ពលរដ្ឋជាក្រុម​មាតាបិតា​ទារក​រង​គ្រោះ​ព្រោះម្សៅ​ទឹក​គោ​នូ​ទ្រី​លេ​ត ដាក់​ញត្តិ​ជូន​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ពលរដ្ឋជាក្រុម​មាតាបិតា​ទារក​រង​គ្រោះ​ព្រោះម្សៅ​ទឹក​គោ​នូ​ទ្រី​លេ​ត ដាក់​ញត្តិ​ជូន​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌

រាជធានី​ភ្នំពេញ ៖ ពលរដ្ឋជាក្រុម​មាតាបិតា នៃ​ទារក​រង​គ្រោះ ដោយសារ​ម្សៅ​ទឹក​គោ​នូ​ទ្រី​លេ​ត នៅ​ថ្ងៃ​ទី​២០ សីហា ២០២១​នេះ បាន​មូលមតិ​គ្នា​ដាក់​ញត្តិ​ជូន ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដើម្បី​សុំ​ការ​គាំទ្រ និង​វិធានការ​ព​ន្លឿ​ន​លើ​សំណុំ​ក្ដី ម្សៅ​ទឹកដោះគោ​វិ​ញ្ចឹ​ម​ទារក​ម៉ាក​នូ​ទ្រី​លេ​ត (Nutrilatt) ដែល​នាំ​ចូល​ចែកចាយ​ដោយ​ក្រុមហ៊ុន S&TK Trading Co. Ltd., បាន​ធ្វើ​អោយ​ទារក​ឈឺ​ខ្វះ​ឈាមក្រហម ជាតិ​ដែក និង​ស័ង្កសី ។សូម​បញ្ជាក់​ជូន​ថា គិត​មក​ទល់​ពេល​នេះ សំណុំរឿង​ម្សៅ​ទឹកដោះគោ Nutrilatt មាន​លេខ Batch ចំនួន ៦​ប្រភេទ ដែល​ត្រូវ​បាន​រក​ឃើញ​ថា ខ្វះ​នូវ​សារធាតុចិញ្ចឹម និង​ជាតិ​ដែក​ដល់​ទារក គឺ​នៅ​មិន​ទាន់​មានការ​ដោះស្រាយ​នូវ​សំណង​ការ​ខូចខាត​ដល់​ក្រុម​មាតា​ទារក​នៅឡើយ​ទេ ។

លោកស្រី ចាន់ ផល្គុណ ដែល​ជា​មាតា​ទារក​រង​គ្រោះ ក្នុង​ចំណោម​ក្រុម​មាតា​ទារក ២១​គ្រួសារ បាន​លើក​ឡើង​ថា ក្រុម​មាតាបិតា​នៃ​ទារក​រង​គ្រោះ​ដោយសារ​ម្សៅ​ទឹកដោះគោ​នូ​ទ្រី​លេ​ត បាន​មូលមតិ​គ្នា​ដាក់​ញត្តិ​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដើម្បី​សុំ​ការ​គាំទ្រ និង​វិធានការ​ព​ន្លឿ​ន​លើ​សំណុំ​ក្ដី​រឿង​ម្សៅ​ទឹកដោះគោ​នូ​ទ្រី​លេ​ត ។ ត្បិត​តែ​នេះ​ជា​បណ្ដឹង​ថ្នាក់ក្រសួង​ពាណិជ្ជកម្ម យើងខ្ញុំ​ទាំងអស់​គ្នា​បាន​គិតគូ​យ៉ាង​ល្អិតល្អន់ ក្នុង​ការ​ជម្រុញ​រឿង​ក្ដី​នេះ អោយ​បាន​ដោះស្រាយ​ឆាប់​ៗ ដើម្បី​ជា​បទ​ពិសោធន៍​មួយ នៃ​ការ​ធ្វេស​ប្រហែល​បណ្ដាល​អោយ​មាន​ផលិតផល ដែល​បង្ក​ហានិភ័យ​ដល់​អ្នក​ប្រើប្រាស់ ជា​ពិសេស​លើ​អាយុជីវិត​ទារក ។ ហើយ​យើងខ្ញុំ ក៏​ជឿជាក់​ថា ខាង​តុលាការ​នឹង​ផ្ដល់​អាទិភាព​លើ​រឿង​ក្ដី​នេះ ។

