ម្ចាស់បុរីវីល្លៀមនៅសង្កាត់ស្នោរ ខណ្ឌកំបូល សង់របងរំលោភយកផ្លូវ និងប្រឡាយសាធារណៈ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ម្ចាស់បុរីវីល្លៀមនៅសង្កាត់ស្នោរ ខណ្ឌកំបូល សង់របងរំលោភយកផ្លូវ និងប្រឡាយសាធារណៈ

 

(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌកំបូលនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះពិនិត្យ និងវាស់វែងជាក់ស្ដែងនូវទីតាំងដែលប្រជាពលរដ្ឋប្ដឹងថា ម្ចាស់បុរីវីល្លៀម នៅភូមិស្នោរលិច សង្កាត់ស្នោរ ខណ្ឌកំបូល បានចាក់ដី និងសង់របងរំលោភយកផ្លូវ និងប្រឡាយសាធារណៈ។ការចុះពិនិត្យ និងវាស់វែងនេះ ដឹកនាំដោយលោក គន់ ចាន់សុភារី និងមានការចូលរួមពីលោក ហេង សុផាន់ណា នាយករដ្ឋបាលខណ្ឌ, លោក ហាក់ អុីវលាង ប្រធានការិយាល័យនិតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន, លោក ប៉ុក បញ្ញាធិ ប្រធានការិយាល័យដែនដី នគរូបនីយកម្ម សំណង់ ភូមិបាលខណ្ឌ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀត។


ក្រោយពិនិត្យរកឃើញថា ម្ចាស់បុរីវីល្លៀម ពិតជាមានការរំលោភបំពានប្រឡាយសាធារណៈនោះមែន ប៉ុន្តែគណៈកម្មការបានធ្វើកំណត់ហេតុដើម្បីរាយការណ៍ជូនលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ព្រមទាំងរង់ចាំអញ្ជើញភាគីទំនាស់ទាំង២ ជួបដោះស្រាយគ្នានៅពេលក្រោយ។គួរជម្រាបថា ប្រជាពលរដ្ឋច្រើនគ្រួសារ រស់នៅភូមិស្នោរលិច សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានប្ដឹងម្ចាស់បុរីវីល្លៀម (Williams) ដោយអះអាងថា បានចាក់ដី និងសង់របងរំលោភយកផ្លូវ និងប្រឡាយសាធារណៈជាច្រើនរយម៉ែត្រ ស្ថិតនៅក្នុងភូមិខាងលើ ធ្វើជាកម្មសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន។


ប្រជាពលរដ្ឋបាននិយាយថា ប្រឡាយខាងលើមានតាំងពីបរមបុរាណមកពុំមែនទើបតែកើតឡើងក្នុងសម័យនេះនោះទេ ហើយពីមុនពួកគាត់បានប្រើប្រាស់ ក្នុងការនាំទឹកធ្វើស្រែចំការរាល់ឆ្នាំ ប៉ុន្តែឥឡូវអ្នកភូមិមួយចំនួន បានលក់ដីស្រែទៅឲ្យក្រុមហ៊ុនវីល្លៀម (Williams) ដើម្បីសង់បុរីផ្ទះល្វែង ឬវីឡាទៅហើយ។ អ្នកដែលមានដីស្ថិតនៅជាប់ប្រឡាយនេះ ប្រមាណជាង៥០គ្រួសារ ដែលកំពុងអាស្រ័យផលលើដីរបស់ខ្លួន ក៏បានពឹងផ្អែកលើប្រឡាយនេះដែរ តែត្រូវការគេរំលោភ។


មួយរយៈកន្លងមកនេះ ក្រុមហ៊ុនបុរីវីល្លៀម (Williams) បានចាក់ដី និងសង់របងព័ទ្ធយកប្រឡាយជាច្រើនរយម៉ែត្រ ព្រមទាំងសាងសង់ផ្ទះវីឡាតម្លៃជាង៧០ម៉ឺនដុល្លារ នៅលើប្រឡាយនោះតែម្ដង ដែលបានធ្វើឲ្យពួកគាត់ កើតទុកមិនសុខចិត្ត ហើយក៏បានដាក់ពាក្យប្ដឹងទៅកាន់សាលាខណ្ឌកំបូល។ដោយក្នុងនោះ សុំឲ្យរក្សាទុកប្រឡាយនេះជាសម្បត្តិសាធារណៈតរៀងទៅ និងសុំឲ្យអាជ្ញាធរខណ្ឌកំបូលជាជួយអន្តរាគមន៍ដោះស្រាយ និងឲ្យម្ចាស់បុរីវីល្លៀមនេះរុះរើសំណង់ចេញ ហើយយកដីប្រឡាយនេះទុកជាសម្បត្តិ សាធារណៈដូចដើមវិញ៕

















No comments:

Post a Comment

Pages