រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា លោក ទឺ ប៊ុនឡេង ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិក និង លោក ជាង សុខអេង អនុប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិកនៃមន្ទីរសុខាភិបាលខេត្តក្រចេះ បានទារនិងទទួលប្រាក់ពីបេក្ខជន ដែលមានគ្រប់លក្ខណៈសម្បត្តិក្នុងការជ្រើសរើសឱ្យចូលក្របខ័ណ្ឌមន្ត្រីសុខាភិបាលខេត្តក្រចេះ ចំនួន១២៩នាក់ ដែលមានទឹកប្រាក់ស្មើនឹងចំនួន៧៤ម៉ឺនដុល្លារ។បេក្ខជនភាគច្រើនបានបុលខ្ចីពីធនាគារ និងពីអ្នកចងការប្រាក់ ជាបន្ទុកធ្ងន់ធ្ងរណាស់។ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនជនល្មើសទាំងពីរនេះទៅតុលាការខេត្តក្រចេះ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១។
សូមបញ្ជាក់ថា មន្ត្រីរាជការដែលធ្វើការនៅ មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងមណ្ឌលសុខទាំងអស់នៅក្នុងខេត្តក្រចេះ បានលាតត្រដាងអំពើពុករលួយ របស់លោកប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរសុខាភិបាលខេត្ត តាមរយៈលិខិតមួយច្បាប់ ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ ដោយបានប្តឹងទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអភិបាលខេត្តក្រចេះ សុំឱ្យមានការស៊ើបអង្កេត និងដាក់ទោសទណ្ឌជនពុករលួយនេះឱ្យទាល់តែបាន ក្រោយពីមានបែកធ្លាយរឿងអាស្រូវពុករលួយរបស់លោក ទឺ ប៊ុនឡេង ប្រធានការិយាល័យ រដ្ឋបាលនៃមន្ទីរសុខាភិបាល ខេត្តក្រចេះ បានដើរតែសម្លុតគំរាមកំហែង គាបសង្កត់កូនចៅ និងបង្កើតបក្ខពួកពុករលួយ ជាពិសេសបានហៅមន្ត្រីស្ម័គ្រចិត្ត ដែលបម្រើការងារប្រឆាំងកូវីដ១៩ យកទៅកៀបទារលុយក្នុងម្នាក់ៗចាប់ពីមួយម៉ឺនដុល្លារ ទៅ ១៣០០០ ដុល្លារ ដើម្បីឱ្យបានជាប់ ក្របខ័ណ្ឌពេញសិទ្ធិ៕
No comments:
Post a Comment