ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋជាង២០០នាក់ ក្នុងភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូរណ៌ បាននាំគ្នាមកកាន់វត្តសិរី ដើម្បីស្នើសុំដល់អាជ្ញាធរ និងមន្ទីរពាក់ពន្ឋ័ ស្នើសុំនិមន្តចៅអធិការវត្តសិរី ចេញពីវត្ត ដោយចោទប្រកាន់ថា ជាង៤ឆ្នាំកន្លងទៅនេះ ចៅអធិការវត្ត មិនដែលបានកសាងអ្វីសោះឡើយ និងបានធ្វើឱ្យអាប់ឱនដល់វិស័យព្រះពុទ្ឋសាសនាទៀតផង ។ ការផ្ទុះអធិករណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១។ប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា រាល់បច្ច័យដែលបានមកពីបុណ្យទាន ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្យ បុណ្យកឋិនទាន បុណ្យផ្កា ជាដើម គឺព្រះចៅអធិការវត្តសិរី ព្រះនាម ប៊ូ ច័ន្ទមុន្នី បានយកទុកផ្ទាល់ខ្លួន ហើយមិនដែលបានយកទៅកសាងអ្វីឡើយ ។ ផ្ទុយទៅវិញ ពេលដែលក្រុមងារងារថ្នាក់ខេត្ត ឬ ថ្នាក់ជាតិចុះមកជួយកសាងអ្វីក្នុងវត្តគឺចៅអធិការចេះតែជំទាស់ជានិច្ច។
ជាក់ស្តែងដូចជាសប្បុរសជន ជួយកសាងសាលាឆាន់ ពេលដល់ថ្ងៃត្រូវក្រុងពាលី លើកជហ្វា ប្រក់ដំបូល បែរជាចៅអធិការវត្តចេញមកហាមឃាត់ រហូតមានទំនាស់ពាក្យសំដីគ្នាទៀតផង ។ កាលណោះ ប្រជាពលរដ្ឋបានជំនះក្រុងពាលី លើកជហ្វា និងប្រក់ដំបូលសាលាឆាន់រហូតហើយ។ ចៅអធិការវត្តសិរី មានបើកព្យាបាលជម្ងឺតាមបែបព្រហ្មញ្ញសាសនា ដោយមានពាក់ខ្យែអង្កាំ លើដៃ លើខ្លួន និងសាក់ ពេញខ្លួន មិនសមជាព្រះសង្ឃ សាវ័ករបស់ព្រះពុទ្ឋឡើយ។ ការទទួលអ្នកជម្ងឺមកស្នាក់នៅព្យាបាលក្នុងសម័យកូវីដនេះ ក៍គួរព្រួយបារម្ភណាស់ មិនដឹងថាអ្នកជម្ងឺនោះវិជ្ជមាន ឬ អវិជ្ជមានកូវីត១៩ឡើយ ។ប្រជាពលរដ្ឋបានបន្តថា លើសពីនេះ ចៅអធិការ១អង្គនោះបានអនុញាតឱ្យអ្នកស្លា.ប់ដោយសារជម្ងឺកូវីត១៩នៅផាត់សណ្តាយខេត្តកំពង់ធំ មកបូជានៅវត្តទៀតផង តែកាលណោះមានប្រជាពលរដ្ឋតវ៉ាខ្លាំង ទើបគេដឹកស.ពចេញទៅវិញ ។ ជាមួយគ្នានេះចៅអធិការវត្តសិរីមួយអង្គនេះ គ្មានសីលធម៌ ដាក់មេក្រូជេរដៀលរដ្ឋអំណាច ចាក់មេក្រូចាក់បទចម្រៀងភ្លេងការ អូនបង , សូត្រធម៌ឥណ្ឌា មន្តអាគមអូមអាម និងអួតអាងខុសវិន័យសង្ឃ ។
ចៅអធិការវត្ត បានឈ្លោះជេរគ្នាអាមឹងជាមួយប្រជាពលរដ្ឋ ក្នុងវត្ត រួចប្តឹងប្រជាពលរដ្ឋទៅនគរបាលស្រុកចោទថាប៉ុនប៉ងធ្វើឃា.ត, មិនទទួលការនិមន្តទៅធ្វើបុណ្យតាមផ្ទះ, ។ អ្វីដែលហួសចិត្តទៀតនោះ ពេលមានអគ្គីភ័យឆេះកញ្ជ្រាំងស្រូវរាលដាល់ទៅជិតផ្ទះប្រជាពលរដ្ឋ រថយន្តពន្លត់អគ្គីភ័យ របស់នគរបាល បានទៅបូមទឹកអណ្តូងក្នុងវត្តដើម្បីពន្លត់អគ្គីភ័យ បែជាចៅអធិការមិនឱ្យបូមជាដើម ។ កន្លងទៅ ចៅអធិការវត្ត បានប្ដឹងសាមណេ ដែលចៅអធិការវត្តខ្លួនឯង បំបួសអត់ច្បាប់១អង្គ ដាក់គុកដល់រាល់ថ្ងៃ ដោយសារតែបានវាយព្រះកេសលោកនឹងអំបោស ។កន្លងទៅប្រជាពលរដ្ឋធ្លាប់ប្ដឹងទៅធម្មការស្រុក-ខេត្ត និងមេគុណស្រុក -ខេត្ត ជាច្រើនដងហើយតែលោកមិនព្រមនិមន្តចេញពីវត្ត ហើយបានប្រើពាក្យថា៖ ទឹក១ថ្លុក ដី១ដុំ ជារបស់លោក