(កំពង់ចាម)៖ លោក សោម សំស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ដែលជាប់ចោទចំនួន៣បទល្មើស ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម សម្រេចដោះលែងវិញហើយ ពោលគឺឱ្យនៅក្រៅឃុំ”ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ”។ សូមជម្រាបថា ជនត្រូវចោទ សោម សំស័ក្តិ ត្រូវចាប់ខ្លួនបាននៅរាជធានីភ្នំពេញដោយកម្លាំងអារុធហត្ថខេត្តកំពង់ចាម សហការនិងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ហើយត្រូវដោះលែងវិញ នៅរសៀលថ្ងៃទី២៧ខែឆ្នាំដដែល។
រីឯជនរងគ្រោះក្នុងរឿងរ៉ាវមួយនេះឈ្មោះ ផាត់ សុជឿន ភេទស្រីអាយុ៤៥ឆ្នាំ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែងបច្ចុប្បន្នៈស្នាក់នៅក្រុងសៀមរាប។ជនរងគ្រោះ ផាត់ សុជឿន បានប្រាប់អ្នកសារព័ត៌មានអោយដឹងថា ខ្លួនពុំទាន់បានដកពាក្យបណ្ដឹងនោះទេ ហេតុអ្វីក៍តុលាការដោះលែងជនដៃដល់លឿនម្ល៉េះ.?។ អ្នកស្រីបានហួសចិត្តជាខ្លាំងចំពោះការដោះលែងនេះ ខណៈអ្នកស្រីពុំទាន់ទទួលបានយុត្តិធម៌នៅឡើយ។
បើតាមអ្នកស្រី ផាត់ សុជឿន ការដោះលែងជនល្មើសលឿនបែបនេះ វាហាក់បីដូចជាតុលាការ កំពុងផ្ដល់ក្ដីសង្ឃឹមលើកទឹកចិត្តឱ្យជនល្មើសប្រព្រឹត្តខុសច្បាប់ ហើយមកបំបាក់ស្មារតីខ្លួនដែលជាជនរងគ្រោះអញ្ចឹង។
សូមជម្រាបថា ករណីហិង្សានេះ បានកើតឡើង កាលពីយប់ទី១៤ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុច”ផ្សារទំនើបអាស៊ី”ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ខណៈជនបង្កត្រូវបានគេស្គាល់ថា ជាលោក សោម សំស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ នៃសាលាខេត្តសៀមរាប រីឯជនរងគ្រោះជាមនុស្សស្រី។យោងពាក្យបណ្ដឹងដាក់ចូល ប្រធានការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ជនរងគ្រោះបានអះអាងថា ជនត្រូវចោទ សោម សំស័ក្តិ ពិតជាបានប្រើអំពើហិង្សាលើរូបនាងប្រាកដមែន.។ ដោយវ៉ៃនាងចំនួន១ដៃ ច្រាននាង បណ្ដាលឱ្យដួលលើផ្លូវ រួចបើករថយន្តរបស់ខ្លួនម៉ាក RENG ROVER ពណ៌ខ្មៅពាក់ស្លាកលេខBU.0009 គេចខ្លួនបាត់។
មួយសន្ទុះក្រោយមកជនត្រូវចោទ សោម សំស័ក្តិ បានបើករថយន្តមកវិញ ក្នុងបំណងបុកសម្លាប់នាង តែត្រូវនាងគេចផុត និងបណ្ដាលឱ្យរថយន្តលោក សោម សំស័ក្តិ ជ្រុលបុកម៉ូតូសមត្ថកិច្ច ដែលកំពុងចុះអន្តរាគមន៍ នៅកន្លែងកើតហេតុ បន្ទាប់មកទៀតលោក សោម សំស័ក្តិ បានបើករថយន្តរត់គេចបាត់ស្រមោល។ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង នៅការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តសៀមរាបតែម្ដងទៅ។ បន្ទាប់ពីបានទទួលបណ្ដឹង សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
