ខេត្តកំពង់ចាម ៖ បើគិតរហូតមកដល់ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣នេះ ស្ត្រីម្នាក់ដែលមានឈ្មោះ លឹម ធីតា អាយុ៥៥ឆ្នាំ រស់នៅភូមិកំប្លាក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ គឺមិនមានវត្តមានលក់បាយស្រូបនៅមុខផ្ទះទៀតនោះទេ ហើយអ្នកស្រុកក៏អស់ជំនឿទៅលើរូបគាត់ផងដែរ។ មូលហេតុ ព្រោះតែការប្រើប្រាស់ទឹកមិនស្អាត ទឹកម្ទេសធ្វើខ្លួនឯងគ្មានស្លាកយីហោ ថែមទាំងមានមេរោគក្នុងទឹកម្ទេសបង្កឱ្យប៉ះពាល់សុខភាព និងសម្ភារៈលក់ដូរទុកចោលនៅក្នុងរោងមិនបានសម្អាតត្រឹមត្រូវទៀតផង។ នេះបើតាមការអះអាងរបស់កម្លាំងសមត្ថកិច្ចនៅមូលដ្ឋានបានអះអាងប្រាប់ឱ្យដឹងបែបនេះ។
បើតាមសមត្ថកិច្ចនៅមូលដ្ឋាន ប្រាប់ឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីចំនួន១៥នាក់ បានពុលបាយស្រូប បណ្ដាលឱ្យមានអាការៈ រាគរុស ក្អួតចង្អោរបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចជំនាញសុខាភិបាល ព្រមទាំងស្ថាប័នជំនាញផ្សេងទៀត ចុះទៅពិនិត្យដល់ទីតាំងកើតហេតុ ដែលមានចម្ងាយប្រមាណ៣០ម៉ែត្រពីផ្ទះរបស់អ្នកលក់នោះតែម្ដង។សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា ចំពោះបាយស្រូបស្ត្រីខាងលើ គឺលក់ឱ្យអ្នកភូមិមួយប្រអប់តម្លៃ១០០០ទៅ១៥០០រៀល ហើយអ្នកស្រុកក៏នាំគ្នាមកទិញហូបជាហូរហែអស់ជាច្រើនឆ្នាំមកហើយ មិនដែលមានបញ្ហាណាមួយកើតឡើងនោះទេ។
ប៉ុន្តែមួយរយៈចុងក្រោយនេះ ដោយសារតែការមិនយកចិត្តទុកដាក់ទៅលើកត្តាអនាម័យ ហើយបានប្រមូលទឹកម្ទេស និងសម្ភារៈផ្សេងៗដាក់នៅក្នុងរោងទុកចោល លុះពេលព្រឹកព្រលឹមទើបទៅរៀបចំលក់ដូចសព្វមួយដងវិញ ជាហេតុបណ្ដាលឱ្យមានមេរោគ ទើបបណ្ដាលឱ្យប្រជាពលរដ្ឋដែលមកទិញបាយស្រូបយកទៅទទួលទានមានអាការៈពុលតែម្ដង។គួររំលឹកថា កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ មានក្មេងចាស់ប្រុសស្រីបាននាំគ្នាមកទិញបាយស្រូបដាក់ប្រអប់យកទៅទទួលទាននៅផ្ទះរបស់ខ្លួន បន្ទាប់ពីហូបរួច លុះវេលាម៉ោង៩ព្រឹក ស្រាប់តែមានអាការៈមិនស្រួលខ្លួន ដោយអ្នកខ្លះក្អួតចង្អោរ រាគរូស ហើយត្រូវបានគេសន្និដ្ឋានថា អាចបណ្ដាលមកពីការទទួលទានបាយស្រូប នៅចំណុចភូមិកំផ្លាក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ បណ្ដាលឱ្យមានមនុស្សចំនួន១៥នាក់ ក្នុងនោះស្រី០៤នាក់ មានអាការៈ ក្អួត ឈឺពោះ និងរាគរូស។
