ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសថ្កោលទោសចំពោះលោក គឹម ហ៊ាង ដែលប្រើប្រាស់សំដីវាយប្រហារដោយមិនមានការទទួលខុសត្រូវ លើការងារអភិរក្ស និងអភិវឌ្ឍ តំបន់សៀមរាបអង្គរ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសថ្កោលទោសចំពោះលោក គឹម ហ៊ាង ដែលប្រើប្រាស់សំដីវាយប្រហារដោយមិនមានការទទួលខុសត្រូវ លើការងារអភិរក្ស និងអភិវឌ្ឍ តំបន់សៀមរាបអង្គរ

ភ្នំពេញ : ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនអ្នកសារព័ត៌មានជាតិ អន្តរជាតិ និងសាធារណជន មេត្តា ជ្រាបថា៖ ថ្មីៗនេះ បណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយនូវវីដេអូកាត់ខ្លីរយៈពេល៣នាទី ៤១វិនាទី របស់ លោក គឹម ហ៊ាង អ្នកជំនួញដីធ្លីមួយរូប ថ្លែងនៅក្នុងសិក្ខាសាលាមួយស្តីពីអនាគតនៃវិស័យអចលនទ្រព្យខេត្ត សៀមរាប ដែលលើកឡើងនូវទស្សនវិស័យរបស់ខ្លួន ទាក់ទងទៅនឹងការអភិរក្ស និងអភិវឌ្ឍ នៃតំបន់សៀមរាប អង្គរ និងវិធាននៃការការពារបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយប្រើប្រាស់សំដីវាយប្រហារ មិនមានការទទួលខុសត្រូវ និងគ្មានការសិក្សាស្រាវជ្រាវយល់ដឹងគ្រប់ជ្រុងជ្រោយ ខ្វះខាតចំណេះដឹងលើផ្នែកកិច្ច ការពារបេតិកភណ្ឌពិភពលោក ដោយសម្លឹងឃើញតែមួយជ្រុងទៅលើវិស័យអចលនទ្រព្យ ដើម្បីតែផលចំណេញ នៃមុខជំនួញខ្លួន ដោយបំភ្លេចចោលនូវតម្លៃនៃមរតកវប្បធម៌ជាតិ ក៏ដូចជាការជំរុញឱ្យមានចលនាទិញ លក់ដូរ អចលនទ្រព្យកាន់តែខ្លាំងក្លាឡើង ក្នុងតំបន់សៀមរាប អង្គរ ដែលអាចនាំដល់ការរីករាលដាលសំណង់អណាធិប តេយ្យក្នុងតំបន់រមណីយដ្ឋានការពារ និងតំបន់ជុំវិញនានា។ ពាក្យសំដីនេះបានធ្វើឱ្យប៉ះពាល់ទៅលើកិច្ចខិតខំ ប្រឹងប្រែងការពារ ថែរក្សា និងអភិរក្ស របស់ឥស្សរជនជាន់ខ្ពស់ថ្នាក់ជាតិ អន្តរជាតិ គ្រប់ជំនាន់ ជាពិសេសការខិតខំ របស់រាជរដ្ឋាភិបាល ដែលបានសហការជាមួយអង្គការយូណេស្កូ តាមរយៈការជំរុញ និងគាំពារឱ្យបង្កើតយន្តការ អន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ី ស៊ី-អង្គរ (ICC-អង្គរ) ដឹកនាំដោយសហប្រធានបារាំង និងជប៉ុន ដែលប្រមូលផ្តុំដោយអ្នកជំនាញការជាតិ អន្តរជាតិ ដែលមានអាយុកាលជាង ៣០ឆ្នាំ បានរួមគ្នាមកសង្គ្រោះ និងការពារអង្គរ ក្នុងនោះបានប្រើប្រាស់ថវិកាច្រើនជាង ៥០០លានដុល្លារ ព្រមទាំងជួយបណ្តុះបណ្តាលនូវធនធានមនុស្សជូនកម្ពុជាជាច្រើន ដើម្បីកិច្ចការពារ បេតិកភណ្ឌជាតិយើង។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឥស្សរជន ជាន់ខ្ពស់ អ្នកជំនាញការ ទាំងជាតិ អន្តរជាតិ គ្រប់ជំនាន់ ក្រសួង/ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទៅក្នុងការ ខិតខំការពារបេតិកភណ្ឌវប្បធម៌ជាតិ និងការសង្គ្រោះរមណីយដ្ឋានអង្គរ តាមរយៈការដាក់បញ្ចូលរមណីយដ្ឋាន អង្គរ ដែលមានប្រាសាទ និង បុរាណដ្ឋានជាច្រើន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ហើយដែលកិច្ចខិតខំប្រឹងប្រែងនេះ រាប់ចាប់ពីការអំពាវនាវឱ្យសហគមន៍អន្តរជាតិ និង អង្គការយូណេស្កូ ជួយសង្គ្រោះអង្គរ នៅឆ្នាំ១៩៨៩ ដោយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ រហូត ដល់ការខិតខំបង្កើតលិខិតបទដ្ឋានគតិយុត្ត និងស្ថាប័នជាតិមួយចំនួន ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួម មានលិខិតបទដ្ឋានជាតិ និងអន្តរជាតិសំខាន់ៗមួយចំនួន ដូចជា ច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ឆ្នាំ ១៩៩៦ ព្រះរាជក្រឹត្យ ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាប-អង្គរ ក្នុងទំហំ៤០១ គីឡូម៉ែត្រក្រឡាដោយការបែងចែកតំបន់ជាប្រាំច្បាប់ស្ដីពីសំណង់រហូតដល់ឯកសារប្លង់គោលស្តីពីការប្រើប្រាស់។

