រាជធានីភ្នំពេញ ៖ តំបន់មួយចំនួនស្ថិតនៅប៉ែកខាងលិចរាជធានីភ្នំពេញ ដែលកាលពីអតីតស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកណ្ដាល ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានរាជរដ្ឋាភិបាល កាត់បញ្ចូលឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់សាលារាជធានីភ្នំពេញនោះ កំពុងតែមានការអភិវឌ្ឍទៅលើវិស័យនានារួមមាន វិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ។មួយផ្នែកធំនៃតំបន់ដែលកាត់បញ្ចូលខាងលើនេះ គឺស្ថិតនៅក្នុងរដ្ឋបាលខណ្ឌកំបូល និងមួយផ្នែកទៀតស្ថិតនៅក្នុងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។បច្ចុប្បន្នត្រូវបានគេមើលឃើញថា ការអភិវឌ្ឍកំពុងមានសន្ទុះរីកចម្រើនឆ្ងាយជាងពីអតីតកាល។ បើនិយាយពីសំណង់បុរីផ្ទះល្វែងកំពុងរីកដូចផ្សិត ដោយឡែកភ្លើងអគ្គិសនីចូលដល់គ្រប់កន្លែងដែលមានមនុស្សរស់នៅ ប៉ុន្តែទោះបីជាការអភិវឌ្ឍកំពុងមានសន្ទុះលឿនបែបនេះក្ដី គឺនៅមានកម្រិតនៅឡើយ។
នៅក្នុងបរិបទនេះ ប្រជាពលរដ្ឋដែលរស់ភូមិសង្កាត់របស់ខណ្ឌនេះ ថ្វីដ្បិតតែមានឈ្មោះថាជាអ្នកភ្នំពេញមែន ប៉ុន្តែមួយចំនួននៅតែជួបការលំបាកខ្វះខាតលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូបង្ហូរទឹក ជាពិសេសនៅពុំទាន់មានទឹកស្អាត ឬអ្នកស្រុកតែងហៅថាទឹករដ្ឋប្រើប្រាស់នៅឡើយ។ កន្លែងខ្លះផ្លូវថ្នល់នៅតែជាផ្លូវដីផ្លូវលំធម្មតា ឬល្អបំផុតត្រឹមផ្លូវក្រាលថ្មមិចប៉ុណ្ណោះ ពុំទាន់បានផ្លូវក្រាលលបេតុងឬកៅស៊ូនៅឡើយ ដោយឡែកទឹក គឺបានទិញតាមរថយន្តដែលគេដឹកលក់ ឬទឹកអណ្ដូងដែលជីកតាមផ្ទះដាក់ ម៉ូទ័របូមយកមកប្រើប្រាស់ប្រចាំថ្ងៃ គ្មានទឹកស្អាតដើម្បីប្រើប្រាស់នោះទេ។
អ្នកភូមិរំដួលខាងត្បូង សង្កាត់ស្នោរ ខណ្ឌកំបូល បានលើកឡើងថា ពួកមានឈ្មោះថាជាអ្នករាជធានីភ្នំពេញនឹងគេដែរ ព្រោះភូមិសង្កាត់របស់ពួកគាត់ត្រូវបានកាត់ចូលរាជធានីភ្នំពេញរយៈពេលខ្ទង់១០ឆ្នាំហើយដែរ ព្រមទាំងផ្លាស់ប្ដូរខណ្ឌចំនួន៣រួចមកហើយ។ ក្នុងនោះដំណាក់កាលទី១ សង្កាត់ស្នោរស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌដង្កោ លុះដំណាក់កាលទី២ ខណ្ឌដង្កោបំបែកជា២ គឺបង្កើតខណ្ឌពោធិ៍សែនជ័យ១ទៀត ក៏ត្រូវផ្លាស់ចូលក្រោមការគ្រប់គ្រងរបស់ខណ្ឌនេះវិញ ។ បន្ទាប់មកទៀតដំណាក់កាលទី៣ ខណ្ឌពោធិ៍សែនជ័យត្រូវបានបំបែកជា២ដែរ គឺបានបង្កើតខណ្ឌកំបូល១ទៀត ទើបសង្កាត់ស្នោរ ពួកគាត់ត្រូវផ្លាស់ចូលក្រោមការគ្រប់គ្រងរបស់ខណ្ឌកំបូលនេះរហូតដល់សព្វថ្ងៃ។
