រី រ៉េន សុធារី ហៅនាងឃ្មឹប បានងាកចេញពីការងារកំប្លែងដែលគ្មានទីផ្សារទៅធ្វើជាសន្តិសុខយាមផ្សារ ជាមួយនិឹងស្វាមីវ័យក្មេង ហើយអ្វីដែលកាន់តែពិបាកនោះគឺពេលនេះនាងត្រូវបានគេបណ្តេញចេញពីកន្លែងធ្វើការទាំងមិនបើកប្រាក់ខែឲ្យទៀត។ នេះបើយោងតាមនាងឃ្មឹប និងបុរសម្នាក់ដែលគេស្គាល់ថាជាប្តីរបស់នាង និងជាសន្តិសុខធ្វើការងារក្នុងក្រុមហ៊ុនជាមួយគ្នានោះបានប្រាប់អ្នកសារព័ត៌មាន។ នាងថា រូបនាងនិងសន្តិសុខខ្លះទៀតត្រូវបានក្រុមហ៊ុនបញ្ឈប់ដោយលើកហេតុផលថា គ្មានសមត្ថភាពធ្វើការ ហើយគេមិនព្រមបើកលុយឲ្យឡើយ។
នាងឃ្មឹបបានប្រាប់ទៀតថា នាង យាម១ពេលក្នុង១ខែបាន១៨០ដុល្លារ ហើយនាងត្រូវយាមយប់ទៀតត្រូវគុណប្រាក់ខែនឹង២ ដូច្នេះនាងត្រូវបានប្រាក់ខែជាង៣០០ដុល្លារ តែថៅកែក្រុមហ៊ុនមិនព្រមបើកឲ្យសោះ បើទោះបីជាពេលនេះនាងនិងប្តីយល់ព្រមឈប់ទៅហើយក្ដី។ ប្តីរបស់នាងឃ្មឹបបានប្រាប់ដែរថា ដោយសារតែគេលើកហេតុផលថាគាត់បានបង្កកំហុសរឿងចេញចូលបន្ទប់ទឹកនោះ គឺគេអាចឲ្យអ្នកទាំងពីរធ្វើការបន្តទៀតបាន ប៉ុន្តែប្រាក់ខែដែលបានធ្វើកន្លងមកគឺមិនបើកឲ្យនោះទេ។ អ្នកទាំងពីរបានស្នើឲ្យក្រុមហ៊ុនដោះស្រាយប្រាក់ខែដែលពួកគេបានបំពេញការងារកន្លងមក ហើយពួកគេក៏សុខចិត្តលាឈប់ពីការងារនៅទីនេះផងដែរ។
ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីថៅកែក្រុមហ៊ុនសន្តិសុខNMAនោះដើម្បីបំភ្លឺជុំវិញករណីនេះបាននៅឡើយទេ។ ប៉ុន្តែបើតាមសម្ដីរបស់បុរសសន្តិសុខម្នាក់ថា ម្ចាស់ក្រុមហ៊ុនសន្តិសុខមានហេតុផលផ្លាស់ប្ដូរទីតាំងយាម ឬបញ្ឈប់ការងារនាងឃ្មឹបតែម្ដង ក៏ដោយសារតែម្ចាស់ផ្សារប៉េសេដែលនាងឃ្មឹប និងរូបលោកធ្លាប់យាមរាល់ថ្ងៃនោះ ប្រាប់ទៅថៅកែក្រុមហ៊ុនសន្ដិសុខថា អ្នកទាំងពីរមកយាមមិនដែលទៀងទាត់ម៉ោងសោះ។គួរបញ្ជាក់ដែរថា ដោយសារជួបរឿងរ៉ាវជីវិតនឹកស្មានមិនដល់រហូតធ្វើឲ្យភ្ញាក់ផ្អើលអស់មហាជនជាច្រើនលើកច្រើនសានោះ អតីតតារាកំប្លែងស្រី រ៉េន សុធារី ហៅនាងឃ្មឹប ធ្លាប់ជួបរឿងរ៉ាវជីវិតធំៗជាច្រើន ក្នុងនោះរួមមានទាំងករណីធ្លាក់ខ្លួនជាអ្នកកាប់ដំឡូងនៅខេត្តបន្ទាយមានជ័យ រឿងជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនត្រូវសមត្ថកិច្ចចាប់បាន និងករណីទៅលោតទឹកសម្លាប់ខ្លួននោះជាដើម៕
No comments:
Post a Comment