កំពង់ស្ពឺ៖ សំណុំរឿងលោកប្រធានមន្ទីរអធិការកិច្ច និងទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភា ដែលស្ថិតក្នុងប្រតិបត្តិការបង្ក្រាបការជល់មាន់ ក្នុងចំការឬស្សីរបស់លោកវរសេនីយ៍ឯក ជឿង ថេង មន្ត្រីយោធាភូមិភាគ៣ ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះហើយ។ សមត្ថកិច្ច បានបង្ក្រាប និងឃាត់ខ្លួនក្រុមអ្នកជល់មាន់ មួយក្រុម មានគ្នា ៤នាក់ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។ករណីបង្ក្រាបល្បែងជល់មាន់នេះ ហាក់មានការលាក់លៀម មិនអោយព័ត៌មានបែកធ្លាយទេ ព្រោះជាប់ពាក់ព័ន្ធនឹងលោកប្រធានមន្ទីរតែម្តង។
អ្វីដែលមហាជន ក៏ដូចជាមន្ត្រីតូចតាចមានការងឿងឆ្ងល់ គឺនៅព្រឹកថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២១នេះ លោកប្រធានមន្ទីរបែរជាដឹកនាំកិច្ចប្រជុំ ធ្វើហាក់បីដូចជាមិនមានរឿងអ្វីកើតឡើងទាល់តែសោះ។យោងតាមប្រភពពីមន្ត្រីនគរបាលស្រុកឱរ៉ាល់ បានប្រាប់ថា ទីតាំងល្បែងស៊ីសងជល់មាន់ដ៏មានឥទ្ធិពលនៅក្នុងស្រុកឱរ៉ាល់ ត្រូវបានសមត្ថកិច្ចនគរបាល ឆ្មក់ចូលបង្រ្កាប កាលពីថ្ងៃទី៥វិច្ឆិកា ឆ្នាំ២០២១។ ប៉ុន្តែហួសចិត្តដោយសារតែមានអន្តរាគមន៍ និងការជួយជ្រោមជ្រែងពីអ្នកមានអំណាច ក្នុងខេត្ត ទើបមិនអោយមានព័ត៌មានបែកធ្លាយចេញក្រៅ។
បើទោះជាបែបនេះក្តី ចាស់បុរាណ លោកបានពោលថា ដំរីងាប់ មិនអាចយកចង្អេរ មកបាំងបានឡើយ។ សមត្ថកិច្ចនគរបាលតូចតាច ដែលតែងតែបានចូលរួមក្នុងកិច្ចប្រតិបត្ដិការរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ កន្លងមកនិយាយខ្សឹបៗថា កាលពីថៃ្ងទី៥ វិច្ឆិកា ឆ្នាំ២០២១ នៅចំណុចព្រៃឬស្សីមួយកន្លែង ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីប្រជុំជនស្រុកឱរ៉ាល់ ដែលគេដឹងថា ជាដីរបស់លោក ជឿង ថេង ជាបុគ្គលធ្លាប់មានប្រវត្ដិមិនល្អ និងមានឥទ្ធិពលក្នុងទឹកដីស្រុកឱរ៉ាល់ បានលួចបើកអោយបានការភ្នាល់គ្នាលេងជល់មាន់ គូពិសេស ដោយភ្នាល់ ១ម៉ឺនដុល្លារឡើងទៅ ដែលក្នុងនោះ មានអ្នកមានប្រាក់ ថៅកែកាប់ជ្រូក នៅស្ទឹងមានជ័យម្នាក់ មន្រ្តីរាជការថ្នាក់ដឹកនាំក្នុងខេត្ដម្នាក់ និងអ្នកមានប្រាក់ជាច្រើនទៀត ត្រូវបានសមត្ថកិច្ចព័ទ្ធចាប់បាន ចំនួន ៤នាក់។ អ្នកទាំងនោះ មានឈ្មោះដូចខាងក្រោម ១-លីប លីម ថៅកែកាប់ជ្រូក ២-ជា គឿន យោធា ៣-ហាក់ លាប ថៅកែគ្រឿងចក្រ ៤-អ៊ិន សារ៉ន ប្រធានមន្ទីរទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ខេត្តកំពង់ស្ពឺ។
