រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបលោកស្រី Roueida EI Hage ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនោះ សម្ដេចក្រឡាហោមបានស្វាគមន៍ចំពោះលោកស្រីដែលទទួលការតែងតាំងជាប្រធានថ្មីនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ និងមានសេចក្ដីពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ ជាមួយនឹងឧត្តមស្នងការការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំកម្ពុជា។ សម្ដេចក៏សង្ឃឹមថា វត្តមានលោកស្រីនឹងបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែរីកចម្រើន។
លោកស្រី Roueida EI Hage ក៏បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ដែលបានអនុញ្ញាតឲ្យលោកស្រីចូលជួបនាឱកាសនេះ និងបានជម្រាបជូនសម្ដេចដែរថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ មានអវត្តមាននៅកម្ពុជាប្រមាណជិត៣០ឆ្នាំមកហើយ និងតែងតែមានកិច្ចសហការល្អជាមួយភាគីកម្ពុជា។ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ លោកស្រីបានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម ដែលបានផ្តល់នូវការគាំទ្រដល់បេសកកម្មការងាររបស់ការិយាល័យ ជាពិសេសគឺការគាំទ្រការចុះធ្វើទស្សនកិច្ចតាមបណ្ដាពន្ធនាគារ ដើម្បីផ្ដល់ការគាំទ្រចាំបាច់នានាដល់ការងារពន្ធនាគារ។ លោកស្រីក៏ថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អផងដែរ រវាងការិយាល័យជាមួយថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធនាគារ ចំពោះការចែករំលែកនូវព័ត៌មាន ក៏ដូចជាទិន្នន័យដ៏ចាំបាច់នានាបម្រើដល់ការងាររបស់ការិយាល័យឧត្តមស្នងការប្រកបដោយប្រសិទ្ធភាព។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណលោកស្រី ក៏ដូចជាការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ដែលកន្លងមកបានជួយគាំទ្រដល់គម្រោងនានាលើការងារពន្ធនាគារ។ សម្តេចក៏យកឱកាសនេះជម្រាបលោកស្រីផងដែរថា បន្ទាប់ពីការអនុវត្តយុទ្ធនាការបង្ក្រាបគ្រឿងញៀន ពន្ធនាគារកម្ពុជា ក៏ជួបប្រទះនូវបញ្ហាប្រឈមដោយសារចំនួនកើនឡើងនៃអ្នកជាប់ឃុំ។ចំពោះអ្នកពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀននេះ សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក៏កំពុងតែខិតខំដោះស្រាយបញ្ហានេះតាមរយៈការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារបន្ថែម នៅតាមបណ្ដារាជធានី ខេត្ត ព្រមទាំងសាងសង់មជ្ឈមណ្ឌលស្ដារនីតិសម្បទា និងបន្សាបគ្រឿងញៀន។
សម្ដេចក៏បានជម្រាបជូនដែរថា ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ក៏កំពុងពិភាក្សាអំពីដំណើរការ អនុវត្តទោសក្នុងសហគមន៍ ដើម្បីជួយសម្រួលដល់ការចង្អៀតណែនក្នុងពន្ធនាគារ ក៏ដូចជាការសាកល្បងអនុវត្តការដោះលែងឲ្យនៅក្រៅឃុំ សម្រាប់ប្រភេទបទល្មើសស្រាលៗ និងដោយផ្អែកលើលក្ខខណ្ឌកំណត់មួយចំនួន ដែលកិច្ចការនេះក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌កំពុងពិភាក្សាគ្នា ផ្អែកលើមូលដ្ឋាននៃក្រមព្រហ្មទណ្ឌកម្ពុជា។ជាការឆ្លើយតប លោកស្រីបានថ្លែងអំណរគុណជាថ្មីទៀតជូនសម្ដេចក្រឡាហោម ដែលបានផ្តល់ជូនព័ត៌មានមួយចំនួនពាក់ព័ន្ធទៅនឹងការងារគ្រប់គ្រងពន្ធនាគារ។ លោកស្រីក៏ត្រៀមខ្លួនជានិច្ចក្នុងការធ្វើកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ទៅលើការងារដែលនៅក្នុងអាណត្តិរបស់លោកស្រីនៅកម្ពុជា៕
Home
Unlabelled
សម្ដេចក្រឡាហោម ស ខេង ទទួលជួបលោកស្រី Roueida EI Hage ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment