សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «71C» - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម្តេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «71C»

កំពង់ចាមនិងត្បូងឃ្មុំ៖នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ តាមរបាយការណ៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ស្ពាននេះ ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

តួស្ពានមានប្រវែង ១,១៣១ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២គន្លង ផ្លូវម៉ូតូចំនួន ២គន្លង ផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ទៅមក។ ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ៧១C មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងសរុប ៩,៤៥៤ម៉ែត្រ។ ស្ពាន និងផ្លូវតភ្ជាប់នេះ ត្រូវបានចំណាយពេលសាងសង់ ៤២ខែ ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ចំណាយថវិកាជិត ៥៧លានដុល្លារអាមេរិក។ ចំណែកឯផ្លូវដែលត្រូវបើកការដ្ឋានសាសង់នៅពេលនេះ គឺជាផ្លូវជាតិលេខ «៧១ស៊ី (C)» តភ្ជាប់ពីស្រុកត្បូង ខេត្តត្បូងឃ្មុំ ទៅស្រុកចម្ការលើ ខេត្តកំពង់ចាម ប្រវែងជិត ១១៥គីឡូម៉ែត្រផងដែរ។ ផ្លូវនេះ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ១៥៤+៧០០ ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅគីឡូម៉ែត្រលេខ៣០+៤០ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «៧១C» ។ 

ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានបង្ហាញនូវក្តីសោមនស្សរីករាយនៅពេលឃើញថាកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗឥតឈប់ឈរ។ ឯកឧត្តមតំណាងឱ្យភាគីចិនបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិន និងការចាប់ផ្តើមគម្រោងការដ្ឋានសាងសង់ផ្លូវជាតិលេខ71Cនាពេលនេះ។ ចិនតែងមានសុភាសិតមួយពោលថា " ចង់ឆ្លងទន្លេត្រូវសង់ស្ពានជាមុន " ។ ប្រទេសកម្ពុជាសម្បូរធនធានទឹក ទន្លេតូចធំខ្វាត់ខ្វែងជាបណ្ដាញ ហើយស្ពានមានតួនាទីយ៉ាងសំខាន់ដែលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេស ដូចនេះ ក្នុងនាម​ជា​មិត្ត​ពិតប្រាកដ​របស់​កម្ពុជា ភាគីចិន​បានផ្តល់ជំនួយសាងសង់ស្ពានជាបន្តបន្ទាប់ជូនកម្ពុជាចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ននេះ​មាន​សស្ពានឆ្លងកាត់​ទន្លេចំនួនសរុប​៨​​​ ហើយស្ពាននីមួយៗមិនត្រឹមតែតភ្ជាប់បណ្ដាទីកន្លែងក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់បេះដូងនៃប្រជាជនទាំងពីរយ៉ាងស្អិតរមួត វាបានក្លាយជាស្ពានចំណងមិត្តភាកម្ពុជា និងចិនយ៉ាងពិតប្រាកដ។

សម្តេចតេជោ ហ៊ុន សែន ពិតជាមានសេចក្តីរីករាយដែលបានអញ្ចើញចូលរួមក្នុងសម្ពោធស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រង់ នឹងបើកការដ្ឋានសាងសង់ផ្លូវជាតិ៧១C នាពេលនេះ ។ នៅថ្ងៃនេះ សម្ដេចតេជោបានបន្ថែមឈ្មោះស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា នេះថាជា "ស្ពានភ្ជាប់និស្ស័យ"  ដែលមានន័យទូលំទូលាយ គឺជាភ្ជាប់និស្ស័យរវាងកម្ពុជា និងចិន , ជាការភ្ជាប់និស្ស័យរវាងប្រជាពលរដ្ឋនៃទឹកដីនៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅទឹកដីនៃស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ និងមួយទៀតគឺភ្ជាប់និស្ស័យរវាងរូបសម្តេចផ្ទាល់ជាមួយនឹងឧត្ដមភរិយារបស់សម្តេច គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចមានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ឯសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ។ 