បន្ទាប់មកទៀត តុលាការខេត្តសៀមរាប បានកោះហៅជនត្រូវចោទ សោម សំស័ក្តិ ឱ្យចូលបំភ្លឺជាច្រើនលើក តែលោកមិនចូលបំភ្លឺឡើយ ដោយគេចខ្លួនបាត់ ហើយសំណុំរឿងមួយនេះ បានបង្វែរមកសាលាដំបូងខេត្តកំពង់ចាម ដើម្បីអនុវត្តនីតិវិធីជំនួស។
កាលពីកន្លងទៅលោកស្រី សាត ធីតា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តសៀមរាបបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ជនត្រូវចោទ សោម សំស័ក្តិ ត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់ចំនួន៣បទល្មើស គឺ«បទ ជេរប្រមាថ បទ ហិង្សាដោយចេតនា និងបទ ប៉ុនប៉ងមនុស្សឃាត»។ពាក់ព័ន្ធករណីនេះលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យតំណាងអយ្យការ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជនត្រូវចោទ សោម សំស័ក្តិ ពិតជាត្រូវបានដោះលែងឱ្យនៅក្រៅឃុំប្រាកដមែន។
លោកថា ការដោះលែងនេះ ជាឆន្ទានុសិទ្ធ របស់ចៅក្រមស៊ើបសួរ គឺផុតពីតំណាងអយ្យការហើយ។ ហើយក៏មិនមានប្ដឹងជំទាស់ទៅឧទ្ធរណ៍ឡើយ។ចំណែកលោក ធី បរិញ្ញា អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាម ថ្លែងថា ការសំរេចរបស់ចៅក្រមស៊ើប គឺ ដាក់ស្ថិតនៅក្រោមត្រួតពិនិត្យផ្លូវតុលាការ មិនមែនដោះលែងទេ ត្រូវមានលក្ខខណ្ឌគឺមិនត្រូវផ្លាស់ប្តូរទីលំនៅ និងត្រូវគោរព កាតព្វកិច្ចការកោះហៅរបស់តុលាការ។
មជ្ឈដ្ឋានអ្នកច្បាប់និយាយថា ការដោះលែងបុគ្គល សោម សំស័ក្តិ គឺមិនខុសនីតិវិធីទេ គ្រាន់តែខុសចិត្តមហាជន និងជនរងគ្រោះប៉ុណ្ណោះ។ ព្រោះតុលាការមានឆន្ទានុសិទ្ធក្នុងការដោះលែងឱ្យនៅក្រៅឃុំ ។ពោលគឺបើលែង”មានមាត្រាលែង”បើឃុំ”មានមាត្រាឃុំ”អញ្ចឹងតុលាការចង់លែង ចង់ឃុំ មិនចេះខុសឡើយ។មហាជបានលើកឡើងថា ជនត្រូវចោទ សោម សំស័ក្តិ ពិតជាមានឥទ្ធិពលខ្លាំងមែន ជាប់ចោទចំនួន ៣បទល្មើសទៅហើយ ស្រាប់តែអាចវិលត្រឡប់ មកដេកផ្ទះវិញបានយ៉ាងឆាប់រហ័សដោយជាប់ឃុំត្រឹមតែ១យប់ប៉ុណ្ណោះ។ គឺចាប់ខ្លួនបានថ្ងៃទី២៦ តុលា ដោះលែងវិញនៅថ្ងៃទី២៧ តុលា ឆ្នាំដដែលនេះជាករណីពិសេស មិនធ្លាប់មានទេកាលពីកន្លងមក៕
Home
Unlabelled
មិនធម្មតាមួយដង្ហើមចង្រិត ជនត្រូវចោទ សោម សំស័ក្ដិ ចាប់ហើយត្រូវដោះលែងនៅក្រៅឃុំវិញ បើទោះបីជាជាប់ចោទចំនួន៣បទល្មើសក្ដី ដោយផ្អែកថា ជាឆន្ទានុសិទ្ធរបស់តុលាការ!
Share This
About Sundaytvonline.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment