ប្រជាពលរដ្ឋ ប្តឹង​ប្រធាន​សាខា ក​.​ប​.​ប​. ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​មួយចំនួន ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ប្រជាពលរដ្ឋ ប្តឹង​ប្រធាន​សាខា ក​.​ប​.​ប​. ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​មួយចំនួន ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

ភ្នំពេញ៖ប្រជាពលរដ្ឋ នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់​ពាក្យបណ្តឹង ប្តឹងទៅ​អង្គភាព​ប្រឆាំង អំពើពុករលួយ (ACU) ប្តឹង​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្តបន្ទាយមានជ័យ និង​មន្ត្រីក្រោមឱវាទ ពីបទ​ប្រព្រឹត្ត អំពើពុករលួយ ជា​ប្រព័ន្ធ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​។​

​បើ​យោងតាម​ពាក្យ​ប​ណ្តឹ្ដ​ងរ​បស់​ស្ត្រី​ឈ្មោះ ហម គឹម​វង់ អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​និមិត្ត​៤ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់​ពាក្យបណ្តឹង ប្តឹងទៅ​លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ បើក​ការ​ស៊ើប​អ​ង្គេ​ត លើ​ប្រធាន​សាខា កិច្ចការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្តបន្ទាយមានជ័យ និង​មន្ត្រីក្រោមឱវាទ ក្នុងករណី​បាន​ជំរិត​ទារលុយ បង់​ក្បាល​ឡាន ជាច្រើន​លាន​រៀល ដោយ​មិនមាន​ឯកសារ ច្បាស់លាស់ ដែល​ចាត់ទុកជា ការប្រព្រឹត្ត អំពើពុករលួយ ជា​ប្រព័ន្ធ ក្នុងការ​បំពេញការងា​រ​។​

​ប្រភព​ដដែល បាន​ឲ្យ​ដឹងថាៈ កំឡុង​ដើមឆ្នាំ​២០២០ ពេលដែល​ស្ថានភាព ជំងឺ​កូ​វីដ​១៩ បាន​ឆ្លង​ចូលមក​ដល់ ប្រទេស​កម្ពុជា អ្នកស្រី បាន​ប្តូរ​មុខរបរ ពី​ការលក់ដូរ​ចាប់ហួយ នៅក្នុង​ផ្ទះ មក​ស៊ីឈ្នួល​ដឹក​ឥ​វ៉ាន់ ឲ្យ​អាជីវករ នៅក្នុង​ខេត្តបន្ទាយមានជ័យ នៅពេលនោះ មន្ត្រី​សាខា កិច្ចការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រ​គួ​ត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្តបន្ទាយមានជ័យ បានមក​គំរាម ទារ​ឲ្យ​បង់លុយ​គិត ជា​ក្បាល​ឡាន ក្នុង​មួយខែ ១៥០.០០០ រៀល (​ដប់​ប្រាំ​ម៉ឺន​រៀល​) ដោយ​គ្មាន​វិក្កយបត្រ​។​

​មន្ត្រី​សាខា កិច្ចការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ថា ប្រសិន​មិន​បង់ ប្រាក់​ប្រចាំខែ ពួកគាត់ នឹង​ចាប់​ឡាន​ដឹក ទំនិញ​របស់គាត់ បញ្ជូនទៅ​តុលាការ សាលាដំបូង ខេត្តបន្ទាយមានជ័យ​។ ដោយ​ការភ័យខ្លាច និង​ដើម្បី​ធានា​មុខរបរ ស៊ីឈ្នួល​ដឹកទំនិញ មួយថ្ងៃ ១​ជើង ឬ ពីរ​ជើង អ្នកស្រី​បានសម្រេច បង់ប្រាក់​ដល់​មន្ត្រី ក​.​ប​.​ប​. ខេត្តបន្ទាយមានជ័យ​។​

​ក្រោយមក នៅ​កំឡុង​ខែមេសា ឆ្នាំ​២០២១ ឈ្មោះ សាន វិជ្ជា​សា​រ៉ាវុធ ឈ្មោះ ឈួន ពិសី និង​ឈ្មោះ កែវ ជា​មន្ត្រី​សាខា​កិច្ចការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង បន្លំ (​ក​.​ប​.​ប​.) បាន​តម្លើង​តំលៃ បង់​ក្បាល​ឡាន ដោយ​ទាមទារ​បង់លុយ គិត​ជា​ក្បាល​ឡាន មួយ​ជើង តម្លៃ ៨០.០០០ រៀល (​ប្រាំបី​ម៉ឺន​រៀល​) ពីរ​ជើង​តម្លៃ ១៥០.០០០​រៀល (​ដប់​ប្រាំ​ម៉ឺន​រៀល​) ដោយ​គ្មាន​វិក្កយបត្រ​។​