សម្តេចជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាពីមុនតំបន់នេះពិតជាមានការលំបាកណាស់ដោយធ្វើដំណើរត្រូវប្រើទូកចែវ បន្ទាប់កទូកម៉ាស៊ីន ដែលមានការលំបាកសម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងត្រើយខាងលិច ទៅត្រើយខាងកើត ជាពិសេសពេលមានជម្ងឺឈឺថ្កាត់ម្តងៗតែងតែលំបាក ពោលគឺទម្រាំទៅដល់មន្ទីរពេទ្យត្រូវចំណាយពេលវេលាយូរ ។ តែពេលនេះយើងមិនមានការលំបាកទៀតទេ ដោយសារយើងមានស្ពានមិត្តភាពកម្ពុជា ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬស្ពានភ្ជាប់និស្ស័យនេះ។ សម្តេចពិតជាមានមោទនភាពចំពោះសមិទ្ធផលជាតិដែលកើតមានឡើងជាបន្តបន្ទាប់។សម្តេចបានរំលឹកពីការតស៊ូដឹកនាំប្រទេសដំបូងដោយយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសជាតិចេញពីសង្គ្រាម បន្ទាប់មកយើងបានចាប់ផ្តើមអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាបន្តបន្ទាប់រហូតដល់មានការរីកចម្រើនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ ថា ដោយសារតែស្ថានភាពជំងឺកូវីដ-១៩​ រីករាលដាលនៅទូទាំងប្រទេសអស់រយៈពេលប្រមាណជាជិត២ឆ្នាំមកនេះ បានធ្វើឲ្យកម្ពុជាចំណាយថវិកាជាង២,៣០០លានដុល្លារដើម្បីចំណាយលើការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងចំណោយផ្សេងៗ ដែលចំនួនទឹកប្រាក់នេះវាស្មើនឹងការចំណាយលើការសាងសង់ស្ពានបានចំនួន២០ខ្សែ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីយុទ្ធសាស្ត្រជាច្រើនពាក់ព័ន្ធយុទ្ធសាស្ត្រក្នុងព្រឹត្តិការណ៍នានា ក្នុងកំលុងរាតត្បាតនៃជំងឺកូវីដ-១៩ ដោយសម្តេចតេជោបានថ្លែងថា ក្នុងនាមជាមេដឹកនាំរបស់ជាតិ សម្តេចមិនអាចឱ្យប្រជាពលរដ្ឋស្លាប់ ដោយមិនដាក់ចេញវិធានការចាំបាច់មួយចំនួននោះទេ ទោះត្រូវគេរិះគន់យ៉ាងណាក៏ដោយ។នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រូី សូមអោយយកចិត្តទុកដាក់សុខភាពមនុស្សចាស់ ក្នុងពេលរដូវចុះត្រជាក់ខាងមុខនេះ ។ សូមអោយអាជ្ញាធរត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពមបុស្សចាស់ ដូចជាត្រៀមផ្តល់ជូននូវអាវភ្លៀង អាវរងារ ភួយ ដើម្បីជួយដល់មនុស្សចាស់ទាំងឡាយដែលមានការខ្វះខាត។ 

សម្តេចតេជោបានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញការងារនាពេលកន្លងមកនេះ ជាពិសេសក្នុងពេលទប់ស្កាត់កូវីដ ក៏ដូចជាពេលដែលបើកប្រទេសជាតិឡើងវិញនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានជួយកសាងស្ពាននេះ ក៏ដូចជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសកម្ពុជាជាច្រើនទៀត។ សម្តេចតេជោ បានអបអសាទរសាទរចំពោះសមិទ្ធផលស្ពានថ្មី និងផ្លូវដែលត្រូវសាងសង់បន្តជាពេលនេះ និងបានជូនពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ។ បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់- ក្រូចឆ្មារ ចាប់ពីពេលនេះតទៅ៕






























No comments:

Post a Comment

Pages