បែកធ្លាយ មន្ត្រីនគរបាលចរាចរក្រុងភ្នំពេញជាច្រើននាក់ ត្រូវបានឃាត់ខ្លួនដើម្បីសួរនាំ ករណីកំហែងយកប្រាក់ពីជនជាតិចិននៅស្ដុបវត្តស្លែង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បែកធ្លាយ មន្ត្រីនគរបាលចរាចរក្រុងភ្នំពេញជាច្រើននាក់ ត្រូវបានឃាត់ខ្លួនដើម្បីសួរនាំ ករណីកំហែងយកប្រាក់ពីជនជាតិចិននៅស្ដុបវត្តស្លែង

 


ភ្នំពេញៈយោងតាមប្រភព បែកធ្លាយព័ត៌មាន ករណី មន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាចំនួន៩រូប ត្រូវបានឃាត់ខ្លួនរយៈពេល២ថ្ងៃដើម្បីសួរនាំ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងភ្នំពេញតាមបញ្ជាឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិកាលពីសប្តាហ៍មុនយ៉ាងស្ងៀមស្ងាត់ បន្ទាប់ពីមានបណ្តឹងពីស្ថានទូតចិន ករណីកំហែងយកប្រាក់លើជនជាតិចិនម្នាក់ដែលបើកបរល្មើសច្បាប់ចរាចរណ៍ នៅម្តុំវត្តស្លែង ខណ្ឌដង្កោ។


គិតត្រឹមល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ មន្ត្រីនគរបាលនៃការិយាល័យចរាចរណ៍ក្រុង និងមន្ត្រីជាប់កិច្ចសន្យាចំនួន៦រូប ត្រូវបានដោះលែងវិញហើយ ឯមន្ត្រី៣រូបទៀតដែលជាប់ពាក់ព័ន្ធនឹងអំពើកំហែងយកប្រាក់ ត្រូវបានលោក ស ថេត ស្នងការនគរបាលក្រុងភ្នំពេញសម្រេចឲ្យផ្អាកពីការងារបណ្តោះអាសន្ន និងបង្គាប់ឲ្យបង្ហាញមុខរៀងរាល់ម៉ោងធ្វើការ នៅនគរបាលតម្រួតបទបញ្ជាក្រុងភ្នំពេញ រង់ចាំការសម្រេចជាថ្មី។


បើយោងតាមលិខិតបង្គាប់ការលេខ០៤៨ លបក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ របស់ស្នងការការនគរបាលរាជធានីភ្នំពេញ បង្គាប់ឲ្យផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលចំនួន៣នាក់ ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដោយមូលហេតុ “កំហែងយកប្រាក់” ពីអ្នកបើកបរជនជាតិចិន ម្នាក់ដោយមិនបានបញ្ជាក់ថា មន្ត្រីទាំងនោះកំហែងយកប្រាក់ពីជនជាតិចិនដែលល្មើសច្បាប់ចរាចរណ៍ចំនួនប៉ុន្មានឡើយ។ មន្ត្រីនគរបាលទាំង៣រូបនោះរួមមានៈ ១/ លោកអនុសេនីយ៍ឯក សុខ គឹមលី អត្តលេខ ៨០០៨០ ឋានៈ នាយរងផ្នែក។

២/ លោកអនុសេនីយ៍ឯក សួន ផាន់ណា អត្តលេខ ៨៦៤២៩ ឋានៈ នាយរងផ្នែក។

៣/ លោកអនុសេនីយ៍ឯក លន លីហូវ អត្តលេខ ៨៩៧៣៧ ឋានៈមន្ត្រី។បើតាមប្រភពបែកធ្លាយបានឲ្យដឹងថា ព័ត៌មានដ៏រសើបនេះ ត្រូវបានគេព្យាយាមបិតបាំងយ៉ាងខ្លាំងក្លា ដោយសារវាបានប៉ះពាល់យ៉ាងធ្ងន់ធ្ធរដល់កិត្តិយសកងកម្លាំងនគរបាលជាតិ ជាពិសេស វាបានធ្វើឲ្យជនបរទេសដែលមកធ្វើការវិនិយោគនៅកម្ពុជា មានការភ័យខ្លាច ចំពោះការអនុវត្តន៍ច្បាប់របស់មន្ត្រីនគរបាលចរាចរផ្លូវគោកនៅក្រុងភ្នំពេញផងដែរ។


