ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់លើសុខទុក្ខមនុស្សចាស់ក្នុងរដូវរងានេះ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់លើសុខទុក្ខមនុស្សចាស់ក្នុងរដូវរងានេះ

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ណែនាំឱ្យអាជ្ញាធរមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់ លើសុខទុក្ខមនុស្សចាស់ក្នុងរដូវរងានេះ ដើម្បីធានាឱ្យពួកគាត់មានភាពកក់ក្តៅក្រោមការមើលថែពីមន្ត្រីមូលដ្ឋាន។ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌ បង្កើតកម្មវិធី ដើម្បីផ្ដល់អំណោយរបស់ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា ដែលមានដូចជា អាវរងា ភួយ ក្រមានិងថវិកា ជូនដល់មនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានលឿននិងទាន់ពេលវេលា ពោលគឺកម្មវិធីនេះត្រូវរៀបចំឡើង កុំឱ្យហួសពីថ្ងៃអាទិត្យសប្តាហ៍នេះ ខណៈដែលអាកាសធាតុបាននិងកំពុងចុះត្រជាក់បណ្តើរៗ ហើយនោះ។

ការជំរុញបែបនេះរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីប្រគល់អំណោយរបស់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ជូនសមាជិក សមាជិកា សមាគមមនុស្សចាស់ ដែលមានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោ នាព្រឹកថ្ងៃទី ០១ខែធ្នូឆ្នាំ២០២១នេះ នៅសាលាខណ្ឌដង្កោ។សមាជិក សមាជិកាសមាគមមនុស្សចាស់ មានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោ ដែលទទួលអំណោយនេះ មានចំនួន១២០នាក់ ម្នាក់ៗទទួលបាន ថវិកាចំនួន៥ម៉ឺនរៀល អាវរងា១ ភួយ១ និងក្រមា១។ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ការជំរុញឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ពីសុខទុក្ខរបស់មនុស្ស ចាស់នៅតាមមូលដ្ឋានក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនេះ គឺធ្វើឡើង ស្រប តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គនៅស្ទឹងត្រង់កាលពីថ្ងៃទី២៣ខែវិច្ឆិកាកន្លងមកនេះ ដោយបានណែនាំ ឱ្យអាជ្ញាធររាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ផ្ដល់នូវអាវរងា ភួយជូនមនុស្សចាស់ ដោយសារតែអាកាសធាតុចុះត្រជាក់ខ្លំាង ។

ឯកឧត្តមក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញអាជ្ញាធរបានកសាងសមាគមមនុស្សចាស់ បានទាំង១០៥សង្កាត់ ហើយ។ ដូច្នេះអាជ្ញាធរខណ្ឌ សង្កាត់ត្រូវ ចុះពិនិត្យតាមដាននិងសួរសុខទុក្ខមនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនដោយសារតែមនុស្សចាស់ ជាអ្នកមានគុណរបស់យើង ហើយប្រពៃណីដូនតារបស់យើងក៏បានបន្សល់ទុក ដោយឱ្យយើងត្រូវតែមានកត្តញ្ញូចំពោះមនុស្សចាស់ផងដែរ។«ដើម្បីគិតគូរពីសុខភាពរបស់បងប្អូននិវត្តជន មន្រ្តីរាជការរៀមច្បង និងមនុស្សចាស់ទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានទទួល ការគាំពារកាន់តែប្រសើរឡើងនោះ ខ្ញុំសូមផ្តាំផ្ញើអនុសាសន៍មួយចំនួន ចំពោះរដ្ឋបាលខណ្ឌទាំងអស់ ត្រូវសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទា រាជធានីភ្នំពេញ ដើម្បីរៀបចំ ពិធីសំណេះសំណាលចែកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់សមាជិកសមាជិកាមនុស្សចាស់ ក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួនឱ្យបានឆាប់ស្របតាមនីតិវិធី ដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងដឹកនាំរៀបចំ » ។

ឯកឧត្តម បានបន្តថា ចំពោះសមាគមមនុស្សចាស់ ក្នុងមូលដ្ឋាននៃសង្កាត់នីមួយៗ ត្រូវដាក់កម្មវិធីចុះសួរសុខទុក្ខ បងប្អូននិវត្តជន មន្រ្តីរាជការរៀមច្បង ក៏ដូចជា មនុស្សចាស់ទូទាំងមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែងយល់អំពីតម្រូវការអាទិភាព និងបញ្ហាប្រឈមសំខាន់ៗ របស់មនុស្សចាស់ សំដៅធ្វើយ៉ាងណាឱ្យមនុស្សចាស់ ទទួលបាននូវការគាំពារសង្គមសមស្រប ។សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ខែវិច្ឆិកា ឯកឧត្តម ឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយាន កម្ពុជា បានយកអំណោយនិងអាវរងាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានដូចជា អាវរងា ភួយ ក្រមានិងថវិកាមួយចំនួន ចែកជូន ដល់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ ៕











No comments:

Post a Comment

Pages