ទីបំផុតឧកញ៉ានួនអក សុំទោសអ្នកកាសែត ខណះពេលមេធាវី របស់លោកឧកញ៉ានួនអក ចេញលិខិតគំរាមប្តឹងអ្នកកាសែត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ទីបំផុតឧកញ៉ានួនអក សុំទោសអ្នកកាសែត ខណះពេលមេធាវី របស់លោកឧកញ៉ានួនអក ចេញលិខិតគំរាមប្តឹងអ្នកកាសែត


(ភ្នំពេញ)៖នៅល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១  បន្ទាប់ពីលោក គឹម វិញ្ញូរិទ្ធ ជាមេធាវីរបស់លោកឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD ចេញលិខិតគំរាមប្ដឹងអ្នកកាសែតណាដែលហ៊ានផ្សាយរឿងកូនក្ដីរបស់ខ្លួន លក់ដីខ្យល់នៅខេត្តកំពត បោកប្រាស់អតិថិជនជាង១ម៉ឺនដុល្លារ ដើម្បីបំភ័យអ្នកកាសែតមិនបានសម្រេច លោកឧកញ៉ា បានចេញវីដេអូ សុំទោស និងលួងលោមអ្នកកាសែត ឱ្យលុបព័ត៌មានចេញវិញម្ដង។នៅក្នុងវីដេអូផ្សាយផ្ទាល់លើបណ្ដាញសង្គម Facebook រយៈពេល ២៣នាទីនិង១៥វិនាទី លោកឧកញ៉ា នួន អក ដែលគេស្គាល់ថាជាគ្រូបង្រៀន ឱ្យមនុស្សក្នុង ប្រទេសកម្ពុជាឱ្យជោគជ័យ បានលើកដៃសំពះសុំទោសអ្នកកាសែតទាំងអស់ និងសុំឱ្យលុបព័ត៌មានដែលបានផ្សាយរឿងអតិថិជនប្ដឹងលោកចេញវិញ។

ក្នុងការសម្ដែងធ្វើទឹកមុខស្រពាប់ស្រពោន ហាក់ដូចជានិយាយចេញពីចិត្តមែនទែន លោកឧកញ៉ា នួន អក បានលើកឡើងថា  ថ្ងៃមិញនេះ មេធាវីរបស់ខ្ញុំបានចេញ លិខិតមួយធ្វើឱ្យបងប្អូនអ្នកសារព័ត៌មានមួយចំនួនមិនសប្បាយចិត្ត ដូច្នេះខ្ញុំសុំ ធ្វើការសុំខន្តីអភ័យទោស ដោយសារខ្ញុំអត់មានបំណងឱ្យមានបញ្ហាចឹងទេ….ដោយខ្ញុំមិនបានពិនិត្យពិច័យឱ្យបានច្បាស់លាស់។លោកឧកញ៉ា នួន អក និយាយធ្វើដូចជាខ្លូនបានស្គាល់កំហុស និងចង់សុំទោសអ្នកកាសែតមែនទែនថា៖ ខ្ញុំចង់ឱ្យបងប្អូនអ្នកសារព័ត៌មានទាំងអស់ កុំមានការភាន់ច្រឡំ ខឹងចំពោះខ្ញុំ ក៏ដូចជាលិខិតដែលយើងបានចេញថ្ងៃមិញ…..ចង់ឱ្យបងប្អូនគិតចេះវិញ លិខិតហ្នឹងគ្រាន់តែចង់ឱ្យបងប្អូន ជួយសម្របសម្រួលលុបចោលវិញ……ដើម្បីកុំឱ្យមានការភាន់ច្រឡំតទៅទៀត…..។ ខ្ញុំជំនួសឱ្យមេធាវីរបស់ខ្ញុំ ខ្ញុំសូមធ្វើការសុំទោសបងប្អូន។

អ្វីដែលគួរឱ្យសោកស្ដាយនោះ គឹការសម្ដែងរបស់លោកឧកញ៉ា នួន អក បានលុបចេញពីលើបណ្ដាញសង្គម Facebook វិញភ្លាមៗ បន្ទាប់ពីផ្សាយផ្ទាល់ ដើម្បីសម្តែងធ្វើដូចជាដឹងកំហុស និងសុំទោសអ្នកកាសែតមែនទែន។ការលុបចោលនូវវីដេអូពីលើបណ្ដាញសង្គម Facebook របស់លោកឧកញ៉ា នួន អក ទំនងជាអាចបង្ហាញឱ្យសាធារណៈជនមើលឃើញកាន់តែច្បាស់ថា លោកឧកញ៉ា រូបនេះមានបេះដូងសុច្ចរិត ក្នុងការសុំទោសអ្នកកាសែត ពិតប្រាកដ ឬក៏គ្រាន់តែជាការសម្ដែងទៅតាមជំនាញរបស់លោកតែប៉ុណ្ណោះ?។

គួរបញ្ជាក់ថា ក្រោយពីជនរងគ្រោះដាក់ពាក្យប្ដឹងលោកឧកញ៉ានួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD រឿងឆបោកប្រាក់ចំនួន ១១,៧២០ដុល្លារ ក្នុងការទិញលក់ដីឡូតិ៍ F1នៃគម្រោង ឌឺសាគូរ៉ាផាក ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត និងមានការចុះផ្សាយតាមបណ្ដាញ សារព័ត៌មានក្នុងស្រុក មេធាវីរបស់លោកឧកញ៉ា នួន អក បានចេញលិខិតបំភ្លឺ និងគំរាមអ្នកកាសែតដែលហ៊ានផ្សាយការពិតឱ្យលុបរឿងអាស្រូវនោះជាកំហិត។

លិខិតចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ របស់លោក គឹម វិញ្ញូរិទ្ធ ជាមេធាវីរបស់ លោកឧកញ៉ានួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD បានចាត់ទុកថា ការចុះផ្សាយអត្ថបទ រឿងជនរងគ្រោះឈ្មោះ ឡុង សុភ័ក្រ្ត ភេទស្រី អាយុ ៣៧ឆ្នាំដាក់ពាក្យប្ដឹងឧកញ៉ា នួន អក ទៅកាន់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត រឿងឆបោកប្រាក់ជាង ១ម៉ឺនដុល្លារក្នុងការលក់ដីខ្យល់នៅខេត្តកំពតនោះជារឿងមិនពិត នោះទេ។

មេធាវី គឹម វិញ្ញូរិទ្ធ បានចាត់ទុកការផ្សាយរបស់អ្នកកាសែតរឿងលោកឧកញ៉ានួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD ត្រូវអតិថិជនប្ដឹងករណីឆបោកប្រាក់ គឺជាការចុះផ្សាយខុសពីការពិត ដើម្បីទាញយកប្រយោជន៍ពីលោកឧកញ៉ា នួន អក ។ជាចុងក្រោយមេធាវី គឹម វិញ្ញូរិទ្ធ បានគំរាមចាត់វិធានការច្បាប់ប្រសិនបើអ្នកកាសែត និងអ្នកលេងFacebook នៅតែបន្តការផ្សាយរឿងអាស្រូវមួយនេះ មិនព្រមលុបចោលវិញក្នុងរយៈពេល ២៤ម៉ោងចាប់ពីពេលជូនដំណឹងនេះ។

ដើម្បីបង្ហាញការពិត និងលាតត្រដាងឱ្យកាន់តែច្បាស់ថា លោកឧកញ៉ា នួន អក ជាមនុស្សបរិសុទ្ធ ឬមិនបរិសុទ្ធ មេធាវីរបស់លោកឧកញ៉ា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញលិខិតមួយច្បាប់ មានកំរាស់២ទំព័រគំរាមអ្នកកាសែតនិងអ្នកលេង Facebook ឱ្យលុបព័ត៌មានភ្លាមៗ។ស្រាប់តែនៅវេលាទៀបភ្លឺថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឧកញ៉ា នួន អក បានឱ្យកូនចៅរបស់ខ្លួនផ្ញើលុយទៅសងដើម្បីបណ្ដឹងដើម្បីបញ្ចប់វិវាទ។ នេះបើតាមប្រភពពីជនរងគ្រោះ។