ប្រភពបែកធ្លាយបានឲ្យដឹងថា កាលពីសប្តាហ៍មុន មានជនជាតិចិនម្នាក់ជិះរថយន្តដឹកស្ត្រីជនជាតិចិនម្នាក់ជាប្រពន្ធ ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ប៉ុន្តែខណៈពេលធ្វើដំណើរមកដល់ស្តុបវត្តស្លែង ក៏ត្រូវបានមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅនោះឃាត់រថយន្តសួរនាំរកលិខិតស្នាម ដោយសារល្មើសច្បាប់ចរាចរណ៍។ ពេលនោះដោយសារខ្លាចជូនប្រពន្ឋឡើងយន្តហោះមិនទាន់ ជនជាតិចិនជាអ្នកបើកបររូបនោះ ក៏សុំសម្រួលឲ្យលុយចាប់ពី១រយដុល្លារអាមេរិក ដល់៣រយដុល្លារ ទៅក្រុមនគរបាលចរាចរ ដែលប្រចាំការនៅគោលដៅវត្តស្លែងនោះ ប៉ុន្តែមិនទទួលបានការយល់ព្រមពីមន្ត្រីនគរបាលឡើយ។ ខណៈនោះជនជាតិចិនរូបនោះក៏សម្រេចចិត្តសុំតម្កល់លុយចំនួន១មុឺនដុល្លារទុកនៅមន្ត្រីនគរបាលដែលប្រចាំការនៅទីនោះ ដោយសុំជូនប្រពន្ធឡើងយន្តហោះសិន ទើបត្រលប់មកដោះស្រាយគ្នាតាមផ្លូវច្បាប់វិញ។


ប៉ុន្តែពេលត្រលប់មកពីព្រលានយន្តហោះ ដល់គោលដៅស្តុបវត្តស្លែងវិញ ស្រាប់បាត់អស់មន្ត្រីនគរបាលចរាចរពីកន្លែងកើតហេតុមិនដឹងរើទៅទីណា ទើបមានការឆោឡោប្តឹងទៅអគ្គស្ថានទូតចិនប្រចាំនៅកម្ពុជាសុំការជួយអន្តរាគមន៍រកយុត្តិធម៌។ ឯស្ថានទូតចិនក៏សុំអន្តរគមន៍បន្តទៅអគ្គស្នងការនគរបាលជាតិ ទើបមានបទបញ្ជាពីឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឲ្យស្នងការរាជធានីភ្នំពេញលោក ស ថេត បើកការស៊ើបអង្កេតភ្លាមៗដែរ ឈានដល់ការឃាត់ខ្លួនមន្ត្រីនគរបាលចរាចរ និងមន្ត្រីកិច្ចសន្យាចំនួន៩នាក់ រយៈពេល២ថ្ងៃដើម្បីស្រាវជ្រាវរកការពិត។ ប៉ុន្តែមានតែមន្ត្រីនគរបាលចរាចរចំនួន៣នាក់ប៉ុណ្ណោះ ដែលជាប់ពាក់ព័ន្ធនឹងបទកំហែងយក។


បើតាមការឲ្យដឹងពីប្រភពផ្ទៃក្នុងនៃមន្ត្រីស្នងការរាជធានីភ្នំពេញសុំមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថា ទីតាំងអនុវត្តច្បាប់ចរាចរណ៍គោលដៅស្តុបវត្តស្លែងនេះ ជាគោលដៅខុសច្បាប់ មិនមានក្នុងបទបញ្ជារបស់លោកស្នងការនគរបាលក្រុងឡើយ គឺលួចដាក់គោលដៅខុសច្បាប់តែម្តង ដើម្បីស្វែងរកប្រយោជន៍ពីផ្លូវសាធារណៈ ចែកគ្នាតែប៉ុណ្ណោះ។ កន្លងមកលោក សាន សុខសីហា ប្រធានក្រុមជំនួយ និងជាអ្នកនាំពាក្យស្នងការនគរបាលក្រុងភ្នំពេញ ដ៏មហាមានអំណាច ជាបុគ្គលល្បីឈ្មោះយ៉ាងរន្ទឺខ្ទរខ្ទាជាងគេ ខាងចាត់ចែងគោលដៅឲ្យមន្ត្រីនគរបាលចរាចរឈរជើងតាមគោលដៅទាំងអស់ចុះអនុវត្តច្បាប់ ហើយក៏ល្បីខាងបង្កើតបក្ខពួក ដាក់មនុស្សរបស់ខ្លួនឲ្យប្រមូលកញ្ចប់ប្រចាំថ្ងៃយ៉ាងក្រាស់ក្រែលពីគោដៅទាំងនោះផងដែរ។ 


