សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោក - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោក

ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន ពិតជា សប្បាយរីករាយ និងអបអរសាទរចំពោះជ័យលាភី កីឡាការីនី អ៊ុក ស្រីមុំ និងលោកគ្រូបង្វឹក ដែលបានខិតខំរហូតទទួលបានមេដាយមាសជូនជាតិមាតុភូមិនាពេលនេះ។ សម្តេចតេជោ បានចាត់ទុកការដណ្តើមបានមេដាយមាសពិភពលោក របស់កីឡាការិនី អ៊ុក ស្រីមុំ ក៏ដូចជាកីឡាករ កីឡាការិនីដទៃទៀត គឺជាកិត្តិយសរបស់ជាតិទាំងមូល។ ការចេញទៅប្រកួតរបស់កីឡាករ កីឡាការិនី គឺជាការតំណាងឱ្យប្រជាពលរដ្ឋខ្មែរទាំងមូល ដូច្នេះហើយសម្តេចតែងតែទូន្មាន និងអប់រំ ដល់កីឡាករ កីឡាការិនី ពេលចេញប្រកួតម្តងៗ ត្រូវតែរក្សាភាពថ្លៃថ្នូរ និងគោរទៅតាមលក្ខខន្តិកៈការប្រកួតរបស់គេ។ សម្តេចតេជោថ្លែងថា វិស័យកីឡាកំពុងដើរតាមកន្លង នៃព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដោយព្រះអង្គបានយកព្រះទ័យទុកដាក់ខ្ពស់លើវិស័យកីឡា រហូតឈានទៅសាងសង់ពហុកីឡដ្ឋានអូរឡាំពិកសព្វថ្ងៃនេះ។ សម្តេចថ្លែងថា វិស័យកីឡា មិនប្រកាន់ប្រទេសតូច ធំ ឬប្រទេសមាន ក្រ និង ប្រជាជនតិច ឬច្រើននោះទេ សំខាន់ស្ថិតនៅត្រង់សមត្ថភាពនៃការប្រកួត និងការហ្វឹកហាត់។

នៅថ្ងៃនេះ គឺជាខួបអាពាហ៍ពិពាហ៍របស់សម្ដេច ដែលជាខួបលើកទី៤៦ឆ្នាំ។សម្តេចតេជោក៏បានអរគុណដល់ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ន ក៏ដូចជាប្រជាពលរដ្ឋដែលបានជូនពរសម្ដេចនៅក្នុងឱកាសខួបអាពាហ៍ពិពាហ៍នេះ។ ហើយឆ្លៀតក្នុងឱកាសនេះផងដែរសម្តេចតេជោនាយករដ្ឋមន្ត្រី  ក៏បានអំពាវនាវទៅដល់គូស្រករ ដែលបានចែកផ្លូវគ្នា គួរតែបញ្ឈប់ទង្វើអសីលធម៌ ដែលឈ្លោះហែកកេរ្តិ៍គ្នាលើបណ្តាញសង្គម។សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឱ្យគូស្រករដែលបែកបាក់គ្នានោះ កុំហែកកេរ្តិ៍គ្នាលើ Facebook គួរទុកកិត្តិយសឱ្យគ្នាទៅវិញទៅមក ជាពិសេសកិត្តិយសកូនៗ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការឈ្លោះហែកកេរ្តិ៍គ្នារបស់ឪពុកម្តាយ ធ្វើឲ្យប៉ះពាល់អារម្មណ៍កូនយ៉ាងធ្ងន់ធ្ងរ រួមទាំងការសិក្សាផងដែរ ដូច្នេះបើគូស្រករណាមានបញ្ហាចែកផ្លូវគ្នា គួរតែត្រូវចែកផ្លូវគ្នាដោយស្ងាត់ស្ងៀម និងទុកកិត្តិយសរាប់អានគ្នាពេលក្រោយ។

ទាក់ទងនឹងបញ្ហាជំងឺកូវីដ-១៩ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន  បានមានប្រសាសន៍ថា សម្រាប់អ្នកផ្ទុកមេរោគកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង គឺមិនអនុញ្ញាតឱ្យសម្រាកព្យាបាលជំងឺនៅតាមផ្ទះឡើយ នៅក្របខ័ណ្ឌទូទាំងប្រទេស។ ហើយករណីនេះ ក៏មិនអនុញ្ញាតឱ្យមានការធ្វើអន្តរាគមន៍ណាមួយដើម្បីបានសម្រាកព្យាបាលនៅតាមផ្ទះនោះទេ។ទាក់ទងនឹងដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ មករាខាងមុខនេះ សម្តេចតេជោបានថ្លែងថា ដំណើររបស់សម្តេចទៅមីយ៉ាន់ម៉ា នឹងមិនជជែកលើសពីកុងសង់ស៊ីសទាំង៥ចំណុច ដែលបានដាក់ចេញក្នុងកិច្ចប្រជុំនៅឥណ្ឌូនេស៊ីនាពេលកន្លងមកនោះទេ។ សម្តេចបានថ្លែងថា ប្រសិនបើមីយ៉ាន់ម៉ា អាចមានដំណើរការប្រជាធិបតេយ្យ គឺជាគុណសម្បត្តិនៃការប្រឹងប្រែងរបស់បណ្តារដ្ឋជាសមាជិកអាស៊ាន។ បញ្ហារបស់មីយ៉ាន់ម៉ា មិនមែនជារឿងសាមញ្ញនោះទេ ដូច្នេះត្រូវរកដំណោះស្រាយពិសេស ទើបអាចដោះស្រាយបាន។ 

នៅក្នុងថ្ងៃនេះ សម្រាប់ប្រាក់រង្វាន់ដែលត្រូវផ្ដល់ជូនកីឡាការិនី អ៊ុក ស្រីមុំ មានថវិការបស់ក្រសួងអប់រំ ចំនួន៤០លានរៀល និងថវិការបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ចំនួន១ម៉ឺនដុល្លារ និងគ្រូបង្វឹកទទួលបានថវិការបស់ក្រសួងអប់រំចំនួន៤០លានរៀល និងថវិការបស់សម្ដេច និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ចំនួន៥ពាន់ដុល្លារ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងអគុណចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី ម្នាក់ៗ និងអរគុណដល់សួងអប់រំយុវជន និងកីឡា សហព័ន្ធកីឡា គ្រូបង្វឹកទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការជំរុញវិស័យកីឡាជាតិអោយកាន់តែរីកចម្រើន។ សម្ដេចតេជោក៏បានជូនពរអោយក្មួយៗ កីឡាករ កីឡាការិនីទាំងអស់ សូមទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ទៀត៕







































No comments:

Post a Comment

Pages