ភ្នំពេញ៖លោក យឿង ថេគឿង ( Duong The Cuong ) អាយុ៧១ឆ្នាំ និងលោកស្រី ចិន ធីឡុក ( Tran Thi Loc ) អាយុ៦៣ឆ្នាំ ជនជាតិ និងសញ្ជាតិវៀតណាម ដែលគេស្គាល់ថា ត្រូវជាឪពុក ម្ដាយ បង្កើតរបស់លោមឧកញ៉ា ថោង សារ៉ាត់ ពេលនេះទទួលបានការផ្ដល់ជាសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ជាចង្កោមគ្រួសារប្ដី-ប្រពន្ធ និងបានប្ដូរឈ្មោះថ្មី លំនាំខ្មែរ ឈ្មោះ ថោង ចំរើន ( Thorng Chamreun ) និង ឈ្មោះ កែវ សារី ( Keo Sary ) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២២/៧១៩ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ។
ប្រការគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺនៅត្រង់ថា លោក ថោង ចំរើន និងលោកស្រី កែវ សារី ធ្លាប់បានអះអាងថា ខ្លួនជាជនជាតិ និងសញ្ជាតិខ្មែរ ក្នុងនាមជាអ្នកគ្រប់គ្រងក្រុមហ៊ុន សាច់ប៉ាតេ ៩៩៩ ជាយូរយារណាមកហើយៗលើសពីនេះ លោកស្រី កែវ សារី មានក្របខ័ណ្ឌជានាយទាហាន នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០៤៣១៧២ ឋានន្តរស័ក្ដិ ថ្នាក់វរសេនីយ៍ទោ តាំងពីអំឡុងឆ្នាំ២០១០ និងធ្លាប់មានមុខតំណែងជា ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈជា « លោកជំទាវ » ទៀតផង ។
មជ្ឈដ្ឋាននានាបានចោទជាសំណួរថា ភាស្ដុតាងជាក់ស្ដែងបានបង្ហាញថា លោកស្រី Tran Thi Loc ជនជាតិ-សញ្ជាតិវៀតណាម ទើបទទួលបានការផ្ដល់សញ្ជាតិខ្មែរ និងបានប្ដូរឈ្មោះថ្មីជា ឈ្មោះកែវ សារី ( Keo Sary ) នៅឆ្នាំ២០២២ ចុះហេតុអ្វីបានជាលោកស្រី កែវ សារី អាចមានក្របខ័ណ្ឌជានាយទាហាន នៃកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ អត្តលេខ ០៤៣១៧២ តាំងពីអំឡុងឆ្នាំ២០១០ ទៅកើត និងតាមរបៀបណា ?។
No comments:
Post a Comment