លោកមិនចេញទៅណាឡើយ បើទោះបីមានលោកចៅអធិការចំនួន ២៧វត្ត នៅក្នុងស្រុកបរិបូណ៌ ផ្ដិតមេដៃសុំឲ្យលោ កនិមន្តចេញពីវត្តសិរី ក៏លោកមិនព្រមចេញដែរ ។ ប្រជាពលរដ្ឋជាង២០០នាក់បានសំណូមទទូចស្នើសុំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ពន្ឋសូមមេត្តាជួយអន្តរាគមន៍ និមន្តចៅអធិការវត្តរូបនោះចេញពីវត្តផង ព្រោះសព្វថ្ងៃ ប្រជាពលរដ្ឋ គ្មានទីអារាមធ្វើបុណ្យទេ បើចង់ធ្វើបុណ្យត្រូវទៅវត្តឆ្ងាយសម្រាប់វត្តសិរីនេះ បើចៅអធិការវត្តមិនព្រម និមន្តចេញទេ គ្មានប្រជាពលរដ្ឋណា ចូលធ្វើបុណ្យជាមួយឡើយ។
ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះដែរ ចៅអធិការវត្តសិរី ព្រះនាម ប៊ូ ច័ន្ទមុន្នី ព្រះជន្ម៤២ ព្រះវស្សា បានមានថេរដិការថា៖ ព្រះអង្គបាននិមន្តចេញពីវត្តត្រពាំងចាន់ មកគង់ក្នុងវត្តអង្គសិរីនេះកាលពីឆ្នាំ២០១៧ តាមការនិមន្តរបស់លោកមេឃុំ ចាន់ អាន និងប្រជាពលរដ្ឋដែលបានផ្តិតមេដៃឱ្យលោកប្រមាណ៦០នាក់ ។ ហើយលោកត្រូវបានតែងតាំងជាលោកគ្រូចៅ អធិការវត្ត នៅឆ្នាំ២០២០ ។ ចំពោះការចោទប្រកាន់ខាងលើជារឿងមិនពិត ដូចជា ចោទថាលោកមិនបានកសាង គឺលោកបានកសាងបានកុដិ១ខ្នង និងចាក់ដីក្នុងបំពេញក្នុងវត្ត ជាដើម ។ ព្រះអង្គមិនដែលបដិសេធក្នុងការនិមន្តរបស់ប្រជាពលរដ្ឋឡើយ ។ ចំណែកព្រះអង្គ មិនឱ្យក្រុងពាលី លើក ជហ្វា និងប្រក់ដំបូលសាលាឆាន់ គឺមកពីគ្មាននរណាមកប្រាប់ព្រះអង្គជាមុន ព្រោះព្រះអង្គជាចៅអធិការនៅវត្តនេះ មិនមែនចេះតែធ្វើអ្វីតាមចិត្តទេ ។
ចៅអធិការវត្តដដែលបានបន្តថា រឿងយកស.ពអ្នកកូវីដមកបំរុងបូជានៅវត្ត ជារឿងរបស់អាជ្ញាធរខេត្តទេ កាលណោះមានការតវ៉ាទើបគេដឹកស.ពចេញ។ ចាប់តាំងពីមានជម្ងឺកូវីតមក ព្រះអង្គឈប់ទទួលអ្នកជម្ងឺព្យាបាលហើយ សព្វថ្ងៃនៅតែសិស្សគណតិចតួចប៉ុណ្ណោះ ដែលមកឱ្យព្រះអង្គស្រោចទឹកឱ្យ មួយពេលៗ ។ ចំពោះការចាក់មេក្រូ សូត្រធម៌ឥណ្ឌា គឺជាធម៌ចេញពីប្រទេសឥណ្ឌាទេ លោកមិនចេះធម៌ឥណ្ឌាឡើយ តែធ្លាប់មានចាក់ភ្លេងការមែនដែរ ក្រោយមកក៍ឈប់ទៅ ។ ចំពោះរឿងមិនឱ្យរថយន្តពន្លត់អគ្គីភ័យបូមទឹកអណ្តូងក្នុងវត្ត គឺព្រះអង្គធ្វើតាមអនុសាស្ត្រសម្តេច ដែលប្រកាសឱ្យរក្សាទឹកទុក ព្រោះជារដូវរាំងស្ងួត, បើ និយាយជារួមរាល់ការចោទប្រកាន់ ជារឿងមិនពិតទាំងអស់ អាត្មាក៏ចង់បានភាពយុត្តិធម៌ផងដែរ។
ដោយឡែក លោក ចាន់ អាន មេឃុំខុនរ៉ង វិញក៍បានលើកឡើងដែរថា លោកមិនបាននិមន្តលោកឲ្យមកគង់ក្នុងវត្តនេះឡើយ តែលោកមិនព្រមស្ដាប់ នៅតែមកគង់នៅវត្តនេះ ហើយចាប់ពីមកគង់នៅវត្តនេះ កើតមានអធិករណ៍ជិត១អាណត្តិរយៈពេល៥ឆ្នាំ នៃបោះឆ្នោតមេឃុំទៅហើយ ប្រសិនបើចៅអធិការវត្ត១អង្គនេះនៅតែមិននិមន្តចេញពីវត្តនេះទេ អធិករណ៍នឹងតែកើតមានរហូត ហើយវត្តមួយនេះលែងមានប្រជាពលរដ្ឋចូលធ្វើបុណ្យកសាងអ្វីឡើយ។ទោះយ៉ាងណាជុំវិញអធិករណ៍នេះ បើមន្ទីរជំនាញអាជ្ញធរគ្រប់ជាន់ថ្នាក់ រួមទាំងមន្ត្រីសង្ឃផងដែរ មិនប្រញាប់ដោះស្រាយទេ នឹងមានអធិករណ៍កាន់តែធំជាងនេះ ព្រោះវិវាទនេះយូររ៉ាំរ៉ៃណាស់ ៕
No comments:
Post a Comment