លោកស្រីហេង មួយគា ចោទប្តីភ្ជង់កាំភ្លើងនិងគំរាមសម្លាប់ ពេលនេះចេញមុខសុំទោសជាសាធារណះ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកស្រីហេង មួយគា ចោទប្តីភ្ជង់កាំភ្លើងនិងគំរាមសម្លាប់ ពេលនេះចេញមុខសុំទោសជាសាធារណះ


ភ្នំពេញ ៖ ស្ត្រីឈ្មោះហេង មួយគា ត្រូវជាភរិយាលោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ដែលបានអះអាងថា ប្តីអ្នកស្រី បានប្រើអំពើហិង្សាមកលើអ្នកស្រីជាភរិយា និងអ្នកបម្រើ (មេដោះ) និងថែមទាំងបានដកកាំភ្លើងខ្លី ភ្ជង់គំរាមបាញ់សម្លាប់ កាលពីរាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នោះ បានចេញមុខបំភ្លឺ និងសុំទោសជាសាធារណៈចំពោះមហាជន ដោយលើកឡើងថា តាមពិតប្តីអ្នកស្រី មិនបានប្រើអំពើហិង្សា និងភ្ជង់កាំភ្លើងគំរាមសម្លាប់អ្នកស្រីឡើយ ហើយការលើកឡើងកន្លងមកនោះ គ្រាន់តែជាកំហឹងមួយឆាវរបស់អ្នកស្រីតែប៉ុណ្ណោះ ទើបធ្វើឱ្យការនិយាយស្តីជ្រុលមាត់ លើសលស់ ប្រាសចាកពីការពិត។

យោងតាមលិខិតបំភ្លឺរបស់លោកស្រី ហេង មួយគា ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ មានខ្លឹមសារទាំងស្រុងថា «នាងខ្ញុំឈ្មោះហេង មួយគា ត្រូវជាភរិយារបស់លោកម៉ុត ដារ៉ា សូមធ្វើការបំភ្លឺជូនសាធារណជន បានជ្រាបលម្អិតអំពីករណីជម្លោះរវាងនាងខ្ញុំ និងស្វាមី ដែលបានកើតឡើង កាលពីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ហើយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានជា ច្រើន ក្នុងនោះនាងខ្ញុំក៏បានជ្រុលមាត់និយាយលើសលស់នូវពាក្យសម្តីមួយចំនួនដែលប្រាសចាកពីការពិត ព្រោះតែការខឹងបាំងមុខ។ចំពោះរឿងពិតប្រាកដ នាងខ្ញុំសូមជម្រាបជូនដូចតទៅ ៖ ដំបូងឡើយ ពេលស្វាមីនាងខ្ញុំវិលត្រឡប់ពីធ្វើការវិញ ក៏មានការប៉ះបារពាក្យសម្តីមួយចំនួន រហូតដល់តឹងសរសៃកដាក់គ្នា ពេលនោះ ស្វាមីនាងខ្ញុំបានចាប់ដៃនាងខ្ញុំក្នុងបំណងហៅឡើងទៅបន្ទប់ជាន់លើ ដើម្បីសួរនាំ ដោះ ស្រាយគ្នា ប៉ុន្តែនាងខ្ញុំបានបដិសេធ ដែលជាហេតុនាំឱ្យស្វាមីនាងខ្ញុំចាប់ច្របាច់ដៃ ដើម្បីទាញឡើងទៅលើ ជាមួយនឹងពាក្យសម្តីប្រកែកគ្នា ពេលនោះក្នុងអារម្មណ៍នាងខ្ញុំខឹងជាខ្លាំងចំពោះស្វាមីនាងខ្ញុំ ព្រោះតាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធ ជាង១០ឆ្នាំមក គាត់មិនដែលប្រព្រឹត្តអាកប្បកិរិយាបែបនេះមកលើនាងខ្ញុំនិងគ្រួសារឡើយ។ 

នាងខ្ញុំពិតជាពិបាកទទួលយកនូវទិដ្ឋភាពបែបនេះណាស់ សេចក្តីខឹងក្រោធរបស់នាងខ្ញុំពេលនោះ គឺធ្វើឱ្យអារម្មណ៍នាងខ្ញុំគិតអ្វីក៏មិនឃើញក្រៅពីការខឹងគាត់ឡើយ ហើយរហូតមានពាក្យពេចន៍មួយចំនួនលើសលស់ប្រាសចាកពីការពិត។ ចំណែកពាក្យថា គាត់យកកាំភ្លើងមកគំរាមរកបាញ់សម្លាប់ ឬវាយតប់ផ្សេងៗនោះ គឺពុំមានឡើយ។ គ្រាន់តែគាត់ចាប់ច្របាច់ដៃ ដើម្បីនាំនាងខ្ញុំឡើងទៅជាន់លើ តែនាងខ្ញុំមិនព្រមនោះ គឹមានពិតប្រាកដមែន អ្វីដែលលេសពីនោះ គឺមិនមានទេ។ សូមជម្រាបជូនថា ការបកស្រាយនេះ គឹមិនមានការបង្ខំ ឬប្រឌិត ដើម្បីគេចវេះពីការពិតនោះទេ ព្រោះនេះគឺជាការពិត សូមបងប្អូនអ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាបនិងយោគយល់ដល់នាងខ្ញុំ និងស្វាមី ចំពោះហេតុការណ៍នេះ។