ប្រភពបន្ថែមថា ក្រោយពេលកាសែតចុះផ្សាយរឿងគាត់ប្ដឹងលោកឧកញ៉ា នួន អក ភ្លាម គឺឧកញ៉ា នួន អក បានហៅទូរស័ព្ទទៅជនរងគ្រោះ និងមេធាវីរបស់ជនរងគ្រោះ ដើម្បីសុំចចារបញ្ចប់រឿងរាប់សិបដង ប៉ុន្តែជនរងគ្រោះមិនព្រមសម្របសម្រួលជាមួយ ទើបនៅវេលាទៀបភ្លឺ និងព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧកញ៉ា នួន អក ប្រើប្រាស់គណនីធនាគារឈ្មោះ CHHORN SREYNECH លេខ 000 483 492 ផ្ញើលុយចូលទៅគណនីរបស់ជនរងគ្រោះ ចំនួន ២លើក សរុបចំនួន ៣៥,១៦០ដុល្លារ ដោយដាក់នៅចំណុច REMARK ថា ប្រាក់ព្រមព្រៀងបញ្ចប់វិវាទរវាងឧកញ៉ា នួន អក និងលោកស្រី ឡុង សុភ័ក្ត្រ ថែមទៀតផង។

ជនរងគ្រោះ បន្ថែមថា លុយសរុប ៣៥,១៦០ដុល្លារនោះ ទំនងជាលោកឧកញ៉ា នួន អក សងលោកស្រី ចំនួន ១១,៧២០ ដុល្លារ ជាលុយដែលលោកស្រីកក់ក្នុងការទិញដីឡូតិ៍F1 និងលុយចំនួន ២៣,៤៤០ដុល្លារ ទៀតទំនងជាលុយសំណងជំងឺចិត្តដែល លោកស្រី ទាមទារនៅក្នុងបណ្ដឹងដែលលោកស្រីដាក់ជូន ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ។ប្រសិនបើរឿង ជនរងគ្រោះម្នាក់ប្ដឹងឧកញ៉ា នួន អក ករណីឆបោកប្រាក់ជាង១ម៉ឺនដុល្លារ រឿងលក់ដីខ្យល់នៅខេត្តកំពត ជារឿងមិនពិតដូចការលើកឡើងរបស់មេធាវី គឹម វិញ្ញូរិទ្ធ តើហេតុអ្វីបានជា លោកឧកញ៉ា នួន អក ព្រមសងជនរងគ្រោះ ទាំងប្រាក់កក់ និងប្រាក់ជំងឺចិត្ត ដែលជនរងគ្រោះប្ដឹងទាមទារ?។

ប្រសិនបើរឿង ជនរងគ្រោះម្នាក់ប្ដឹងឧកញ៉ា នួន អក ករណីឆបោកប្រាក់ជាង១ម៉ឺនដុល្លារ រឿងលក់ដីខ្យល់នៅខេត្តកំពត ជារឿងមិនពិតដូចការលើកឡើងរបស់មេធាវី គឹម វិញ្ញូរិទ្ធ តើហេតុអ្វីបានជា លោកឧកញ៉ា នួន អក ខំហៅទូរស័ព្ទលេខ ០៦១ ៨៧៥៥៥៥ និងលេខ ០១៥ ៨៧៥៥៥៥ ទៅជនរងគ្រោះ និងមេធាវីរបស់ជនរងគ្រោះជាច្រើនលើក ច្រើនសារទាំងយប់ដើម្បីសុំបញ្ចប់រឿង?ប្រសិនបើរឿង ជនរងគ្រោះម្នាក់ប្ដឹងឧកញ៉ា នួន អក ករណីឆបោកប្រាក់ជាង១ម៉ឺនដុល្លារ រឿងលក់ដីខ្យល់នៅខេត្តកំពត ជារឿងមិនពិតដូចការលើកឡើងរបស់មេធាវី គឹម វិញ្ញូរិទ្ធ តើហេតុអ្វីបានជា លោកឧកញ៉ា នួន អក ឱ្យកូនចៅផ្ញើលុយទៅសងជនរងគ្រោះ ដោយមិនរងចាំ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កោះហៅទៅបើក សវនាការ តទល់គ្នាជាសាធារណៈ ផ្សាយផ្ទាល់ឱ្យមហាជនបានដឹង និងបានឃើញការពិត ថាអ្នក ណាខុសអ្នកណាត្រូវ? បែរជាស្នើសុំឱ្យជនរងគ្រោះទៅដកពាក្យបណ្ដឹងនោះមកវិញ? ឬក៏លោកឧកញ៉ា ខ្លាចការពិតមិនហ៊ានទៅតទល់គ្នាចំពោះមុខ ឯកឧត្តមអភិបាលខេត្ត ទើបបានជាលោកឧកញ៉ា ចោទប្រកាន់ថា អ្នកកាសែតចុះរឿងជនរងគ្រោះ ប្ដឹងលោកឧកញ៉ា ជារឿងមិនពិតទៅវិញ?។

