(ខេត្តស្វាយរៀង)៖ មានរថយន្តយីឌុបធុនធំជាច្រើនគ្រឿងរបស់ពួកឈ្មួញ ឃ្លុំជិតៗ សង្ស័យជាទំនិញគេចពន្ធខុសច្បាប់បង្កប់ មកសំងំលាក់ខ្លួននៅជិតមាត់ច្រករបៀងក្រសាំងជ្រំ ភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រៀមឆ្លងដែនទៅប្រទេសវៀតណាម នៅពេលយប់វេលាម៉ោង០៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២២ ដោយសង្ស័យថា សមត្ថកិច្ចពាក់ព័ន្ធមានការត្រូវរ៉ូវគ្នាជាមួយពួកឈ្មួញ។
បើតាមមន្ត្រីនគបាលឃុំគ្រួសម្នាក់ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រយៈពេលកន្លះខែមកនេះ មានរថយន្តយីឌុបធំៗ របស់ពួកឈ្មួញ ប្រភេទវ៉េអង ចាប់ពី០៥ទៅ១០គ្រឿង ឃ្លុំជិតឈឹង និងរថយន្តកុងតឺន័រ សណ្តោងរ៉ឺម៉ក ជាច្រើនគ្រឿងដឹកទំនិញ ចុះពីផ្លូវជាតិលេខ១ តាមមុខក្លោងទ្វារវត្តស្វាយជ្រំ ឆ្ពោះទៅព្រំដែនប៉ុស្ត៍ច្រករបៀងក្រសាំងជ្រំ រាល់យប់ថ្ងៃសង្ស័យជាទំនិញគេចពន្ធខុសច្បាប់។
ប្រភពដ៌ដែរបានបន្តទៀតថា ប៉ុស្តិ៍ច្រករបៀងក្រសាំងជ្រំ ប៉ុន្មានខែចុងក្រោយនេះ គឺមានពួកឈ្មួញមករកស៊ីនាំទំនិញចេញចូលទៅប្រទេសវៀតណាមច្រើន ពោលគឺពេលថ្ងៃឈ្មួញ នាំផ្លែឈើ ពីប្រទេសវៀតណាម ចូលតាមច្រករបៀងក្រសាំងជ្រំ មានដូចជា ផ្លែស្រការនាគ ធូរេន និងខ្នុរជាដើម ដោយបានដឹកតាមរថយន្តសាំយ៉ុង យកទៅរាជធានីភ្នំពេញ។ ហើយពេលយប់ឈ្មួញ លួចនាំទំនិញគេចពន្ធទៅប្រទេសវៀតណាម មានដូចជា ស្ករស, បារី ,អេតចាយ និងទំនិញគេចពន្ធផ្សេងទៀតគ្របជិត។
ទាក់ទិនករណីនេះដែរ សមត្ថកិច្ចម្នាក់បានបង្ហើបឲ្យដឹងថា ស្ករស និងបារី គឺជារបស់ប្រពន្ធលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដោយស្តុកនៅក្នុងឃ្លាំង ស្ថិតនៅភូមិក្រសាំងជ្រំ ហើយផ្ទេរដឹកតាមត្រាក់ទ័រ ក្នុង១យប់ៗ រាប់សិបតោន។ចំពោះករណីនេះ លោកមេបញ្ជាការកងរាជអាវុធហត្ថ បានបំភ្លឺតាមទូរសព្ទ័ថា ទំនិញ ស្ករស ជារបស់ប្រពន្ធលោក បានបង់ពន្ធគយ និងបង់ថ្លៃផ្លូវរួចហើយដែរ។
ក្រោយមានការឆ្លើយបំភ្លឺពីលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក មហាជនបានកើតជាចម្ងល់ថា បើបង់ពន្ធអស់ហើយម្តេច ក៏ចេញតែពេលយប់ហើយដឹកតាមត្រាក់ទ័រ ចេញតាមផ្លូវវាងឆ្លងប្រឡាយទៅប្រទេសវៀតណាមទៅវិញ។ដោយឡែក ការនាំផ្លែឈើ ពីប្រទេសវៀតណាមចូលមកកម្ពុជា ក៏ពុំដែលឃើញមានមន្ត្រីជំនាញ ចុះទៅពិនិត្យគុណភាពនោះដែរ។ នេះជាការលើកឡើងរបស់ពលរដ្ឋមូលដ្ឋាន៕
Home
Unlabelled
រថយន្តធុនធំជាច្រើនគ្រឿងរបស់ពួកឈ្មួញ សង្ស័យដឹកទំនិញគេចពន្ធឆ្លងដែនចូលវៀតណាមរាល់យប់
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment