ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៣ធ្នូ បានចេញប្រកាសក្នុងការផ្តល់ភារកិច្ចឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ទៅលើអតីតអភិបាលខេត្តកំពង់ឆ្នាំង គឺលោកឈួរ ច័ន្ទឌឿន ជុំវិញករណីទន្រ្ទានដីព្រៃលិចទឹក។ លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថាACU នៅមិនទាន់មានចំណាត់ការណាមួយនៅឡើយទេ។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកនេះ លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ដោយខ្លីថា អង្គភាពប្រឆាំងអំពើពុករលួយមិនទាន់អាចផ្តល់មតិអ្វីទាំងអស់ ព្រោះនេះជាចំណាត់ការផ្លូវច្បាប់។ ពោលគឺអង្គភាពប្រឆាំងអំពើពុករលួយនៅមិនទាន់ដល់ពេលត្រូវឆ្លើយតបអ្វីមួយឡើយ។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកឱម យ៉ិនទៀង។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពី ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៣ធ្នូ បានចេញសេចក្តីសម្រេចផ្តល់ភារកិច្ចឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការអង្កេតនិងចាត់វិធានការផ្លូវច្បាប់ទៅលើលោកឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង បន្ទាប់ពីរកឃើញថាបានទន្រ្ទានយកដីព្រៃទឹកបឹងទន្លេសាបក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។បើតាម ស.ជ.ណ ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋាភិបាលនឹងដកហូតដីរដ្ឋទំហំ ២១០០ហិកតា ស្ថិតនៅឃុំច្រណូក និងឃុំដាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង យកមកវិញ រួចប្រគល់ឲ្យស្ថាប័នរដ្ឋដែលពាក់ព័ន្ធ រៀបចំដាំដើមឈើ និងចាត់វិធានការការពារដីរដ្ឋក្នុងដែនព្រៃលិចទឹកនោះ។
ទោះជាយ៉ាងណា លោកឱម យ៉ិនទៀង ក៏បានចេញមកច្រានចោលទៅលើព័ត៌មានមួយចំនួន ដែលបានលើកឡើងថា អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនអតីតអភិបាលខេត្តកំពង់ឆ្នាំងទៅហើយ។ បើតាមលោកឱម យ៉ិនទៀង ACU នៅមិនទាន់មានការឃាត់ខ្លួនអ្នកណាមួយឡើយជុំវិញករណីទន្រ្ទានដីព្រៃលិចទឹកបឹងទន្លេសាបនេះ។
គួរបញ្ជាក់ថា យុទ្ធនាការរឹបអូសយកមកវិញនូវដីព្រៃលិចទឹកបឹងទន្លេសាបដែលត្រូវបានទន្ទ្រាន ធ្វើឡើងបន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី២៨វិច្ឆិកា ក្រោយពីមានរបាយការណ៍ស្រាវជ្រាវរបស់លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា រកឃើញថា ដីព្រៃលិចទឹកបឹងទន្លេសាបបានរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ស្ថិតនៅក្នុងភាពប្រកាសអាសន្ន។គិតមកដល់ថ្ងៃទី០៦ធ្នូ បើតាមរបាយការណ៍ចេញផ្សាយដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញថា ករណីទន្រ្ទានដីព្រៃលិចទឹកក្នុងខេត្តកំពង់ធំ មានប្រមាណ ៣៥៦៦ហិកតា ពោធិ៍សាត់ ៩៤១៤២ហិកតា បាត់ដំបង ១២២២១ហិកតា សៀមរាប ១៩៧០ហិកតា បន្ទាយមានជ័យ ៥៣៥០ហិកតា និងកំពង់ឆ្នាំង ២១០០ហិកតា៕ប្រភពទាំងស្រុងពីវិទ្យុបារាំងអន្តរជាតិ
No comments:
Post a Comment