ភ្នំពេញៈ កាលពីថ្ងៃទី២៣ខែវិច្ឆិកា ឆ្នំា២០២១នេះ សំណុំរឿងជួញដូរអាវុធនៅខេត្តបាត់ដំបងខណៈនេះមានជនជាប់សង្ស័យចំនួនប្រាំពីរនាក់ហើយ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងងរាជធានីភ្នំពេញ ។ ក្នុងនេះមានថ្នាក់ឧត្តមសេនីយ៍ចំនួនពីរនាក់ថ្នាក់វរសេនីយ៍ ក្នុងកងយោធពលខេមរភូមិន្ទ និង នគរបាលជាតិផងដែរ។លោកប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ករណីខាងលើនេះតំណាងអយ្យការ បានបើកការស៊ើបសួរនិងបានបញ្ជូនទៅចៅក្រមស៊ើបសួររួចហើយ។អ្នកនាំពាក្យដដែលបញ្ជាក់ថាតំណាងអយ្យការបានបើកការ ស៊ើបសួរ ទៅចៅក្រមស៊ើបសួរ ពីបទជួញដូរ នាំចេញនិងសន្និធិអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវដោយគ្មានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច តាមមាត្រា ៤៨៨ និងមាត្រា ២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។
ជំហានដំបូងឧត្តមសេនីយ៍យោធាម្នាក់ និងបក្ខពួកចំនួនពីរនាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថសហការជាមួយកម្លាំង នគរបាលលជាតិចាប់ខ្លួនបានជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាប់នឹងព្រំដែនជាមួយប្រទេសថៃ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១នៅទីកន្លែងផ្សេងគ្នា។ ដោយឧត្តមសេនីយ៍យោធាចាប់ខ្លួននៅមុខភោជនីយដ្ឋាន ស្យាមស៊ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាបកាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២១។ជាបន្តបន្ទាប់សមត្ថកិច្ចបានឈានទៅចាប់ខ្លួនជនជាប់សង្ស័យចំនួនប្រាំពីរដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះរួចបញ្ជូនទៅតុលាការ និង កំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្តទៀត។មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ដោយរំលឹកថា តម្រុយដំបូងសមត្ថកិច្ចបានប្រទះឃើញអាវុធ នៅចំណុចភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ខែតុលាឆ្នាំ២០២១ និងចំណុចចម្ការតាង៉ែនស្ថិត ក្នុងភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងកាលពីថ្ងៃទី១២ខែវិច្ឆិកា។ផ្តើមចេញពីចំណុចសមត្ថកិច្ច ប៉ូលិស បានបើកការស្រាវជ្រាវ។លទ្ធផលស្រាវជ្រាវគឺវត្ថុតាងចាប់យកមានអាវុធចំនួន៥៣ដើម (AK47 ៥០ដើម M79ចំនួន៣ដើម) និងបង់AK47ចំនួន៤៧បង់។
ការស្រាវជ្រាវបានឈានឃាត់ខ្លួនបានមុខសញ្ញាសង្ស័យបានចំនួនប្រាំពីរនាក់។ក្នុងនេះ ១.លៀង ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ មន្ត្រីការិយាល័យពលករខ្មែរក្រៅប្រទេស នាយកដ្ឋានវិនិយោគឯកជននៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ។ ២.ឧត្ដមសេនីយ៍ត្រី អូន ពិសិដ្ឋ ភេទប្រុស អាយុ៥២ឆ្នាំយោធានៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ក្រសួង ការពារជាតិ ។ ៣.ព្រិន្ទបាលឯក វី វិនហាយ ភេទប្រុស អាយុ៣៦ឆ្នាំ យោធានៅសឹករងស្រុកភ្នំព្រឹកខេត្តបាត់ដំបង៤.ប៉ុល នី ភេទប្រុស អាយុ៥១ឆ្នាំ អតីតយោធានៅតំបន់ប្រតិបត្តិការសឹងរកបាត់ដំបង ក៥ កងទ័ពជើងគោក។៥. ឧត្តមសេនីយ៍ទោ គង់ ណោរ៉ាន់ ភេទប្រុស អាយុ៦២ឆ្នាំ នាយករងឃ្លាំងសម្ភារបច្ចេកទស(K4)អគ្គនាយកដ្ឋានសម្ភារ បច្ចេកទេសក្រសួងការពារជាតិ។៦.វរសេនីយ៍ឯក យូ សំណាង ភេទប្រុស អាយុ៣៩ឆ្នាំមន្ត្រីបម្រើការងារនៅអគ្គនាយក ដ្ឋានសម្ភារបច្ចេកទេស ក្រសួងការពារជាតិ ។ ៧.វរសេនីយទោ ព្រហ្ម សុភ័ក្រ ភេទប្រុស អាយុ៤២ឆ្នាំមន្ត្រីបំរើការងារនៅ អគ្គនាយកដ្ឋានសំភារ:បច្ចេកទេសក្រសួងការពារជាតិ ។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ថាពាក់ព័ន្ធការឃាត់ខ្លួននាយទាហានជាន់ខ្ពស់ដែលពាក់ព័ន្ធទៅនឹងអាវុធដែលបានរកឃើញនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ជាប់នឹងព្រំដែនជាមួយប្រទេសថៃគឺជាកិច្ចការសហការរវាងកងរាជអាវុធហត្ថជាមួយនឹងនគរបាលជាតិ គឺបានធ្វើការឃាត់ខ្លួនបុគ្គលយោធិន ដែលមានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍តាមចម្លើយរបស់ជនល្មើសដែលខាង នគរបាលបានចាប់ខ្លួនបាន។ ក្រោយធ្វើការឃាត់ខ្លួនសាកសួរ គឺមានការពាក់ព័ន្ធនឹងការជួញដូរអាវុធដូចដែល ខាងនគរបាលបានស៊ើបអង្កេតឃើញមែន ។ប្រភពអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា អ្នកពាក់ព័ន្ធក្នុងសំណុំរឿង ពុំទាន់ចាប់ខ្លួនអស់នៅឡើយទេ ។ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវនិងឈានទៅចាប់ខ្លួនបន្តទៀត។ ប៉ុន្តែអ្វីដែលជាលើកជាចម្ងល់ក្នុងសំណុំរឿងថា តើអ្នកមានអ្នកណាខ្លះនៅពីក្រោយសំណុំរឿងដែលមានទំនាក់ទំនងជាប្រព័ន្ធនេះ?ហើយសមាសភាពជាក្រុមណា?៕
No comments:
Post a Comment