លោក ពូទីន ចោទអ៊ុយក្រែននៅពីក្រោយការបំផ្ទុះស្ពានគ្រីមៀឲ្យឆេះសន្ធោសន្ធៅ! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក ពូទីន ចោទអ៊ុយក្រែននៅពីក្រោយការបំផ្ទុះស្ពានគ្រីមៀឲ្យឆេះសន្ធោសន្ធៅ!


(កៀវ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃច័ន្ទនេះបានចោទប្រកាន់អ៊ុយក្រែនថា គឺជាអ្នកនៅពីក្រោយទង្វើដែលលោកចាត់ទុកជា ការវាយប្រហារភេរវកម្មនៅលើស្ពានដ៏សំខាន់ ដែលតភ្ជាប់ឧបទ្វីបគ្រីមៀជាមួយប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។

ក្នុងសារជាវីដេអូមួយ កាលពីថ្ងៃអាទិត្យកន្លងទៅ លោកប្រធានាធិបតីរុស្ស៉ី បាននិយាយយ៉ាងដូច្នេះថា «គ្មានអ្វីត្រូវសង្ស័យនោះទេ។ នេះគឺជា​អំពើភេរវកម្ម ដែលមានគោលដៅបំផ្លិចបំផ្លាញ ហេរដ្ឋារចនាសម្ព័ន្ធស៉ីវិលសំខាន់ៗបំផុត។ សកម្មភាពនេះ ត្រូវបាន​រៀបចំ ប្រព្រឹត្ត និងបញ្ជាដោយ ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់ និងសន្តិសុខជាតិរបស់អ៊ុយក្រែន»។

ការលើកឡើងខាងលើរបស់លោក ពូទីន គឺស្របពេលដែលរូបលោក ត្រៀមដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នាថ្ងៃចន្ទនេះ ជុំវិញហេតុការណ៍នៅស្ពានគ្រីមៀ។ ទន្ទឹមគ្នានេះ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ បានព្រមានដូច្នេះថា «ការឆ្លើយតបតែមួយគត់របស់រុស្ស៉ីចំពោះបទឧក្រិដ្ឋនេះ គឺសម្លាប់ពួកភេរវករផ្ទាល់តែម្តង ហើយវាគឺជាអ្វីដែល​ប្រជាពលរដ្ឋរុស្ស៉ីរំពឹងចង់ឱ្យធ្វើផងដែរ»។

គួរបញ្ជាក់ថា ស្ពានយុទ្ធសាស្រ្តខាងលើ ដែលលាតសន្ធឹងឆ្លងកាត់ច្រកសមុទ្រឃើច (Kerch Strait) បានទទួលរងការឆាបឆេះ និង​ខូចខាតកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដោយទីក្រុងមូស្គូបានអះអាងថា កើតឡើងដោយការបំផ្ទុះរថយន្ត ហើយរាលដាលបង្កឱ្យ​ស៉ីទែនប្រេងសាំងជាច្រើន ដែលកំពុងដឹកជញ្ជូនតាមស្ពាននោះឆាបឆេះ។ ស្ពាននេះបានដើរតួនាទី ជាមធ្យោបាយផ្គត់ផ្គង់យ៉ាងសំខាន់មួយ សម្រាប់កងកម្លាំងរបស់រុស្ស៉ី នៅភាគខាងត្បូងអ៊ុយក្រែន។ ជុំវិញដំណឹងផ្ទុះឆេះនៅស្ពានគ្រីមៀ ក្រុមមន្រ្តីអ៊ុយក្រែនបានបង្ហោះសារសម្តែងការត្រេកអរ ប៉ុន្តែមិនបានអះអាងថា វាជាទង្វើរបស់ទីក្រុងកៀវនោះទេ៕


No comments:

Post a Comment

Pages