រាជធានីភ្នំពេញ ៖ លោក សុង ប៊ុណ្ណារិទ្ធ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿងពីបទ.ញុះញង់ ឲ្យមានការរើសអើង និងជេរប្រមាថ. ដល់មន្ត្រីរាជការសាធារណៈ ដែលមានជនជាប់ចោទឈ្មោះ នី ណាក់ ដាក់ពន្ធនាគារកំណត់១ឆ្នាំកន្លះ និងពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន២លានរៀល ។សាលក្រមបានទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍ តាមកំណត់ច្បាប់ បើសិនជាជនជាប់ចោទ មិនសុខចិត្តក្នុងការកាត់ក្តីនេះ ។
សូមរំលឹកថា ជនជាប់ចោទឈ្មោះ នី ណាក់ កន្លងមក បានប្រើប្រាស់ គណនីហ្វេសប៊ុកឈ្មោះ IMan-KH បង្ហោះខ្លឹមសារឌឺដង រដ្ឋាភិបាលប្រើប្រាស់ដោយប្រើពាក្យថា (ទិញម៉ាសពាក់ឲ្យកូនមាន់) ហើយត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាប់ខ្លួនបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២០ ។ពេលនោះស្ថិតនៅដំណាក់កាលស៊ើបសួរលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង បានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យឈ្មោះ នី ណាក់ ជាផ្លូវការ ពីបទ.ញុះញង់ឲ្យមានការរើសអើង. និងជេរប្រមាថដល់មន្ត្រីរាជការសាធារណៈ តាមមាត្រា ៣០៧.៤៩៤ និង មាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ។
ក្រោយពីតំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការហើយនោះ សំណុំរឿងត្រូវបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ គឺលោក ហុង សុគុណវឌ្ឍានា ដោយបានសម្រេចឃុំខ្លួនជនសង្ស័យ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ។អង្គហេតនៃការចាប់ឃុំខ្លួនជនសង្ស័យឈ្មោះ នី ណាក់ ជាម្ចាស់គណនីហ្វេសប៊ុក IMan-KH នោះ ដោយជនសង្ស័យតែងតែបានបង្ហោះខ្លឹមសារដៀមដាម ជេរប្រមាថ ទៅលើបុគ្គល និងស្ថាប័នរដ្ឋមួយចំនួនជាញឹកញាប់ ហើយចុងក្រោយនេះ ជនសង្ស័យបានប្រើវោហាសាសន៍ឌឺដង ឬផ្គើន នឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រៀបធៀបបង្កើតគំរោង.ទិញម៉ាស់ពាក់ឲ្យកូនមាន់. នៅក្នុងកសិដ្ឋានរបស់ខ្លួន ខណៈពេលដែលវីរុសកូវីដ.១៩ កំពុងយាយីលើពិភពលោកទាំងមូល ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងតាមបណ្តាញសង្គម Telegram នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះថា លោកបានឲ្យមន្ត្រីស្រាវជ្រាវអំពីករណី តើកសិដ្ឋានរបស់បុគ្គលឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេកឈ្មោះ Iman-KH នោះ មានកើតជំងឺផ្តាសាយបក្សី ពិតមែនឬទេ? ហើយហ្វេសប៊ុកផេកឈ្មោះ Iman-KH ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់ បានសរសេរថា «ខ្ញុំបានត្រៀម ឬព្រៀងលិខិត និងឯកសាររួចរាល់អស់ហើយ ក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន ។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើឲ្យខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាសគ្រប់គ្នា ហើយដេកនៅក្នុងទ្រុង កុំចេញក្រៅឲ្យសោះ បើគ្មានការចាំបាច់» ។
សំណេររបស់ឈ្មោះ នី ណាក់ នាពេលនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនកំពុងជជែកគ្នា និង អះអាងថា កំពុងឌឺដង ឬផ្គើន នឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ បុគ្គល នី ណាក់ នេះ កន្លងមក តែងតែដៀមដាម ជេរប្រមាថ ទៅលើបុគ្គល និងស្ថាប័នរដ្ឋជាញឹកញាប់ តែហាក់គ្មានអ្វីកើតឡើងចំពោះបុគ្គលម្នាក់នេះទាល់តែសោះ ខណៈកន្លងមក ក៏ធ្លាប់បានធ្វើលិខិតសុំទោសជាសាធារណៈ ផងដែរ ដោយសារសំដីព្រហើនបែបនេះ។
No comments:
Post a Comment