ភ្នំពេញ៖នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សាឡឺមសៃ ឃុំម៉ាសុីត រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តម សាឡឺមសៃ បានគោរពពាំនាំ នូវការផ្ដាំផ្ញើសាសួរសុខទុក្ខ ពី ឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ជូនសម្ដេចតេជោ ហើយក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានជួបពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន ប្រកបដោយផ្លែផ្កាក្នុងនោះ បានឯកភាពគ្នា ជំរុញអនុវត្ត រាល់ការងារទាំងឡាយដែលថ្នាក់ដឹកនាំ ប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក។
ពីនោះទៅទៀត ឯកឧត្តម សាឡឺមសៃ ក៏បាន គោរពជម្រាបជូនសម្ដេចតេជោ ផងដែរថា រដ្ឋាភិបាលឡាវ និងប្រជាជនឡាវ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុត ជូនចំពោះសម្ដេចតេជោ និងប្រជាជនកម្ពុជា ដែលកន្លងមក បានជួយរដ្ឋាភិបាលឡាវ និងប្រជាជនឡាវ រួមទាំងការផ្ដល់វ៉ាក់សាំង, ការផ្ដល់ រថយន្ត ក៏ដូចជា បរិក្ខារផ្សេងៗទៀត ឲ្យឡាវក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ , ហើយឯកឧត្តម ក៏បានសំដែងនូវការអបអរសាទរ ជូន ចំពោះកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យក្នុងការទប់ស្កាត់ ជំងឺរាតត្បាតកូវីដ-១៩ និងសម្ដែងនូវការអបអរសាទរ ជូនចំពោះកម្ពុជា ដែលបានទទួលធ្វើជាប្រធានអាស៊ាន ហើយបានបន្តថា រដ្ឋាភិបាលឡាវ សូមគាំទ្រកម្ពុជា ជាប្រធានអាស៊ាន និងគាំទ្រដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកសាមគ្គីភាពអាស៊ាន និងបន្តសហប្រតិបត្តិការល្អ ជាមួយកម្ពុជា ទាំងក្នុងតំបន់ និងនៅក្នុងឆាកអន្តរជាតិ។
ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមសាឡឺមសៃ ដែលបានពាំនាំការសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ឯកឧត្តមនាយករដ្ឋមន្ត្រីជូនចំពោះសម្ដេចតេជោ ។ ទន្ទឹមនឹងនោះ សម្ដេចតេជោបានមានប្រាសាសន៍ថា ប្រទេសយើងទាំងពីរត្រូវតែជួយគ្នាទៅវិញទៅមក នេះគឺជាការ ចាំបាច់ ក្នុងនាមជាប្រទេសបងប្អូន ហើយសម្ដេចតេជោ បានសំដែងនូវការឯកភាព ជាមួយនឹងការលើកឡើងរបស់ឯកឧត្តម សាឡឺមសៃដែលបាន ជម្រាបជូនថា បានពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុន ហើយបានឯកភាពគ្នា ក្នុងការជំរុញ កិច្ចការទាំងឡាយណា ដែលបាន មានការព្រមព្រៀងគ្នារវាងថ្នាក់ដឹកនាំកំពូល រវាងប្រទេសទាំងពីរហើយ។ ជាទីបញ្ចប់ សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេចពិតជាមានការរីករាយណាស់ ជាមួយនឹងវឌ្ឍនភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
No comments:
Post a Comment