ភ្នំពេញ៖តៃកុងរថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ បុករះ បណ្តាលឱ្យមានមនុស្សប្រុសស្រី ចំនួន ៣ នាក់ បានស្លាប់ និង ៣ នាក់ រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។គួររំលឹកថា កាលពីយប់ ថ្ងៃសៅរ៏ ទី១៦ ខែតុលា ឆ្នាំ២០២១ មនុស្សប្រុសស្រី ៣ នាក់ បានស្លាប់ នៅកន្លែងកើតហេតុ និង ៣ នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានបុរសម្នាក់រួមដំណើរដោយបុរសម្នាក់ទៀត បើករថយន្ត តូយ៉ូតា ធុនត្រា មួយគ្រឿង ក្នុងល្បឿនលឿន ហើយបានរេចង្កូត បុករះ កាលពីវេលាម៉ោង ប្រមាណជា ១០ និង ៣០ នាទី យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចខាងលិច សួនឧស្សាហកម្ម កាណាឌីយ៉ា ប្រមាណ ៥០ ម៉ែត្រ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ច បានឲ្យដឹងថាៈ សពជនរងគ្រោះ ទាំងបីនាក់ និងអ្នករងរបួសធ្ងន់ស្រាល ចំនួន បីនាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ។តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបានឃើញ បុរស ១នាក់ រួមដំណើរជាមួយបុរស ម្នាក់ទៀត បើករថយន្ដ ម៉ាក តូយ៉ូតា ធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AG-7060 ធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ ក្នុងទិសដៅពី ខាងត្បូង ទៅខាងជើង បានប៉ះម៉ូតូមួយគ្រឿង រងការខូចខាតបន្តិចបន្តួច តែមិនព្រមឈប់ ដោះស្រាយនោះទេ ហើយបានព្យាយាម បើករត់ឡើង ទៅផ្លូវវេងស្រេង ក្នុងទិសដៅពីខាង កើត ទៅខាងលិច ក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ ស្របពេលមេឃ កំពុងធ្លាក់ភ្លៀងផង បានរេចង្កូត ទៅខាងស្ដាំដៃ ឡើងលើចិញ្ចើមផ្លូវ បុករះម៉ូតូ រទេះលក់ សាច់គោអាំង និង សំយ៉ាបផ្ទះប្រជាពលរដ្ឋ រួមទាំងស្លាកសញ្ញាចរាចរណ៍ បណ្ដាលឲ្យដួល និង បែកបាក់រាយប៉ាយ ពេញផ្លូវ និងសម្ភារមួយចំនួនទៀត រងការខូចខាត ។
ចំណែកមនុស្សប្រុសស្រី៦ នាក់ ដែលកំពុងឈរ នៅចិញ្ចើមផ្លូវ បានបុក បណ្ដាលឲ្យស្លាប់ ៣ នាក់ នៅកន្លែងកើតហេតុភ្លាមៗ រីឯមនុស្សប្រុសស្រី ៣ នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ។ភ្លាមនោះ ម្ចាស់រថយន្តបង្ក និងអ្នករួមដំណើរ បាននាំគ្នារត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋ នាំគ្នាព័ទ្ធចាប់ខ្លួន រួចប្រគល់ជូនសមត្ថកិច្ច រួចបញ្ជូនទៅអធិការរដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ភ្លាមៗ។ ដោយឡែក សពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ រួចទំនាក់ទំនង រកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី។បច្ចុប្បន្ន ជនត្រូវចោទ កំពុងស្ថិតក្នុងដំណាក់កាល តំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ បើកការស៊ើបសួរ នៅឡើយ៕
No comments:
Post a Comment