(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានប្រធានាធិបតីរុស្សុី លោក វ្លាឌីមែរ ពូទីនថាសហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់តំបន់ដែលរុស្ស៉ីដណ្ដើមយកពីអ៊ុយក្រែន ជាដាច់ខាត ខណៈទីក្រុងវ៉ាស៊ីនតោន បានត្រៀមកញ្ចប់ទណ្ឌកម្មថ្មីជាស្រេចប្រឆាំងទីក្រុងមូស្គូ ពាក់ព័ន្ធនឹងគម្រោងកាត់យកទឹកដីអ៊ុយក្រែន។ នេះបើ តាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។
ការកត់សម្គាល់ខាងលើរបស់លោក ចូ បៃដិន ធ្វើឡើងនៅក្នុងសុន្ទរកថាមួយទៅកាន់មេដឹកនាំនៃប្រទេសដែនកោះប៉ាស៊ីហ្វិក នៅឯទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយការថ្កោលទោសការបោះឆ្នោតប្រជាមតិរៀបចំឡើង ដោយក្រុមមន្ត្រីលើកបន្តុបដោយរុស្ស៉ី នៅក្នុងតំបន់របស់ អ៊ុយក្រែនថាជា «ទង្វើមិនចេះអៀនខ្មាស»។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំចង់បញ្ជាក់ឱ្យកាន់តែច្បាស់ថាសហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់ការទាមទាររបស់រុស្ស៉ីលើអធិបតេយ្យរបស់អ៊ុយក្រែនជាដាច់ខាត។ ការឈ្លានពានរបស់រុស្ស៉ីក្នុងមហិច្ឆតាចក្រពត្ដិនិយម គឺជាទង្វើបំពាន យ៉ាងច្បាស់លើធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងគោលការណ៍គ្រឹះនៃការគោរពអធិបតេយ្យ និងបូរណភាពនៃរដ្ឋដទៃ»។
លោក ពូទីន គ្រោងនឹងប្រកាសពីការបញ្ចូល តំបន់ខឺសុន (Kherson) និងតំបន់ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) រួមទាំង តំបន់២ ផ្សេងទៀតរបស់អ៊ុយក្រែន គឺលូហាន និងដូណេត ក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ីជាផ្លូវការនៅម៉ោង ៣រសៀល ថ្ងៃសុក្រនេះ (ម៉ោងនៅទីក្រុង មូស្គូ»។ តំបន់ ទាំងបួននេះបូកបញ្ចូលគ្នា មានទំហំស្មើនឹង១៥ភាគរយនៃទឹកដីអ៊ុយក្រែន៕
លោក បៃដិន ព្រមានលោក ពូទីនថាអាមេរិកមិនទទួលស្គាល់ទឹកដីដែលរុស្ស៉ី កាត់យកពីអ៊ុយក្រែននោះទេ!
Subscribe to:
Post Comments (Atom)
No comments:
Post a Comment