សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតតួគីប្រចាំនៅកម្ពុជាដែលចប់អាណត្តិ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតតួគីប្រចាំនៅកម្ពុជាដែលចប់អាណត្តិ


ភ្នំពេញ៖នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣  ខែមិថុនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ អាយដា អ៊ុនលូ (Ayda Unlu) ឯកអគ្គរដ្ឋទូតតួគី ប្រចាំនៅកម្ពុជា ខណៈដែលលោកជំទាវ បានចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ អាយដា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានផ្ដល់មេដាយសហមេត្រីថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោកជំទាវ។ លោកជំទាវ អាយដា បានគោរពជម្រាបជូនសម្ដេចតេជោថា រយៈពេលជាង ៤ឆ្នាំនៃបេសកកម្មនៅកម្ពុជា ទោះបីជំងឺកូវីដ-១៩ បានរាតត្បាតពិភពលោកជាង២ឆ្នាំកន្លងមកក៏ដោយ ក៏លោកជំទាវបានធ្វើការមួយចំនួនក្នុងការពង្រីកពង្រឹងទំនាក់ទំនងទាំងពាណិជ្ជកម្ម និងទាំងនយោបាយរវាងប្រទេសទាំងពីរ ក្នុងនោះមានការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសទួរគី និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជា ទៅកាន់ប្រទេសទួរគីជាបន្តបន្ទាប់ទៀត។

លោកជំទាវបានបន្ថែមថា លោកជំទាវពិតជាមានកិត្តិយសជាទីបំផុត ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា ដើម្បីបានបម្រើទាំងទួរគី នឹងកម្ពុជា ហើយការចាកចេញពីប្រទេសកម្ពុជា លោកជំទាវ មានអារម្មណ៍ថា ដូចជាការចាកចេញពីផ្ទះដែលកំពុងតែរស់នៅ។ ទោះបីជាយ៉ាងណាក៏ដោយលោកជំទាវ អាយដា បានគោរពជម្រាបជូនសម្ដេចតេជោថា លោកជំទាវ នឹងបន្តធ្វើការធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត មិនថាលោកជំទាវនៅទីណាទេ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកជំទាវ អាយដា និងសំដែងនូវការកោតសរសើរយ៉ាងស្មោះចំពោះស្នាដៃធំធេងរបស់លោកជំទាវ ក្នុងការបំពេញបេសកកម្មការទូតយ៉ាងរស់រវើក និងផ្លែផ្កា ចូលរួមចំណែកយ៉ាងសកម្មតាមរយៈបេសកកម្មសកម្មការទូតរបស់លោកជំទាវ ដែលបានពង្រឹង ពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងតួកគី ជាពិសេសការរៀបចំឱ្យមានដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្ដេចទៅកាន់ប្រទេសទួរគី និងរៀបចំមូលដ្ឋានជាច្រើន សម្រាប់ពង្រីក ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ដែលចាំតែពេលវេលាប៉ុណ្ណោះ ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងកើនឡើងទៅដល់ចំនួនដែលបានកំណត់ទុក។

ជាទីបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មី ជូនចំពោះលោកជំទាវ និងរដ្ឋាភិបាលតួកគី ដែលបានផ្ដល់ជំនួយដល់កម្ពុជា ទាំងការជួយដល់ជនក្រីក្រ ការសង់ផ្ទះជូនជនក្រីក្រ និងការធ្វើផ្លូវតាមជនបទ។ល។ សម្តេចតេជោ ក៏បានជូនពរឱ្យលោកជំទាវ អាយដា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងបេសកកម្មរបស់លោកជំទាវនៅពេលខាងមុខ ៕












 

No comments:

Post a Comment

Pages