សូមជម្រាបថា ជនរងគ្រោះឈ្មោះ ឡុង សុភ័ក្រ្ត ភេទស្រី អាយុ ៣៧ឆ្នាំ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ បានដាក់ពាក្យប្ដឹងឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD ពាក់ព័ន្ធករណីឆបោកប្រាក់ជាង ១ម៉ឺនដុល្លារ។យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលដាក់ជូនឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ឲ្យជួយរកយុត្តិធម៌ ដោយសារតែលោកឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD បានឆបោកប្រាក់របស់ខ្លួនចំនួន ១១,៧២០ដុល្លារ ក្នុងការទិញលក់ដីឡូតិ៍គម្រោង ឌឺសាគូរ៉ាផាក ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។

ពាក្យបណ្ដឹងរៀបរាប់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះ បានសម្រេចចិត្តទិញ (មើលតែលើក្រដាសនៅការិយាល័យលក់នៅក្រុងភ្នំពេញ) ដីមួយកន្លែងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ពីក្រុមហ៊ុន BLUE BAY LAND DEVELOPMENT របស់លោកឧកញ៉ា នួន អក ស្ថិតនៅក្នុងគម្រោងឌីសាគូរ៉ាផាក ដីឡូតិ៍លេខF3 មានទំហំ ៨០០ម៉ែត្រការ៉េ តំលៃលក់សរុបគឺ ២៤,០០០ ដុល្លារ និងបានកក់ប្រាក់ចំនួន ១០,០០០ដុល្លារ។ដោយសារតែទីតាំងដីឡូតិ៍F3ខាងលើនោះ ស្ថិតនៅជិតចំណតឡាន និងមានភាពអ៊ូអរពេក ដោយជនរងគ្រោះចង់ធ្វើផ្ទះលំហែរ និងមិនចង់អ៊ូអរ ទើបជនរងគ្រោះ ស្នើសុំក្រុមហ៊ុនប្តូរទីតាំងដី ទៅកន្លែងផ្សេងដែលមានទំហំធំជាងមុន និងស្ថិតនៅទីតាំងខាងក្រោយគេ និងឯកភាព បង់ប្រាក់តាមទំហំ ដែលធំជាងតាមរយៈការចរចារពីបុគ្គលិកក្រុមហ៊ុនផ្នែកលក់ឈ្មោះ ហាក់ ចាន់ថេង និងឈ្មោះ ឡុក ម៉េងឡុង។

ដីឡូតិ៍ថ្មី នៅទីតាំងថ្មីគឺលេខ F1 មានទំហំ ៩២០,០៣ម៉ែត្រការ៉េ ក្រុមហ៊ុនតម្រូវឲ្យជនរងគ្រោះកក់ប្រាក់បន្ថែមចំនួន ៨,៤៤០ដុល្លារ (លើប្រាក់កក់ ១០,០០០ដុល្លារកាលពីពេលមុន)។ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ជនរងគ្រោះ បានកក់ប្រាក់ចំនួន ៥,០០០ដុល្លារបន្ថែម។ជនរងគ្រោះបញ្ជាក់ថា រាល់ការទូទាត់ប្រាក់កក់ទាំង ៣លើកសរុបចំនួន ២៣,៤៤០ដុល្លារគឺធ្វើការផ្ទេរតាមរយ:ធនាគារ ABA ចូលគណនីធនាគារ របស់លោកឧកញ៉ា នួន អក លេខ៖ 000246453។ក្រុមហ៊ុន BLUE BAY LAND DEVELOPMENT របស់លោកឧកញ៉ា នួន អកបានសន្យាថា បន្ទាប់ពីប្រគល់ប្រាក់កក់រួចរយៈពេល ៣០ថ្ងៃ ជនរងគ្រោះ អាច ទទួលបានយកទៅប្រើប្រាស់ និងអាស្រ័យផល ដោយមានការចាក់ដីលុបរួចរាល់ មានប្រព័ន្ធទឹកស្អាត តភ្ជាប់ប្រព័ន្ធភ្លើងរដ្ឋ មានប្រព័ន្ធលូ និងផ្លូវបេតុងរួចរាល់។

