សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស នៃប្រទេសទីម័រខាងកើត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេស នៃប្រទេសទីម័រខាងកើត

ភ្នំពេញ៖នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។ ក្នុងជំនួបនោះ លោកជំទាវ Adaljiza Albertina Xavier Reis Magno  បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមប្រធានាធិបតី និងឯកឧត្តម នាយករដ្ឋមន្ត្រីទីម័រខាងកើត ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ផងដែរ ។

លោកជំទាវក៏បានគោរពជូនសម្ដេចតេជោ និងបានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះចំណាត់ការរបស់កម្ពុជា ឈរលើបញ្ហាទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ១៩ ហើយក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ជាវ៉ាក់សាំងកូវីដ១៩ និងគ្រឿងបរិក្ខាវេជ្ជសាស្ត្រ ការពារទប់ស្កាត់ជំងឺកូវីដ១៩ ដល់ប្រទេសទីម័រខាងកើត។ ជាមួយគ្នានោះដែរ លោកជំទាវ ក៏បានគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងការដឹកនាំរបស់សម្ដេចតេជោដែលនាំអោយកម្ពុជាទទួលបានសុខសន្តិភាព សេរីភាព និងអភិវឌ្ឍជឿនលឿន។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានគោរពស្នើសុំសម្តេចតេជោបញ្ជូនអ្នកបច្ចេកទេសមកសិក្សាអំពីកម្ពុជាពាក់ព័ន្ធនឹងការចូលខ្លួនទៅក្នុងអង្គការ WTO, ការចូលខ្លួនទៅក្នុងសមាជិកសហគមន៍អាស៊ាន និងបានគោរពស្នើសុំសម្ដេចតេជោក្នុងនាមជាប្រធានអាស៊ានជួយប្រទេសទីម័រឡេស្ត ដើម្បីបានចូលជាសមាជិកអាស៊ាន ហើយក៏បានគោរពស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោដែរ ដើម្បីធ្វើការជំរុញកិច្ចសហប្រតិបត្តិការ នៃវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច រវាងប្រទេសទាំងពីរឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោកជំទាវ ដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីទីម័រខាងកើត ជូនចំពោះសម្តេច។ សម្ដេចតេជោបានកោតសរសើរចំពោះភាពជោគជ័យរបស់រដ្ឋាភិបាលទីម័រខាងកើតក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បានយ៉ាងមានប្រសិទ្ធភាព។ ចំពោះសំណើរបស់ទីម័រខាងកើត សុំចូលជាសមាជិកអាស៊ាន សម្តេចតេជោបានមានប្រសាសន៍ថា សម្រាប់កម្ពុជាតែងតែគាំទ្រការចូលជាសមាជិករបស់ប្រទេសទីម័រខាងកើតហើយចំពោះមុខនេះ សម្ដេចតេជោក៏មានប្រសាសន៍ថា កម្ពុជានឹងបន្តជំរុញសសរស្ដម្ភសេដ្ឋកិច្ច និងសង្គមវប្បធម៌អាស៊ាន ខិតខំរៀបចំបេសកកម្មស្វែងរកការពិតនៅទីម័រខាងកើតអោយបានឆាប់ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ និងរៀបចំផែនទីចង្អុលផ្លូវ ព្រមទាំងពេលវេលាច្បាស់លាស់សម្រាប់ប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន។ 

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្ដេចតេជោបានស្វាគមន៍ក្នុងការបញ្ជូនអ្នកបច្ចេកទេសមកកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីការចូលជាសមាជិកអង្គការ WTO ចូលជាសមាជិកអាស៊ាន ហើយក៏ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរជួបពិភាក្សាគ្នា ដើម្បីរិះរកវិធីជំរុញឲ្យមានការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មឡើងវិញ ជាពិសេសជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនិងអនុស្សរណៈដែលបានចុះហត្ថលេខារួចហើយ ។ សម្ដេចតេជោក៏បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ពិនិត្យចាប់ផ្ដើមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺការចាប់ផ្តើមលើវិស័យសេដ្ឋកិច្ច ក្នុងការចាប់បញ្ជាទិញអង្ករពីកម្ពុជា ហើយករណីការបញ្ជាទិញអង្ករពីកម្ពុជានេះ សម្តេចតេជោក៏មានប្រសាសន៍ថា អ្នកវិនិយោគរបស់ទីម័រខាងកើតអាចមកវិនិយោគទាំងខាងម៉ាស៊ីនស្រូវទាំងខាងឃ្លាំងស្តុកស្រូវ និងទាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់នាំចេញដើម្បីជាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់អង្ករទៅកាន់ប្រទេសទីម័រខាងកើត។

 សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ពិចារណាលើការផ្ដួចផ្ដើមឲ្យមានកិច្ចសហប្រតិបត្តិជាពិសេសពិនិត្យឲ្យមានកិច្ចសន្យានិងកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរផងដែរ។ ជាចុងក្រោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសូមផ្ញើជូននូវការសួរសុខទុក្ខដល់ថ្នាក់ដឹកនាំ ឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រី នៃប្រទេសទីម័រខាងកើត ហើយក៏បានជូនសូមឲ្យដំណើរការរៀបចំការបោះឆ្នោតប្រធានាធិបតីរបស់ទីម័រខាងកើត នៅថ្ងៃទី១៩ ខែមិនាឆ្នាំ ២០២២ ខាងមុខនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕










No comments:

Post a Comment

Pages