អ្នកភូមិខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា ពួកគាត់ចាំមិនភ្លេចទេ កាលពីស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកណ្ដាល នៅតំបន់នោះភាគច្រើន ជាពិសេសនៅក្នុងភូមិពួកគាត់កុំថាឡើយដល់ទៅផ្លូវបេតុង សូម្បីតែភ្លើងអគ្គិសនីក៏គ្មានសម្រាប់ប្រើប្រាស់ដែរ កាលណោះពួកគាត់ប្រើប្រាស់ភ្លើងចង្កៀងប្រេងកាត ហើយបើជាអ្នមានអាចមានលទ្ធភាពទិញម៉ាស៊ីនភ្លើង និងអាគុយ ព្រមទាំងអំពូលប្រើបាន ។ លុះក្រោយមកនៅអំឡុងឆ្នាំ២០០៥ទៅឆ្នាំ២០០៦ ទើបមានភ្លើងអគ្គិសនីក្រុមហ៊ុនឯកជនមួយតឲ្យប្រើប្រាស់ តែភ្លើងក៏មានតម្លៃខ្ពស់ដែរ ហើយភ្លើងវិញខ្សោយពិបាកប្រើស្ទើរតែអូសកង្ហារពុំរួចផង តែទោះយ៉ាងគ្រាន់បើជាអត់។ ក្នុងកាលៈទេសៈនោះមិនបាច់និយាយពីទឹកស្អាតទេ គឺគ្មានឡើយ ពួកគាត់ប្រើប្រាស់ទឹកស្រះ និងត្រពាំង ព្រមទាំងអណ្ដូង ព្រោះពេលនោះទឹកត្រពាំង និងស្រះស្អាត ពុំទាន់មានការអភិវឌ្ឍ គ្មានសំណង់ផ្ទះសម្បែងនៅជិតដូចបច្ចុប្បន្ន ទឹកមិនកខ្វក់ឡើយ ហើយបរិភោគបានដោយគ្មានការខ្ពើមរអើមនោះទេ។
ប្រភពខាងលើបានលើកឡើងបន្តទៀតថា ដោយឡែកបច្ចុប្បន្ន ក្រោយពីត្រូវបានរាជរដ្ឋាភិបាលកាត់បញ្ចូលក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺមានការអភិវឌ្ឍច្រើន ហើយមានភ្លើងអគ្គិសនីរដ្ឋប្រើប្រាស់គ្រប់ភូមិទាំងអស់ និងមានតម្លៃធូរជាងភ្លើងឯកជនជាងពាក់កណ្ដាលឯណោះ ហើយការអភិវឌ្ឍក៏មានការរីកចម្រើនជាងមុនឆ្ងាយដែរ។ ប៉ុន្តែស្របពេលនេះដែរ ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធហាកនៅមានកម្រិត ដោយនៅក្នុងស្រុកភូមិពួកគាត់ ក៏ដូចជាភូមិជាច្រើនទៀត នៅតែពុំទាន់ទទួលបានផ្លូវបេតុង ឬកៅស៊ូនៅឡើយ ។
ចំណែកវិស័យទឹកស្អាតក៏ពុំទាន់មានដែរ ដែលពួកគាត់ទន្ទឹងរង់ចាំលើវិស័យទាំង២នេះយូរមកហើយ ម្យ៉ាងទៀតកាលពីមុននៅជិតភូមិពួកគាត់គ្មានទេ បុរីផ្ទះល្វែង គឺមានតែវាលស្រែប៉ុណ្ណោះ តែឥឡូវនៅជុំវិញភូមិសុទ្ធតែបុរីផ្ទះល្វែងអស់ហើយ ដូច្នេះពុំអាចយកទឹកស្រះ និងត្រពាំងប្រើប្រាស់បានទៀតទេ ព្រោះទឹកកខ្វក់មិនស្អាតដូចមុនទៀតឡើយ។ប្រភពដដែលបានឲ្យដឹងបន្ថែមទៀតថា សព្វថ្ងៃពួកគាត់ប្រើទឹកអណ្ដូងដែលបានជីកនៅតាមផ្ទះដោយបានដាក់ម៉ូទ័របូម ហើយអ្នកដែលគ្មានលទ្ធភាពជីកអណ្ដូង គឺពឹងផ្អែកទៅលើការទិញទឹកតាមរថយន្តដែលគេដឹកលក់ក្នុង១រថយន្តថ្លៃជាង៣ម៉ឺនរៀល ។ ទោះបីជាបែបណា ពួកគាត់បានយល់ថា ទាំងនេះគឺដោយសារតែប្រទេសកំពុងអភិវឌ្ឍ ហើយការអភិវឌ្ឍនោះទៀតសោតគឺមានកំណត់ និងជំហ៊ានៗតាមបែបភ្លៀងរលឹម ហើយក៏សង្ឃឹមថា ក្នុងពេលដ៏ខ្លីខាងមុខ ពួកគាត់នឹងទទួលបានផ្លូវបេតុង ព្រមទាំងទឹកស្អាតប្រើប្រាស់ដូចជាតំបន់នានានៅទូទាំងរាជធានីភ្នំពេញ។
No comments:
Post a Comment