ដីធ្លីខេត្តសៀមរាប ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត ស្របតាមលក្ខខណ្ឌដែលអង្គការ យូណេស្កូកំណត់ និងតម្រូវឱ្យរដ្ឋសមាជិករៀបចំអនុលោមតាមកិច្ចការពារបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ។ ទាំងអស់នេះ សុទ្ធតែបានបង្កើតឡើងដោយមានការគិតគូរគ្រប់ជ្រុងជ្រោយ ទៅលើទិដ្ឋភាពសង្គម សេដ្ឋកិច្ច នយោបាយ និងការទូត ដោយផ្តោតទៅលើកិច្ចការពារបេតិកភណ្ឌវប្បធម៌ មរតកដូនតា ជាពិសេសទៅ លើរចនាបទ កម្ពស់ ការរីករាលដាលសំណង់អណាធិបតេយ្យក្នុងតំបន់ការពារ និងតំបន់ជុំវិញ ក្នុងគោលដៅ ការពារ ថែរក្សា អភិរក្ស អភិវឌ្ឍ និងលើកតម្លៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងខេត្តសៀមរាប ការគ្រប់គ្រង ធនធានធម្មជាតិប្រកបដោយចីរភាព សម្រាប់ការអភិវឌ្ឍមួយដែលរក្សាតុល្យភាពបរិស្ថាន សំណង់ធារាសាស្ត្រព្រៃឈើ រួមចំណែកអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រក្នុងតំបន់សៀមរាប-អង្គរ។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលតែងចាត់ទុកកិច្ចការពារបេតិកភណ្ឌជាតិជាអាទិភាពចម្បងនោះ នៅក្នុងពិធីខួប ២៥ឆ្នាំ នៃការបង្កើត អាយស៊ីស៊ី-អង្គរ ខាងលើ នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងសៀមរាប ខេត្តសៀមរាប បានមានប្រសាសន៍ដ៏ខ្ពង់ខ្ពស់នៅចំពោះមុខរបស់អគ្គនាយិកាអង្គការយូណេស្កូ ព្រមទាំងសហប្រធានទាំងពីរនៃ អាយស៊ីស៊ី-អង្គរ និងតំណាងបណ្តាប្រទេសដែលជាសមាជិករបស់អាយស៊ីស៊ី-អង្គរ ពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ ថា “ការគ្រប់គ្រងបេតិកភណ្ឌ មិនមែនជាការងាយស្រួលទេ! សូមកុំឱ្យមានការញុះញង់ ប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ឲ្យទៅរំលោភកាន់កាប់ដីធ្លីក្នុងតំបន់បេតិក ភណ្ឌ ដែលនេះរួមបញ្ចូលទាំងបេតិកភណ្ឌ បានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភ័ណ្ឌផ្សេងៗទៀ ត។ ដើម្បីការពារតម្លៃបេតិកភណ្ឌវប្បធម៌ រាជរដ្ឋាភិបាលពុំមានជម្រើសអ្វីក្រៅពីការប្រើប្រាស់វិធានការតឹងរ៉ឹងនានា ទោះជាត្រូវតបស្នងជាមួយនឹងតម្លៃណាមួយក៏ដោយ រាជរដ្ឋាភិបាលនឹងប្រើប្រាស់គ្រប់វិធានការបង្ការ និងទប់ស្កាត់ ដើម្បីបញ្ចៀសឱ្យបាននូវបណ្តាសកម្មភាពខុសច្បាប់ទាំងឡាយណា ធ្វើឱ្យប៉ះពាល់ដល់តម្លៃជាសកលនៃរមណីយ៌ដ្ឋានអង្គរ ហើយដែលបណ្ដាលឱ្យអង្គរប្រឈមនឹងការបាត់បង់លក្ខណ:សម្បត្តិជាបេតិកភណ្ឌពិភពលោក។ 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណមតិ មេត្តាជ្រាបថា ការអភិរក្ស និងអភិវឌ្ឍក្នុង តំបន់បេតិកភណ្ឌពិភពលោក គឺជាយន្តការនៃការរក្សាលំនឹងមួយយ៉ាងប្រុងប្រយ័ត្ន និងត្រូវគោរពជាដាច់ខាតនូវ គោលការណ៍ច្បាប់ បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ រួមទាំងក្រឹត្យក្រម និងការអនុវត្តនានាដែលមានជាធរមាន ដើម្បីធានាដល់ការអភិវឌ្ឍមួយប្រកបដោយចីរភាព និងរក្សាឱ្យបានជាដាច់ខាតនូវកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក និងក៏ជាកិត្យានុភាពរបស់ជាតិ និងប្រជាជនកម្ពុជាលើឆាកអន្តរ ជាតិផងដែរ។ក្នុងន័យនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្កោលទោសយ៉ាងធ្ងន់ធ្ងរ និងណែនាំឱ្យបុគ្គលរូបនេះ ត្រូវបញ្ឈប់ជាបន្ទាន់ នូវពាក្យសំដីដែលគ្មានការទទួលខុសត្រូវ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ ដើម្បី បញ្ចៀសនូវការយល់ច្រឡំ និងជំរុញនូវការជួញដូរដីធ្លី ក្នុងតំបន់សៀមរាប អង្គរ ដែលនឹងអាចបង្កើតនូវចលាចល សង្គមជាយថាហេតុណាមួយ។សេចក្តីដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មានតាមការគួរ៕




No comments:

Post a Comment

Pages