សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវ​ដោះ​ស្រាយ​ទុក​កង្វល់​របស់​ប្រជាពលរដ្ឋដោយផ្ទាល់ កុំចាំឲ្យពលរដ្ឋរាយការណ៍ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវ​ដោះ​ស្រាយ​ទុក​កង្វល់​របស់​ប្រជាពលរដ្ឋដោយផ្ទាល់ កុំចាំឲ្យពលរដ្ឋរាយការណ៍

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត និង​ថ្នាក់​មូល​ដ្ឋាន​ទាំងអស់ ត្រូវតែដោះស្រាយបញ្ហា ឬ​ទុកកង្វល់​របស់​ប្រជា​ពល​រដ្ឋ​ដោយ​ផ្ទាល់​នៅមូលដ្ឋាន កុំចាំឲ្យប្រជាពលរដ្ឋរាយការណ៍មកដល់សម្ដេច ហើយ​សម្ដេច​ដាក់​បញ្ហា​នេះ​ត្រឡប់​ទៅវិញ​។

ក្នុងឱកាសបន្ដដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និង​ទិស​ដៅ​បន្ដ​របស់​ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា តាម​រយៈ Facebook របស់សម្ដេចផ្ទាល់ គឺ​ទទួល​បាន​នូវ​សំណូមពរ និង​បញ្ហា​របស់​ប្រជាពលរដ្ឋនៅមូលដ្ឋានជាច្រើន ដើម្បី​សុំ​ឲ្យ​សម្ដេច​ជួយ​អន្ដរា​គមន៍​ដោះ​ស្រាយ ហើយសម្ដេចក៏បានបញ្ជូនបញ្ហានេះ ទៅអាជ្ញាធរមូលដ្ឋានវិញ ដើម្បីស្រាយជូនប្រជាពលរដ្ឋ។សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការទទួលនូវសំណូមពរ ឬបញ្ហារបស់ប្រជាពលរដ្ឋដោយផ្ទាល់បែបនេះ ក៏ជារឿងល្អសម្រាប់ថ្នាក់ដឹកនាំ ប៉ុន្ដែបើមើលមួយជ្រុងទៀតបានបង្ហាញថា ប្រជាពលរដ្ឋមិនកក់ក្ដៅជាមួយមន្ដ្រីនៅមូលដ្ឋាន បានជាពួកគាត់បញ្ជូនព័ត៌មាននេះមកថ្នាក់លើ ដើម្បីឲ្យជួយអន្ដរាគមន៍ដោះស្រាយ។សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា «បញ្ហានេះ ខ្ញុំស្នើសុំឲ្យរាជធានី-ខេត្ត ក៏ដូចជាអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ ធ្វើមិចយើងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋគាត់មានអី គាត់ទាក់ទងយើង ហើយដោះស្រាយបញ្ហានៅហ្នឹងកន្លែង លើកលែងតែយើងដោះស្រាយ មិនចេញហួសសមត្ថភាពរបស់យើង។ តែបើបញ្ហានៅក្នុងសមត្ថភាពរបស់យើងហើយ យើងត្រូវខិតខំដោះស្រាយ»។

បើតាមការបញ្ជាក់របស់សម្ដេចក្រឡាហោម មូលហេតុផ្សេងទៀត ដែលប្រជាពលរដ្ឋរាយការណ៍ទុកកង្វល់មកសម្ដេចបែបនេះ គឺដោយសារមិនទុកចិត្តអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរមិនដោះស្រាយបញ្ហាទាំងអស់នេះឲ្យពួកគាត់ ឬមិនអើពើ ហើយចាត់ទុកជាបញ្ហាធម្មតា។ត្រង់ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា «ខ្ញុំជួបប្រទះច្រើនហើយ ជួនកាលបញ្ហាច្រើនពេកពួកគាត់មិនសូវឲ្យតម្លៃ មិនសូវយកចិត្តទុកដាក់ទេ អញ្ជឹងខ្ញុំស្នើថា ទោះបីបញ្ហាតូចក៏ដោយបញ្ហាធំក៏ដោយ យើងជាមន្ដ្រីមិនត្រូវបោះបង់ចោលទេ។ ត្រូវប្រមូលមកទាំងអស់ ដើម្បីពិនិត្យ»។ប្រមុខដឹកនាំក្រសួងមហាផ្ទៃរូបនេះបានរំលឹករឿងថា កាលពីមុនសំបុត្រអនាមិក គេមិនសូវឲ្យតម្លៃនោះទេ ប៉ុន្ដែបច្ចុប្បន្ននេះមិនត្រូវអនុវត្តបែបនេះឡើយ បើទោះបីអ្នកផ្ដល់ព័ត៌មាននេះ ជាជនអនាមិកឲ្យតែព័ត៌មាននោះពិត គឺត្រូវតែដោះស្រាយ។ សម្ដេចថា មូលហេតុអីបានគេធ្វើអនាមិក ដោយសារគាត់មិនហា៊នចេញមុខ ព្រោះរឿងនោះរសើប ហើយពេលចេញមុខទៅអាចប៉ះពាល់ដល់សុវត្ថិភាពខ្លួនគាត់។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា នៅពេលសម្ដេចទទួលបានព័ត៌មានទាំងអស់នេះ តាមរយៈ Facebook ហើយនោះ ក្រុមការងាររបស់សម្ដេចបានរៀបចំបែងចែកព័ត៌មានទាំងអស់នោះ ទៅតាមអង្គភាពនីមួយៗ ដែលស្ថិតក្នុងដែនសមត្ថកិច្ច ដើម្បីបញ្ជូនបន្ដទៅថ្នាក់មូលដ្ឋានសិក្សាដោះស្រាយ។ សម្ដេចបន្ដថា កន្លែងខ្លះក៏បានដោះស្រាយ ហើយបញ្ជូនរបាយការណ៍មកវិញថា បានដោះស្រាយរួចរាល់ ប៉ុន្ដែកន្លែងខ្លះមិនបញ្ជូនរបាយការណ៍ត្រលប់មកវិញទេ។ក្នុងន័យនេះ សម្ដេចបានបញ្ជាក់ច្បាស់ថា គ្រប់បណ្ដាអង្គភាព ស្ថាប័នចំណុះក្រសួងមហាផ្ទៃ នៅពេលទទួលបានសេចក្ដីរាយការណ៍ ឬរបាយការណ៍ទៅ ត្រូវចាត់ចែងដោះស្រាយ និងឆ្លើយតបភ្លាមៗត្រលប់មកវិញ មិនមែនដាក់ទៅស្ងាត់គ្មានការឆ្លើយតបនោះទេ។សម្ដេចក្រឡាហោម ស ខេង ហាក់ងឿងឆ្ងល់ដែរថា មិនគួរណាឲ្យតូចបន្ដិចបន្ទួចនៅមូលដ្ឋាន លោតមកដល់ថ្នាក់លើទាល់តែសោះ គួរណាស់តែមន្ដ្រីមូលដ្ឋានត្រូវយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋ ហើយថ្នាក់ដឹកនាំដោះស្រាយបញ្ហាណាដែលមានវិសាលភាពធំៗ មិនមែនដោះស្រាយរឿងមូលដ្ឋានបែបនេះឡើយ៕

No comments:

Post a Comment

Pages