ជាក់ស្តែងកន្លងមកសារព័ត៌មានក្នុងស្រុកមួយចំនួនបានចេញផ្សាយពីការអនុវត្តច្បាប់មិនប្រក្រតីជាច្រើនរបស់មន្ត្រីនគរបាលក្រុងភ្នំពេញជាពិសេសករណីបិទស្លាកឡូហ្គោ GM លើកញ្ចក់រថយន្តរាប់មុឺនគ្រឿង ដោយតម្រូវបង់លុយឲ្យមនុស្សមួយក្រុមដ៏មានអំណាចជាប្រចាំខែ ចាប់ពីតម្លៃ៤០ ដល់៦០ដុល្លា ដើម្បីឲ្យរថយន្តធំៗដឹកទំនិញគ្រប់ប្រភេទ រថយន្តដឹកដី រថយន្តសាំងយ៉ុង ដែលដឹកល្មើសច្បាប់ មានសិទ្ធិអំណាចអាចចេញចូលក្រុងភ្នំពេញដោយសេរី មិនចាំបាច់រង់ចាំពេលវេលាតាមការកំណត់របស់សាលាក្រុងភ្នំពេញ ហើយមន្ត្រីនគរបាលចរាចរក្នុងក្រុងក៏មិនហ៊ានហាមឃាត់ ឬផាកពិន័យអ្វីឡើយ។


ពាក់ព័ន្ធនឹងការឃាត់ខ្លួនមន្ត្រីនគរបាលចំណុះការិយាល័យចរាចរណ៍ដើម្បីស្រាវជ្រាវស៊ើបអង្កេតលើករណីកំហែងយកប្រាក់ពីជនជាតិចិននេះ លោក ដេ ម៉ៅ ប្រធានការិយាល័យនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានឆ្លើយតបនឹង បាយ៉ង់ថាមស៍ ហាក់ដូចគ្មានការទទួលខុសត្រូវ និងខំបិទបាំងថា លោកពុំបានដឹងរឿងហ្នឹងសោះ…។ បើសិនជាមានការកោះហៅកូនចៅលោកមែននោះគេនឹងត្រូវមានលិខិតបញ្ជាក់ប្រាប់លោកមុន ប៉ុន្តែលោកនឹងតាមដានរឿងនេះបន្តទៀត…។ចំណែកលោក សាន សុខសីហា ប្រធានក្រុមជំនួយការ និងជាអ្នកនាំពាក្យស្នងការក្រុងភ្នំពេញ មិនអាចស្វែងរកការឆ្លើយតបបានឡើយ ដោយទូរស័ព្ទលេខ ០១៧ ៩៩៨០០៧ ជាប់រវល់រហូត។


គួរបញ្ជាក់ថា អគ្គស្នងការនគរបាលជាតិ ធ្លាប់សួររកមុខមន្ត្រីនគរជើងខ្លាំងល្បីឈ្មោះម្នាក់បម្រើការនៅ ស្នងការដ្ឋានរាជធានីភ្នំពេញ ដោយព្រមានចំមុខថា “លោកនាំតែពាក្យបានហើយ សូមកុំនាំរឿង”។ មន្ត្រីនគរបាល ដ៏មានឥទ្ធិពលនេះហើយ ដែលជាអ្នកបង្កើតគោលដៅស្ដុបថ្មីៗឱ្យនគរបាលចរាចរណ៍ ឈរជើងនៅតាមជាយក្រុងភ្នំពេញ។ ករណីដ៏រស៊ើបខាងលើនេះ ត្រូវបានគេព្យាយាមបិទបាំងមិនឱ្យប្រព័ន្ធផ្សាព្វផ្សាយដឹងនោះទេ៕


No comments:

Post a Comment

Pages