ជនរងគ្រោះទាំង១៥នាក់ខាងលើនេះ រួមមាន ៖ ១-ឈ្មោះ ភារម្យ សុវណ្ណ ភេទប្រុស អាយុ៥ឆ្នាំ, ២-ឈ្មោះ យ៉េម រតនា ភេទប្រុស អាយុ៧ឆ្នាំ, ៣- ឈ្មោះ យ៉ាប់ ពេជ្រ ភេទប្រុស អាយុ១០ឆ្នាំ, ៤-ឈ្មោះ នីន តេងហ៊ុយ ភេទប្រុស អាយុ១១ឆ្នាំ, ៥-ឈ្មោះ នីន ប៉េងហុង ភេទប្រុស អាយុ៥ឆ្នាំ, ៦-ឈ្មោះ ឃាង សុខនាង ភេទប្រុស អាយុ០១ឆ្នាំ, ៧-ឈ្មោះឃាង សុខគា ភេទប្រុស អាយុ៥ឆ្នាំ, ៨- ឈ្មោះ ម៉ោង សុខលាភ ភេទស្រី អាយុ១៥ឆ្នាំ, ៩- ឈ្មោះ នឿន សំណាង ភេទស្រី អាយុ៤ឆ្នាំ, ១០-ឈ្មោះ នឿន ស៊ីណាត ភេទប្រុស អាយុ៣ឆ្នាំ, ១១-ឈ្មោះ ធី ថន ភេទប្រុស អាយុ១៧ឆ្នាំ, ១២-ឈ្មោះ ថន ណារី ភេទស្រី អាយុ៥៥ឆ្នាំ (ជនរងគ្រោះទាំង១២នេះ គឺរស់នៅភូមិកំផ្លាក), ១៣-ឈ្មោះ រ៉េត ណារ៉ាក់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិបន្ទាយ, ១៤- សៀត សុខណា ភេទស្រី អាយុ១០ឆ្នាំ នៅភូមិកំផ្លាក និង១៥-ឈ្មោះ ស៊ុ វណ្ណា ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិកំផ្លាក។ជនរងគ្រោះទាំង១៥នាក់ខាងលើនេះ បានទៅទិញបាយស្រូប (សាច់មាន់) ពីអ្នកលក់ឈ្មោះ លីម ធីតា ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិឃុំជាមួយគ្នា បណ្ដាលឱ្យមានអាការៈ ក្អួត រាគរុស ស្លេកស្លាំង ឈឺពោះ ហើយត្រូវបានខាងមណ្ឌលសុខភាពឃុំ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ និងសម្រាកនៅមណ្ឌលសុខភាពឃុំបារាយណ៍។
គួររំលឹកទៀតថា លុះរហូតវេលាម៉ោង៤រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ពលរដ្ឋក្មេងចាស់ប្រុសស្រីចំនួន១៤នាក់ដែលពុលបាយស្រូប មានអាការៈក្អួតចង្អោរ រាគរុសនោះ បាននាំគ្នាធ្វើដំណើរត្រឡប់មកផ្ទះវិញហើយ នៅសល់តែបុរសម្នាក់ទី១៥ ដែលមានអាយុ៦០ឆ្នាំ កំពុងតែសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ព្រោះតែគាត់មានអាការៈជំងឺប្រចាំកាយ នៅមិនទាន់មានកម្លាំងមាំមួននោះទេ ហើយក្រុមគ្រូពេទ្យកំពុងតែបន្តតាមដានសុខភាព។
ហើយចំពោះមូលហេតុនៃការពុលបាយស្រូបនេះ តាមរយៈមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញ បានឱ្យដឹងថា គឺបណ្ដាលមកពីស្ត្រីអ្នកលក់ដូរប្រើប្រាស់ទឹកមិនស្អាត ទឹកម្ទេសធ្វើខ្លួនឯងគ្មានស្លាកយីហោ ព្រមទាំងមានមេរោគនៅក្នុងនោះទៀតផង បង្កឱ្យមានផលប៉ះពាល់សុខភាពរបស់អ្នកបរិភោគ ថែមទាំងអនាម័យមិនល្អ ព្រោះទាំងទឹកម្ទេស និងសម្ភារៈលក់ដូរផ្សេងៗ ទុកចោលនៅក្នុងរោងមិនបានសម្អាតត្រឹមត្រូវ។
No comments:
Post a Comment