ជាមួយ​គ្នា​នេះ​ដែរ​ក៏​មាន​ស្ត្រី​ជា​មាតា​ទារក​រង​គ្រោះ​ផ្សេង​ទៀត ក៏​បានអោយ​ដឹង​ដែរ​ថា ថ្ងៃនេះ ខែ​នេះ ឆ្នាំ​នេះ (​ទី​១៤ កក្កដា ២០២០/​ទី​១៤ កក្កដា ២០២១) គឺជា​ថ្ងៃ​គម្រប់​ខួប​១​ឆ្នាំ នៃ​ការ​ដាក់​ពាក្យបណ្តឹង​ស្វែងរក​ការ​ស្រាយ​បំភ្លឺ និង​ទាមទារ​រក​យុត្តិធម៌ ជូន​កូន​ជាទី​ស្រលាញ់ ក៏​ដូច​ជា​ទារក​ដទៃ ដែល​បាន​រង​គ្រោះ ដោយសារ​ម្សៅ​ទឹកដោះគោ ដែល​មាន​តែ​ឈ្មោះ និង​តារា​ដ៏​ល្បី​ផ្សព្វផ្សាយ​ស្គុសស្គាយ ដូច​ផ្កា​រុះ​រោយ​ចាក​ទង​តាម​ដង​វិ​ថី ប៉ុន្តែ​គ្មាន​គុណភាព សមប្រកប​ទៅ​តាម​តម្លៃ និង​ការ​អួត​ផ្សាយ ។

រយៈពេល​១​ឆ្នាំ​កន្លង​មកនេះ ឪពុក​ម្តាយ​ទារក​រង​គ្រោះ ទ្រាំ​អត់ធ្មត់​ខាំមាត់សង្កត់ចិត្ត ទប់ទឹក​ភ្នែក រក្សារ​ភាព​ឈឺចាប់ ដោយ​ផ្លូវចិត្ត​នៅ​តែ​មាន​វិប្បដិសារី ប្រៀប​ដូច​ជា​យក​ថ្នាំពុល​ឲ្យ​កូន​ផឹក បន្ទាប់​ពី​ប្រើ​ម្សៅ​ទឹកដោះគោ​ខុស ។សូម​ជម្រាប​ថា ចំនួន​មាតាបិតា​ទារក​រង​គ្រោះ ដែល​បាន​មក​ដាក់​បណ្ដឹង​កើនឡើង​ដល់ ២១​គ្រួសារ​ហើយ ប៉ុន្តែ​ដំណោះស្រាយ​គ្នា តាម​ផ្លូវ​រដ្ឋប្បវេណី បើ​គ្មាន​លទ្ធផល​ទេ​នោះ នឹង​បន្ត​ទៅ​តាម​ផ្លូវ​តុលាការ ។ទោះជា​យ៉ាងណា ខាងលើ​នេះ​ជា​ការ​លើក​ឡើង​របស់​ភាគី​មាតាបិតា​ទារក​រង​គ្រោះ​ប៉ុណ្ណោះ កោះសន្តិភាព​រង់ចាំ​ទទួល​ការ​បំភ្លឺ​ពី​ភាគី​ខាង​ក្រុមហ៊ុន S&TK Trading Co. Ltd., ជា​និច្ច ។

គួរ​បញ្ជាក់​ដែរ​ថា ម្សៅ​ទឹកដោះគោ Nutrilatt មាន Batch ចំនួន ៦​ប្រភេទ រួម​មាន​លេខ B/N 487, 488, 536, 537, 538, 539 បន្ទាប់​ពី​បាន​ធ្វើការ​វិភាគ​ដោយ​មន្ទីរពិសោធន៍​ឯករាជ្យ និង​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ (Independent and Internationally Accredited Laboratory) ឈ្មោះ Eurofins Food Testing Singapore PTE LTD. នៅ​ប្រទេស​សិង្ហ​បុរី ។ ការ​វិភាគ​បង្ហាញ​ថា ជាតិ​ដែក (Iron) ដែល​មាននៅ​ក្នុង​ម្សៅ​ទឹកដោះគោ​ទាំងនេះ​មាន​កម្រិត​ទាប​ជាង​ការ​ប្រកាស​របស់​ក្រុមហ៊ុន និង​ស្តង់ដា​កូ​ដិ​ច​អន្តរជាតិ (Codex International Standard) ។ ក្រោយ​រក​ឃើញ​ថា ខ្វះ​នៅ​សារធាតុចិញ្ចឹម​ដល់​ទារក​ទាំងនោះ​ត្រូវ​បាន​ក្រសួងពាណិជ្ជកម្ម​ប្រកាស​ឲ្យ​ប្រមូល​ទីផ្សារ​មក​វិញ និង​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​នាំ​ចូល​ម្សៅ​ទឹកដោះគោ​ខាងលើ​រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ៕










No comments:

Post a Comment

Pages