www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ


នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពីបទឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើតកម្មវិធីឈ្នះរង្វាន់ពីប្រព័ន្ធធនាគារចល័ត


 

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការបង្ក្រាបជនសង្ស័យចំនួន០២នាក់ ដែលជាមុខសញ្ញាសកម្មឆបោកប្រាក់ពីជនរងគ្រោះ តាមរយៈការបង្កើតកម្មវិធីទូរស័ព្ទឈ្នះរង្វាន់ពីប្រព័ន្ធធនាគារចល័ត។

ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានការអនុញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ  ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការចង្អុលបង្ហាញបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

លោកឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងជំនាញ បានសហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបង្ក្រាបបានជនសង្ស័យ០២នាក់ឈ្មោះ ម៉េន វាសនា ហៅ យួស សុផារីណូ ហៅ ស្នា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានីភ្នំពេញ និងឈ្មោះ ប្រាក់ វណ្ណារ៉ុង ហៅ ប៊ី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានីភ្នំពេញ ។ 

លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា មុខសញ្ញាសកម្មដែលកម្លាំងជំនាញបង្ក្រាបនេះ តែងតែធ្វើសកម្មភាពក្លែងខ្លួនធ្វើជាបុគ្គលិកធនាគារ ហើយលួងលោមជនរងគ្រោះបង្កើតកម្មវិធីធនាគារនឹងទទួលបានប្រាក់រង្វាន់ ដោយគ្រាន់តែចូលផ្លាស់ប្តូរលេខកូដសម្ងាត់តាមដែលខ្លួនណែនាំ រួចផ្ញើលេខកូដសម្ងាត់ខ្លួន ដើម្បីឱ្យខ្លួនបញ្ចូលប្រាក់រង្វាន់ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ ជាមួយគ្នានេះដែរ សមត្ថកិច្ច សូមធ្វើការក្រើនរំឮកដល់បងប្អូន ដែលតែងតែប្រើប្រាស់ប្រព័ន្ធធនាគារចល័ត សូមប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចាញ់បោកជនខិលខូច ដែលលួងលោមឱ្យបង្ហាញលេខកូដសម្ងាត់ធនាគារ រួចអាចទទួលប្រាក់រង្វាន់នានា៕

Post a Comment

0 Comments