ទីតាំងវេចខ្ចប់ និងរក្សាទុកផលិតផលប្រេងកូឡារូបតាប៉ិ និងថ្នាំដុសធ្មេញសញ្ញាផ្កាឈូកពីរបន្លំម៉ាកក្លែងក្លាយ ត្រូវសមត្ថកិច្ចចុះបង្ក្រាប - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ទីតាំងវេចខ្ចប់ និងរក្សាទុកផលិតផលប្រេងកូឡារូបតាប៉ិ និងថ្នាំដុសធ្មេញសញ្ញាផ្កាឈូកពីរបន្លំម៉ាកក្លែងក្លាយ ត្រូវសមត្ថកិច្ចចុះបង្ក្រាប

 

(ភ្នំពេញ)៖ កម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក ) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការនៃ ( គ.ប.ផ.ក ) បានចុះអនុវត្តពាក្យបណ្តឹងរបស់ក្រុមហ៊ុន ឃាង ហួត អ៊ិនធើណេសិនណល ឯ.ក (ភេសជ្ជៈអ៊ីឈីតាន់ ប្រេងកូឡា ប្រេងខ្យល់រូបតាប៉ិ និងថ្នាំដុសធ្មេញសញ្ញាផ្កាឈូកពីរ)។ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដោយសហការជាមួយស្ថាប័នជំនាញ និងអាជ្ញាធរដែនដី សម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក វង្ស សាវ៉ាត ត្រួតពិនិត្យឆែកឆេរទីតាំងមួយកន្លែង ដែលមានអាស័យដ្ឋានលេខអេ១៨ ផ្លូវ០៦ បុរីពិភពថ្មីឈូកវ៉ា២  ក្នុងភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ទីតាំងនេះ មានម្ចាស់ឈ្មោះ សំ វ៉ាន់ឌឿន អាយុ៤០ឆ្នាំ ដោយបានរកឃើញនូវទំនិញពីរប្រភេទរបស់ក្រុមហ៊ុន ឃាង ហួត អ៊ិនធើណេសិនណល ឯ.ក ក្នុងនោះមានប្រេងកូឡារូបតាប៉ិ និងថ្នាំដុសធ្មេញផ្កាឈូកពីរ ដែលកំពុងធ្វើសកម្មភាពយកទំនិញទាំងពីរប្រភេទដែលជាផលិតផលក្រុមហ៊ុន បាននាំចូលពីប្រទេសថៃដោយស្របច្បាប់នោះ មកហែកសំបកវេចខ្ចប់ត្រឹមត្រូវចេញដើម្បីយករង្វាន់ ហើយយកសំបកក្លែងក្លាយមកវេចខ្ចប់ចូលវិញដើម្បីបន្លំភ្នែកប្រជាពលរដ្ឋ ដែលជាអតិថិជនធ្លាប់ទិញផលិតផលទាំងពីរមុខនេះយកទៅប្រើប្រាស់ ហើយតែងទទួលនូវរង្វាន់ជាទីគាប់ចិត្តពីក្រុមហ៊ុនផ្ទាល់ ដែលទង្វើរនេះ គឺជាការបោកប្រាស់ប្រជាពលរដ្ឋផង និងបោកប្រាស់ក្រុមហ៊ុនស្របច្បាប់ផង ដែលវាផ្ទុយនឹងច្បាប់ការប្រកួតប្រជែងមិនស្មោះត្រង់ លើពាណិជ្ជកម្មទំនិញ។នោះមានន័យថា យកផលិតផលរបស់គេដែលត្រឹមត្រូវស្របច្បាប់មកហែកយករង្វាន់ ហើយយកទៅដូរបានផលចំណេញតែឯង ធ្វើឲ្យខាតបង់យ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនស្របច្បាប់ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងបង់ពន្ធជូនរដ្ឋត្រឹមត្រូវ។


សកម្មភាពនេះហៅថា លួចវេចខ្ចប់ទំនិញត្រឹមត្រូវស្របច្បាប់ធ្វើឲ្យក្លាយទៅជាទំនិញក្លែងក្លាយ ធ្វើឲ្យក្រុមហ៊ុនដែលនាំចូលផ្តាច់មុខយកមកលក់ត្រឹមត្រូវត្រូវដួលរលំ និងខាតបង់ដល់ប្រជាពលរដ្ឋផង ដូច្នេះសូមប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងការទិញផលិតផលយកទៅប្រើប្រាស់ ចំណែកឯតំណាងចែកចាយទាំងឡាយណាដែលពាក់ព័ន្ធជាមួយជនសង្ស័យឈ្មោះ សំ វ៉ាន់ឌឿន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ ហើយបើត្រូវលក់ជាបន្តទៀតត្រូវតែទំនាក់ទំនងទៅក្រុមហ៊ុនស្របច្បាប់ទើបអាចគេចផុតអំពីការបោកប្រាស់ និងអាចគេចផុតពីទោសទណ្ឌទៀតផង។ក្រោយការរកឃើញ កម្លាំងបានរក្សាទុកប្រេងកូឡារូបតាប៉ិ ចំនួន៣០០កេស និងថ្នាំដុសធ្មេញសញ្ញាផ្កាឈូកពីរចំនួន៣២០ កេស នៅទីតាំងដែលបិទជាបណ្តោះអាសន្ននេះ។ ចំណែកឯជនសង្ស័យឈ្មោះ សំ វ៉ាន់ឌឿន ត្រូវព្រះរាជអាជ្ញារងលោក  វង្ស សាវ៉ាតបានឲ្យកម្លាំងនគរបាលយុត្តិធម៌ គ.ប.ផ.ក នាំយកទៅសាកសួរបំភ្លឺដើម្បីបន្តនីតិវិធីជាមួយស្ថាប័នតុលាការ។


ដោយឡែកទីតាំង ដែលឈ្មួញទុច្ចរឹតឈ្មោះ សំ វ៉ាន់ឌឿន បានសហការជាមួយរោងពុម្ព មួយកន្លែងនៅផ្លូវលេខ៣៦៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ដែលមានម្ចាស់ឈ្មោះ ម៉ាង ម៉េងហុង អាយុ៣៩ឆ្នាំ រួមផ្សំគំនិតបោះពុម្ពធ្វើសំបកវេចខ្ចប់ក្លែងក្លាយនេះមានរយៈពេល១ឆ្នាំមកហើយ ក៏ត្រូវបានកម្លាំង គ.ប.ផ.ក ចុះត្រួតពិនិត្យ និងឆែកឆេរជនដោយបានរកឃើញក្រដាសបោះពុម្ពសំបកវេចខ្ចប់ក្លែងបន្លំថ្នាំដុសធ្មេញសញ្ញាផ្កាឈូកពីរចំនួន២,៥០០សន្លឹក ស្មើនឹង១ម៉ឺនប្រអប់។ បច្ចុប្បន្នទីតាំងបោះពុម្ពនេះត្រូវបានបិទជាបណ្តោះអាសន្ន និងម្ចាស់ឈ្មោះ ម៉ាង ម៉េងហុង ត្រូវបានអញ្ជើញទៅសាកសួរដើម្បីបន្តនីតិវិធី។សូមបញ្ជាក់ថា គ.ប.ផ.ក ដែលមាននាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ( គ.ប.ផ.ក ) បានណែនាំឲ្យមន្ត្រីក្រោមឱវាទ ជាពិសេសលោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា ត្រូវតែយកចិត្តទុកដាក់ចាប់យកជនសង្ស័យដែលប្រព្រឹត្តនូវអំពើខាងលើដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការជាដាច់ខាត៕









No comments:

Post a Comment

Pages