នាងខ្ញុំនិងស្វាមី សុំសេចក្តីអនុគ្រោះជាសាធារណៈ និងសូមបញ្ចប់វិវាទមួយនេះត្រឹមហ្នឹង។សូមបងប្អូនទទួលនូវការគោរពស្រលាញ់រាប់អានអំពីនាងខ្ញុំ និងស្វាមី ព្រមទាំងគ្រួសារ…»។គួររំលឹកថា កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ កន្លងទៅ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើត ឡើង នៅចំណុចមុខផ្ទះលេខ៨៩ តាមបណ្តោយផ្លូវលេខ១៥០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ដោយស្ត្រីម្នាក់ដែលអះអាងថា ត្រូវជាភរិយា ស្របច្បាប់លោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសុំអន្តរាគមន៍ពីសមត្ថកិច្ចទាំងយប់ ដោយអះអាងថា ប្តីអ្នកស្រី បានប្រើអំពើហិង្សាមកលើអ្នកស្រីជាភរិយា និងអ្នកបម្រើ (មេដោះ) និងថែមទាំងបានដកកាំភ្លើងខ្លី ភ្ជង់គំរាមបាញ់សម្លាប់ទៀតផង។

តាមសម្តីរបស់ស្ត្រីឈ្មោះហេង មួយគា បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់បានចោទមកលើរូបគាត់ថា លួចលុយអស់ជាច្រើន តែគាត់បានប្រកែកថាគាត់មិនបានលួចទេ។ បន្ទាប់មកប្តី របស់គាត់ក៏បានទាញដៃ និងវាយមកលើរូបគាត់ រួចដកកាំភ្លើងខ្លីភ្ជង់ត្រង់សៀតផ្កា ធ្វើឱ្យរូបគាត់ភ័យខ្លាច ក៏ស្រែកឱ្យគេជួយ។ ក្រោយមក អ្នកបម្រើ ស្រីម្នាក់ (មេដោះ) បានរត់មកជួយឃាត់ ស្រាប់តែត្រូវប្តីរបស់គាត់ ដកកាំភ្លើងខ្លី ១ដើមទៀត ភ្ជង់ទៅលើអ្នកបម្រើ រួចយកអ្នកបម្រើទៅចាក់សោជាប់នៅក្នុងបន្ទប់ជាន់ខាងលើ។ ដោយ ឃើញសភាពដូចនេះ រូបគាត់ត្រូវជាប្រពន្ធភ័យពេក ក៏បានទាក់ទងទៅឪពុករបស់គាត់នៅឯខេត្តកំពង់ឆ្នាំង ឱ្យមកជួយរូបគាត់។ ក្រោយមកឪពុក និងម្តាយរបស់គាត់បានបើករថយន្តចេញពីខេត្តកំពង់ឆ្នាំង មកដល់ភ្នំពេញ ក៏បានសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ស្ត្រីជាប្រពន្ធរូបនេះ បញ្ជាក់ថា លោកម៉ុត ដារ៉ា តែងតែប្រើហិង្សាមកលើគាត់ជាប្រពន្ធ ជាច្រើនលើកច្រើនសា រហូតគាត់ទ្រាំលែងបាន ទើបឈ្លោះគ្នាកាន់តែខ្លាំងនៅពេលនេះតែម្តង។ ជាមួយគ្នានេះស្ត្រីជាប្រពន្ធ បានទទូចដល់សមត្ថកិច្ច ចាត់វិធានការតាមច្បាប់ចំពោះប្តីរបស់ខ្លួន ដែលមានតួនាទីជាព្រះរាជអាជ្ញារងអមសាលាដំបូងរូបនេះផង។គួរបញ្ជាក់ថា ក្រោយកើតហេតុការណ៍ភ្ញាក់ផ្អើលខាងលើ ១ថ្ងៃ ពោលគឺនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ភរិយាលោកម៉ុត ដារា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហោះរូបនារីម្នាក់ និងគណនីហ្វេសប៊ុក របស់នារីរូបនោះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយភ្ផាប់ជាមួយនឹងសំណេរខ្លីមួយថា “នេះជាមូលហេតុចម្បងដែលធ្វើឱ្យគ្រួសារខ្ញុំមានអំពើហិង្សាសាហាវព្រៃផ្សៃ ហ៊ានគំរាមកំហែងសម្លាប់ខ្ញុំ និងធ្វើឱ្យក្រុមគ្រួសារខ្ញុំបែកបាក់ព្រាត់ប្រាស់គ្នា…”។ ស្រាប់តែរំលងបាន១ថ្ងៃ មកទៀត ស្ត្រីឈ្មោះហេង មួយគា បែរជាចេញលិខិតសុំទោសជាសាធារណៈ ដោយអះអាងថា អ្វីដែលខ្លួនលើកឡើងកន្លងមក គឺជាការនិយាយស្តីជ្រុលមាត់ ដែលកើតចេញពីកំហឹងមួយឆាវតែប៉ុណ្ណោះ។



No comments:

Post a Comment

Pages