ខេត្តកំពង់ស្ពឺ ៖ យោងតាមការចេញផ្សាយ របស់គេហទំព័រ(កោះសន្តិភា) បានចេញផ្សាយបញ្ជាក់ថា៖ ថ្មីៗនេះគេសង្កេតឃើញថាមន្ត្រីនគរបាលចរាចរណ៍នៃនាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់ក្រសួងមហាផ្ទៃ ដែលគេស្គាល់ថានៅក្រោមបញ្ជាការលោកវរសេនីយ៍ឯក អៃ សំអាន ឈរជើងនៅស្រុកកំពង់សិលាខេត្តព្រះសីហនុ បានធ្វើសកម្មភាពប្រដេញរថយន្តដឹកដីថ្ម និងខ្សាច់មកដល់ទឹកដីនៃខេត្តកំពង់ស្ពឺ បង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះសកម្មភាពនេះអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាយថាហេតុ។ជាក់ស្តែង កាលពីថ្ងៃទី8 ខែកញ្ញា ឆ្នាំ2021 គេបានឃើញមន្ត្រីក្រោមឱវាទរបស់លោកអៃ សំអាន បើករថយន្តពីរទៅបីគ្រឿងពីស្រុកកំពង់សិលា មកដល់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ធ្វើការប្រដេញដើម្បីស្ទាក់ឃាត់រថយន្តដឹកដីជាច្រើនគ្រឿង នៅចំណុចមាត់សាយ ស្ថិតក្នុងឃុំតាំងស្យា ស្រុកភ្នំស្រួច យកទៅស្នាក់ការនៅស្រុកកំពង់សិលា ដើម្បីធ្វើការផាកពិន័យតែម្តង។
សកម្មភាពបែបនេះបង្កឲ្យមានការរិះគន់ផងដែរ ទៅលើសកម្មភាពនៃការបើករថយន្តប្រដេញគៀរហើយស្ទាក់ចាប់ឡានដឹកដីថ្មនិងខ្សាច់នេះថា អាចបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត ក្នុងនោះក៏មានការលើកជាសំណួរផងដែរថា បើសិនជាកើតហេតុគ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយដែលកើតចេញពីសកម្មភាពនេះតើអ្នកណាជាអ្នកទទួលខុសត្រូវ?។ចំណែកឯអ្នករកស៊ីឡានបែនវិញបានលើកឡើងថា រថយន្តដែលបើកប្រដេញស្ទាក់ចាប់ឡានក្នុងខេត្តកំពង់ស្ពឺនេះ ក្រែងមានស្នាក់ការនៅស្រុកកំពង់សិលាឯណោះទេ ហេតុអ្វីបានជាមកធ្វើសកម្មភាពប្រដេញស្ទាក់ចាប់ឡាននៅក្នុងខេត្តកំពង់ស្ពឺទៅវិញ?។ម្ចាស់ឡានបែនជាច្រើនបានលើកឡើងថា ក្រោយដេញស្ទាក់ចាប់បានហើយក្រុមអស់លោកមន្ត្រីទាំងនោះក៏បានធ្វើការផាកពិន័យចាប់ពី600 ទៅ1000ដុល្លារក៏មាន ក្រោយពេលបង់ហើយ បើគេចុះមកជួប គឺចាប់ទៀត ។ ម្ចាស់ឡានទាំងនោះបានបន្តទៀតថាព្រោះតែមិនមានលុយគ្រប់គ្រាន់ ទើបនាំគ្នាខ្ចីលុយធនាគារយកមកទិញឡានអត់ពន្ធ (ចង្កូតស្ដាំ)ដើម្បីដោះស្រាយជីវភាពក្នុងសម័យកាលកូវីដវាយលុកនេះ តែនៅពេលបានលុយទិញឡានយកមកហើយ បែរជាត្រូវអស់លោកសមត្ថកិច្ច តាមវាយលុកចាប់ផាកពិន័យពីលើមួយជាន់ទៀត ឱ្យតែរបៀបនេះតើឲ្យពួកគាត់រំពឹងទៅលើអ្វីទៀត ។
