ខេត្តបាត់ដំបង៖ទីតាំងល្បែងអនឡាញបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា បានកើតមានស្ទើរតែគ្រប់ទីកន្លែង ក្នុងក្រុងបាត់ដំបង ជាពិសេសគឺទីតាំងបនល្បែង០២កន្លែង ភ្នាល់ចាក់បាល់ ហ្គេមស្លុត និងប្រភេទល្បែងផ្សេងៗទៀត។ ទីតាំងទី០១ ស្ថិតនៅផ្ទះល្វែងគ្មានលេខ ទល់មុខសណ្ឋាគារ L.A ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ និងទីតាំងទី០២ ផ្ទះគ្មានលេខ ក្បែរផ្ទះសំណាក់ ហូលីដេ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នេះបើយោងតាមប្រភព ដែលបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ទើបទទួលបាន នៅថ្ងៃអាទិត្យទី១៣ ខែសីហា ឆ្នាំ២០២៣នេះ។
ប្រភពបានលើកឡើងថា ល្បែងសុីសងដ៏ពេញនិយមនេះ គេមានលេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗ ហើយអ្នកដែលបានចូលទៅលេងទីនោះ ភាគច្រើនគឺជាក្មេងស្ទាវ សុទ្ធតែមានសមាសភាពមិនល្អ និងគ្មានមុខរបរអ្វី ឲ្យពិតប្រាកដនោះទេ ។ហើយបើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដូចជាវែកចកអញ្ចឹង។ បើតាមប្រភពខ្លះថាសង្ស័យអាជ្ញាធរ គេទុកតាមរបៀប ត្រីចង្វាចិញ្ចឹមត្រីឆ្តោ។
ចំពោះបញ្ហានេះ លោកពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានប្រាប់មកបណ្ដាញសារព័ត៌មានពេញចិត្តមេឌាឲ្យដឹងថា ចំពោះទីតាំងល្បែងស៊ីសងខាងលើ លោកមិនបានដឹងនោះទេ ចាំលោកឱ្យសមត្ថកិច្ចប៉ុស្តិ៍ចុះទៅត្រួតពិនិត្យមើល។
គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ<<ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព>>ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ដូច្នេះប្រសិនបើមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេគឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធ ដើម្បីលាភសក្ការៈ ដាក់ហោប៉ៅ រាងខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ៕
No comments:
Post a Comment