ប៉ុន្តែការសន្យានេះ គឺវាគ្រាន់ តែជាការកុហក់បោកប្រាស់ជនរងគ្រោះតែប៉ុណ្ណោះ ពោលគឺនៅពេលគ្រប់ ៣០ថ្ងៃ ជនរងគ្រោះ សុំបង់លុយបង្គ្រប់ថ្លៃដី ដើម្បីទទួលដីយកទៅប្រើប្រាស់ បែរជាក្រុមហ៊ុនគ្មានដីដូចការសន្យា និងបង្ហាញលើក្រដាសប្រកាសលក់ឡើយ ពោលគឺគម្រោងដីឡូតិ៍ ឌឺសាគូរ៉ាផាក គឺនៅជាវាលស្រែ មិនទាន់មានការចាក់ដី និងរៀបចំអ្វីទាំងអស់។ដោយសារតែក្រុមហ៊ុន BLUE BAY LAND DEVELOPMENT របស់លោកឧកញ៉ា មិនគោរពតាមសន្យា និងមិនមានទីតាំងដីច្បាស់លាស់ប្រគល់ជូនជនរងគ្រោះ ទើបជនរងគ្រោះ សុំឲ្យក្រុមនេះប្រគល់លុយកក់ទាំងអស់នោះត្រឡប់មកវិញ។

ក្រុមហ៊ុន BLUE BAY LAND DEVELOPMENT បានព្រមព្រៀងជាមួយជនរងគ្រោះ ដើម្បីធ្វើការបញ្ចប់វិវាទ ដោយធ្វើលិខិតបញ្ជាក់ការទូទាត់ប្រាក់ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដោយសន្យាសងប្រាក់ទៅជនរងគ្រោះជា ២ដំណាក់កាលគឺ៖ដំណាក់កាលទី១ ក្រុមហ៊ុនប្រគល់ទឹកប្រាក់ចំនួន ១១,៧២០ដុល្លារ ឲ្យទៅជនរងគ្រោះនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ (ជនរងគ្រោះទទួលបានរួចហើយ)ដំណាក់កាលទី២ គឺ ក្រុមហ៊ុនប្រគល់ទឹកប្រាក់ចំនួន ១១,៧២០ដុល្លារ ឲ្យទៅជនរងគ្រោះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។

ប៉ុន្តែមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងក្រុមហ៊ុន BLUE BAY LAND DEVELOPMENT មិនទាន់បានអនុវត្ត កាត្វកិច្ចបង់ប្រាក់ដំណាក់កាលទី២ មកឲ្យជនរងគ្រោះឡើយ។ទោះជាជនរងគ្រោះព្យាយាមទាក់ទងទៅបុគ្គលិកក្រុមហ៊ុន និងទៅដល់ទីតាំងក្រុមហ៊ុនយ៉ាងណាក្តី ក៏ក្រុមហ៊ុនមិនមានការឆ្លើយតបទៅជនរងគ្រោះនោះទេ។ជនរងគ្រោះចាត់ទុកថា សកម្មភាពនៃការគេចវេស និងការមិនបំពេញកាតព្វកិច្ចឲ្យ ទាន់ពេលវេលាកំណត់ដែលធ្វើឡើងដោយ ក្រុមហ៊ុននេះ គឺ បានឆ្លុះបញ្ចាំងនូវ ចេតនាទុច្ចរិតយ៉ាងធ្ងន់ធ្ងរ ដោយក្រុមហ៊ុនគ្មានទំនួលខុសត្រូវមកលើខ្លួន ដែលជាអតិថិជនម្នាក់ដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុននៃគម្រោងឌីសាគូរ៉ាផាក ដីឡូតិ៍លេខF1។

ដោយសាររងអំពើអយុត្តិធម៌ពីក្រុមហ៊ុន BLUE BAY LAND DEVELOPMENTរបស់លោកឧកញ៉ា នួន អក ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹង ឲ្យឯកឧត្តមម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ជួយដោះស្រាយតាមច្បាប់៕













No comments:

Post a Comment

Pages