ពួកគាត់ដឹងថា ការដែលទិញឡានអត់ពន្ធយកមកប្រើនេះគឺខុសច្បាប់មែនហើយ តែធ្វើម៉េចបើកាលៈទេសៈពេលនេះវាអញ្ចឹង ។ បើនិយាយពីចាប់ឡានវិញ ក្រោយពិនិត្យបើតៃកុងអត់ប័ណ្ណបើកបរ ឬឡានសឹកសំបកកង់អត់មានភ្លើងស៊ីញ៉ូ អត់ស្លាកលេខសរុបមិនក្រោមពីប្រាំមួយលានរៀលនោះទេ តែអ្នកខ្លះសម្រួលចុះឡើងចុះឡើងមកនៅត្រឹមពីរលានរៀល (មិនយកវិក័យប័ត្រ) យកឡានមករត់មិនបានពីរថ្ងៃស្រួលបួលផងក៏ត្រូវចាប់ម្ដងទៀតក៏មាន តើឲ្យពួកគាត់ទៅរកលុយឯណាបង់ទាន់។យោងតាមប្រភពពីមន្ត្រីនគរបាលស្រុកភ្នំស្រួចមួយរូបនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមដែលបើករថយន្តប្រដេញចាប់រថយន្តបែនដឹកដីដឹកថ្មនិងខ្សាច់គឺជាកូនចៅរបស់លោកអៃ សំអាន ពិតមែន ក្រុមរបស់គាត់មកពីក្រសួង បើនិយាយពីដែនដីវិញ គឺគាត់ធំជាងអ្នកនៅខេត្ត គឺក្រុមរបស់គាត់មានសិទ្ឋិចាប់បានគ្រប់កន្លែង បើទោះជាក្នុងខេត្តកំពង់ស្ពឺនេះមានមួយក្រុមទៀតប្រចាំការក៏ដោយ ។ និយាយជារួម ក្រុមមកពីក្រសួងអាចនិយាយបានថា ថ្នាក់ជាតិអញ្ចឹងយើងនៅខេត្តថ្នាក់ក្រោមជាតិគ្មានសិទ្ឋិនិយាយអ្វីនោះទេរាល់ថ្ងៃនេះម្នាក់សំងំយកតែសុខប៉ុណ្ណោះ ។
ក្រុមមកពីក្រសួងបើពួកគាត់ចាប់ហើយពួកគាត់ពិនិត្យលក្ខណៈបច្ចេកទេសឃើញថា ឡាននោះខុសច្រើនក៏ពិន័យទៅតាមនោះដែរ ឧទាហរណ៍បើអត់ស្លាកលេខត្រូវពិន័យ 2400000 រៀលបើអត់ប័ណ្ណបើកបរត្រូវពិន័យ2400000រៀលទៀត នេះមិនទាន់និយាយពីរថយន្តសឹកសំបកកង់ខ្លាំងពិន័យពី 30ទៅ 40 ម៉ឺនរៀលបន្ថែមពីលើហើយបើអត់មានភ្លើងស្តុប ណាមួយទៀតក៏ពិន័យទៅតាមជាក់ស្ដែងអញ្ចឹងទៅ។តាមប្រភពបានបន្តថា បើម្ចាស់ឡាននិយាយអង្វរសុំឲ្យមានការយោគយល់ថយខ្លះគេក៏យោគយល់ទៅតាមនោះដែរ ។ ពាក់ព័ន្ធនឹងការលើកឡើងខាងលើអ្នកយកព័ត៌មានយើងក៏បានព្យាយាមសួរទៅលោកវរសេនីយ៍ឯក អៃ សំអាន ប្រធានគោលដៅខាងលើតាមរយៈប្រព័ន្ធទំនាក់ទំនងតេឡេក្រាមដែរ តែលោកមិនត្រឹមតែមិនឆ្លើយតបនោះទេ ថែមទាំងលុបសារ ហើយប្លុកលេខរបស់អ្នកយកព័ត៌មានយើងទៀតផង ៕
No comments:
Post a Comment