ប្រភពបន្តថា ក្រោយប្រតិបត្ដិការបង្រ្កាប មនុស្សទាំងបួននាក់នេះត្រូវបាននាំដល់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ គឺទូរស័ព្ទរបស់លោកអធិការ រវល់គ្មានពេលសំរាកនោះទេ។ កុំច្រឡំថា លោកជាប់រាយការណ៍ជូនថ្នាក់ដឹកនាំនោះ គឺលោកជាប់ទទួលទូរស័ព្ទអ្នកអន្ដរាគមន៍ កុំអោយចាត់ការបន្ដ និងកុំឆ្លើយថា ទីតាំងនោះ ជារបស់អ្នកណា អោយសោះ គឺជាការជល់មាន់ក្នុងព្រៃ ដើម្បីកែការកំសាន្ដតែប៉ុណ្ណោះ។ចំណុចនេះហើយ ដែលធ្វើអោយមន្រ្ដីតូចតាចអស់សង្ឃឹមនឹងចំណាត់ការកន្លងមក និងការចុះផ្សាយរបស់អ្នកសារព័ត៌មានកន្លងមកថា នៅក្នុងទឹកដីស្រុកឱរ៉ាល់ មានទីតាំងបើកល្បែងស៊ីសងជល់មាន់ អាប៉ោង បៀ តាមទំនើងចិត្ដគ្មានការរំខានដល់សមត្ថកិច្ចមូលដ្ឋានម្ដងណាសោះ។
ចំពោះមុខសញ្ញាទាំងបួននាក់ ដែលនគរបាលយកមក គឺមានបទបញ្ជាហាមដាច់ខាត មិនអោយថតរូប ហើយអ្នកកាសែត ដែលតែងតែផ្ដិតយករូបភាពសកម្មភាពក្នុងចែករំលែកព័ត៌មានពិតទៅដល់មហាជន ក៏មិនត្រូវអនុញ្ញាតឲ្យយកព័ត៌មានទេ។ ហាមទាំងអស់ សូម្បីក្រុមគ្រួសារអ្នកដែលត្រូវគេបង្ក្រាបនោះ ឆ្ងល់ថា បទល្មើសល្បែងស៊ីសង មានទោសកម្រិតណាដែរ បានជាគេហាមឃាត់លាក់លៀមបែបនេះ។ពេលមានសារព័ត៌មានចុះផ្សាយ ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាល ខេត្ដកំពង់ស្ពឺ ចោទប្រកាន់ថា អ្នកសារព័ត៌មានចុះផ្សាយរូបចាស់ គ្មានការពិត។ ចុះពេលនេះ ហេតុអ្វីបង្ក្រាបបានអ្នកលេងមាន់ហើយ បែរជាសម្ងំលាក់ទុកទៅវិញ? ឬមួយសម្ងំដោះលែង រត់ការ?។
តាមព័ត៌មាន ក្នុងចំណោម ៤នាក់ ដែលខាងនគរបាលស្រុកឱរ៉ាល់ បញ្ជូនមកខេត្ដ គឺគេឃើញវត្ដមានក្នុងទ្រុងដែកតែ ៣នាក់ទេ បាត់មន្រ្ដីជាន់ខ្ពស់ម្នាក់ ដែលមានមុខតំណែងក្នុងខេត្ដ មិនដឹងថា ពិតដែរ ឬទេ? ។ពាក់ព័ន្ធនឹងករណី លោក អ៊ិន សារ៉ន ប្រធានមន្ទីរអធិការកិច្ច និងទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភា ត្រូវបានលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត បានប្រាប់តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា “ឃាត់គាត់ ក្នុងរង្វង់សមត្ថកិច្ចប្រតិបត្តិការ។ តែក្រោយធ្វើការស្រាវជ្រាវ និងមានសាក្សីបញ្ជាក់ថា គាត់មិនមានការពាក់ព័ន្ធទេ។ សម្រាប់សំណុំរឿង ១នេះ យើងបញ្ជូនទៅតុលាការព្រឹកនេះ”។
No comments:
Post a Comment