​បន្ទាប់មក នៅ​កំឡុង​ខែកក្កដា ឆ្នាំ​២០២១ ដោយសារ​គ្មាន​លទ្ធភាព​បង់ប្រាក់ ក៏បាន​ស្នើសុំ​បង់ប្រាក់ ៦ ក្បាល​ឡាន ចំនួន ៣៥០.០០០ រៀល (​សាមសិប​ប្រាំ​ម៉ឺន​រៀល​) ដោយ​គ្មាន​វិក្កយបត្រ​។ បែបបទ​ដើម្បី​បង់ប្រាក់​ឲ្យ​មន្ត្រី ក​.​ប​.​ប​. ផ្តើម​ពី​ការតម្រូវ​ឲ្យ​ចុះ​ដើរ យកលុយ​ទៅ​ដាក់​លើ​ក្បាល​ឡាន ដែល​បញ្ឈរ​ចោល នៅលើ​ដងផ្លូវ​។ បោះ​លុយ​ឲ្យ​មន្ត្រី ក​.​ប​.​ប​. ពីលើ​ឡាន ដោយ​មិនបាច់​ឈប់​ឡាន ហើយ​ពេលខ្លះ គឺ​ត្រូវ​ដើរ​យកលុយ ទៅ​ទុក​លើ​តុ​របស់​មន្ត្រី ក​.​ប​.​ប​. ដែល​ដាក់​ប៉ុស្តិ៍​ល្បាត (​កុងត្រូលជជុះ​) នៅតាម​ដងផ្លូវ​ជាតិ ក្រវាត់​ព្រំដែន​កម្ពុជា​-​ថៃ​។​

​ប្រភព​ដដែល បាន​បន្តថាៈ លុះ​នៅ​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ៨:៣០ នាទី​យប់ បើទោះជា​អ្នកស្រី បាន​បង់លុយ​ហើយក៏​ដោយ ក៏​មន្ត្រី ក​.​ប​.​ប​. នៅតាម​ចាប់​រថយន្ត របស់​អ្នកស្រី ហើយ​ទារ​ការផាកពិន័យ ពី​សូន្យ​រៀល រហូតដល់ ២០ លាន​រៀល (​ម្ភៃ​លាន​រៀល​)​។ គិត​ចាប់​ពីថ្ងៃ ចាប់​រថយន្ត​ដឹកទំនិញ ចុងក្រោយ អ្នកស្រី បាន​បន្ត​បង់ប្រាក់ ឲ្យ​មន្ត្រី ក​.​ប​.​ប​. ចំនួន ៣ ក្បាល​ឡាន បន្ថែមទៀត​។​

​ក្រោយមក ក៏​សម្រេចចិត្ត​ឈប់​បង់ប្រាក់ ឲ្យ​មន្ត្រី ក​.​ប​.​ប​. ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​បាន​មើល​ព័ត៌មាន ផ្សាយ​ពី​សកម្មភាព មិន​ប្រក្រតី​របស់​មន្ត្រី ក​.​ប​.​ប​. ដើរ​ជំរិត​ទារប្រាក់ ពី​អ្នកដទៃ ដោយ​ព័ត៌មាន បាន​បញ្ជាក់ថា ការបង់ប្រាក់ ដោយ​គ្មាន​វិក្កយបត្រ ជា​អំពើ​ខុសច្បាប់ និង​ជា​សកម្មភាព​ប្រព្រឹត្ត អំពើពុករលួយ​។​

​បន្ទាប់ពី​អ្នកស្រី បានបញ្ជាក់​ប្រាប់​មន្ត្រី ក​.​ប​.​ប​. ថាៈ ឈប់​បង់ប្រាក់​ជូន​ពួកគាត់ ចាប់ពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ នៅពេលនោះ មន្ត្រី ក​.​ប​.​ប​. ឈ្មោះ កែវ បាន​លុប​សារ​សំឡេង​ឆ្លងឆ្លើយ បង់​លុយកាក់​ទាំងស្រុង តាម​សារ​បណ្ដាញ សង្គម​ហ្វេ​ស​ប៊ុ​ក (Messenger)​។​

ដោយ​កើតទុក្ខ​មិន​សុខចិត្ត អំពី​សកម្មភាព​ជំរិត​ទារប្រាក់ របស់​មន្ត្រី ក​.​ប​.​ប​. ខេត្តបន្ទាយមានជ័យ អ្នកស្រី សម្រេចចិត្ត​ដាក់ពាក្យ​ប្ដឹង មក​អង្គភាព​ប្រឆាំង អំពើពុករលួយ ដើម្បី​ស៊ើប​អ​ង្គេ​ត និង​ចាត់ការ តាម​នីតិវិធី​ច្បាប់​។​

​ក្រៅពី​អ្នកស្រី ដែល​ស្ម័គ្រចិត្ត​ប្ដឹង​មន្ត្រី ក​.​ប​.​ប​. មាន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ផ្សេងទៀត បាន​យល់ព្រម ផ្តល់​ភស្តុតាង​បន្ថែម ទាក់ទង​នឹង​អំពើ​ទាមទារ បង់លុយ​ប្រចាំខែ ដោយ​គ្មាន​ចេញ វិក្កយបត្រ​នេះ ប្រសិនបើ​មានការ​ស៊ើប​អ​ង្គេ​ត ពី​អង្គភាព​ប្រឆាំង អំពើពុករលួយ​។​

​សកម្មភាព​ជំរិត​ទារប្រាក់ ដោយ​គ្មាន​វិក្កយបត្រ របស់​មន្ត្រី​សាខា កិច្ចការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ប​.​ប​.​ក​) ខេត្តបន្ទាយមានជ័យ​នេះ ចាត់ទុកថា ជា​ទង្វើ​ប្រព្រឹត្ត អំពើពុករលួយ លក្ខណៈ​ប្រព័ន្ធ ដែល​អង្គភាព​ប្រឆាំង អំពើពុករលួយ គួរ​មាន​វិធានការ ផ្លូវច្បាប់ បើក​ការស៊ើបអង្កេត និង​ចាត់ការ តាម​នីតិវិធី​ច្បាប់ ជា​ធរមាន មិនគួរ​លើកលែង​។​

  

No comments:

Post a Comment

Pages